ព័ត៌មាន
កម្ពុជាបន្តតវ៉ាយ៉ាងខ្លាំងក្លាបំផុតប្រឆាំងនឹងការរំលោភបំពានរបស់ថៃដោយខុសច្បាប់លើទឹកដីកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តការតវ៉ាយ៉ាងខ្លាំងក្លាបំផុតប្រឆាំងនឹងការបន្តឈរជើង និងកាន់កាប់ជាក់ស្តែងដោយកងកម្លាំងយោធាថៃលើទឹកដីកម្ពុជា។ នេះបើតាមការបញ្ជាក់ជាថ្មីរបស់ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៦នេះ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា មកទល់ពេលនេះយោធាថៃ បន្តសកម្មភាពគឃ្លើន ប្រឆាំងនឹងអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានៅតំបន់មួយចំនួន តាមបណ្តោយព្រំដែន ក្រោយពីការចូលជាធរមាននៃកិច្ចព្រមព្រៀងឈប់បាញ់ ដែលត្រូវបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា គូសបញ្ជាក់ឡើងវិញ អំពីជំហរដ៏ម៉ឺងម៉ាត់ និងច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជា ដោយមធ្យោបាយសន្តិវិធី និងផ្អែកលើនយោបាយការទូត និងច្បាប់អន្តរជាតិ។ ចំពោះទង្វើល្មើសច្បាប់ជាដដែលរបស់យោធាថៃនេះ អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាយ៉ាងខ្លាំងក្លាបំផុតប្រឆាំងនឹងការរំលោភបំពានរបស់ថៃ ហើយបានបន្តឈរជើង និងកាន់កាប់ដោយខុសច្បាប់ប្រតិបត្តិការយោធារបស់កងកម្លាំងប្រដាប់អាវុធថៃ នៅខេត្តទាំងបួនរបស់កម្ពុជា។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក និងសូមបញ្ជាក់ជូនដែរថា កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕



-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
កីឡា7 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន3 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ