Connect with us

ព័ត៌មាន

ឯកឧត្ដម ហ៊ុន ម៉ានី៖ «ចងចាំ និងដឹងគុណជានិច្ចគុណូបការៈថ្ងៃរំដោះ ៧មករា!»

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ក្រោយ​ប្រទេសជាតិ​បានរំដោះនៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩ យើងបានរស់រានមានជីវិតសារជាថ្មី ជួប​ជុំ​ក្រុម​គ្រួសារ និង​ទទួលបានមកវិញនូវសិទ្ធិសេរីភាពពេញលេញ។ ចងចាំ និង​ដឹង​គុណ​ជា​និច្ច​គុណូបការៈថ្ងៃរំដោះ ៧មករា!។

តាមរយៈបណ្ដាញសង្គមនាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា ចងចាំ និង​ដឹង​គុណ​ជា​និច្ច​គុណូបការៈថ្ងៃរំដោះ ៧មករា! រយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ ប្រជាជនខ្មែរ រួម​ទាំង​កុមារ​តូច​ៗ​ត្រូវ​រស់​នៅ​ក្រោម​ការ​បង្ខិត​បង្ខំ​ឱ្យ​ធ្វើ​ការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក អាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មាន​សាលា​រៀន គ្មានវត្តអារាម និងគ្មានសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋមិនមានឡើយ។ ជាង​នេះទៅ​ទៀត​ ប្រជាជនស្លូតត្រង់ ជាង ៣លាន នាក់ បានស្លាប់យ៉ា​ង​អយុត្តិ​ធម៌​ដោយ​សារ​របប​ប្រល័យ​ពូជ​សាសន៍។

ឯកឧត្ដមបន្តថា ក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩ យើង​បាន​រស់​រាន​មាន​ជីវិត​សារជាថ្មី ជួបជុំក្រុមគ្រួសារ និងក៏ជាថ្ងៃ​ដែល​យើង​ទទួល​បាន​មក​វិញ​នូវ​សិទ្ធិ​សេរី​ភាព​ពេញ​លេញ​។

ដោយយល់ច្បាស់ពីពលិកម្មមិនអាចកាត់ថ្លៃបានរបស់យុវជនជំនាន់មុនក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនជាតិ និងមាតុភូមិ យុវជនជំនាន់ក្រោយចងចាំ ជានិច្ច និង​បេ្តជ្ញា​យ៉ាង​មោះ​មុត​ក្នុង​ការ​កា​រ​ពារ​ឱ្យបានដាច់ខាតនូវភាពសុខដុមរមនា បូរណភាពទឹកដី និងអធិបតេយ្យ​ភាព​ជាតិ​យើង​បន្ត​ទៅ​ថ្ងៃ​អនាគត ហើយសូមឱ្យស្មារតី៧មករា ស្ថិតនៅក្នុងក្រឳបេះដូងប្រជាពលរដ្ឋគ្រប់ៗរូប និង​ជា​និមិត្ត​រូប​នៃ​សាមគ្គីជាតិ និងមហាគ្រួសារខ្មែរជាអមតៈ ក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍។

ឆ្លៀតក្នុងឱកាសនេះផងដែរ ​ឯកឧត្ដម​សូម​ធ្វើ​ការ​គោរព​ដឹង​គុណ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ជូន​ចំពោះ​វីរ​យុទ្ធជន​ យុទ្ធនារីក្លាហានគ្រប់រូបដែលបានបូជាជីវិត លះបង់សាច់ស្រស់ ឈាមស្រស់ក្នុងសមរភូមិ ដើម្បី​​ការពារអធិបតេយ្យ បូរណភាពដែនដី និងការពារ​សន្តិភាព​ជូន​ជាតិ​មាតុ​ភូមិ​ទាំង​ក្នុង​អតីត​កាល និងបច្ចុប្បន្ននេះ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia