ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖«ដើម្បីជាតិរីកចម្រើនបានចាំបាច់តម្រូវមានការចូលរួមពីមន្ត្រីរាជការ និងភាគីពាក់ព័ន្ធទាំងអស់»
ភ្នំពេញ៖ «ដើម្បីជាតិរីកចម្រើនបានចាំបាច់តម្រូវមានការចូលរួមពីមន្ត្រីរាជការ និងភាគីពាក់ព័ន្ធទាំងអស់។ ហេតុនេះ មន្ត្រីរាជការគ្រប់រូបត្រូវយល់ថា រាល់តួនាទីភារកិច្ចដែលខ្លួនបំពេញសុទ្ធសឹងតែបានរួមចំណែកក្នុងការអភិវឌ្ឍជាតិរបស់ខ្លួន ជាពិសេសរួមគ្នា ដើម្បីសម្រេចបាននូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ»។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
ក្នុងឱកាសធ្វើបាឋកថាស្តីពី «ឧត្តមភាពមន្ត្រី» ជូនគណៈគ្រប់គ្រង និងមន្ត្រីរាជការ ព្រមទាំងសិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិអប់រំ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានថ្លែងថា សាលាភូមិន្ទរដ្ឋបាល បានដើរតួយ៉ាងសំខាន់ណាស់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដែលពោរពេញដោយសមត្ថភាព និងពង្រាយឱ្យទៅបម្រើការងារនៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើសពីនេះបន្ថែមទៀត បានបណ្តុះបណ្តាលមន្ត្រី ដែលកំពុងបំពេញការងារនៅតាមស្ថាប័នថ្នាក់ជាតិផងដែរ។ ផ្អែកទៅលើភាពចាំបាច់ ក្នុងការបណ្តុះឆន្ទៈ មនសិការ និងស្មារតីស្នេហាជាតិរបស់មន្ត្រីរាជការ ក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានសម្រេចបន្ថែមមុខវិជ្ជា «ឧត្តមភាពមន្ត្រីរាជការ» ក្នុងវគ្គបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល ដោយចាប់ផ្តើមការអនុវត្តក្នុងកម្មវិធីសិក្សារបស់សិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ ដែលបានជ្រើសរើសតាមបទដ្ឋាននិយាមនីតិប្រតិបត្តិថ្មី។
ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ឧត្តមភាពមន្ត្រីរាជការ សំដៅលើសមត្ថភាព ឆន្ទៈ មនសិការ សុចរិតភាព និងឧត្តមគតិល្អរបស់មន្ត្រីរាជការ ដែលយល់ច្បាស់ពីបុព្វហេតុក្នុងការក្លាយទៅជាមន្ត្រី និងការរៀបចំឥរិយាបថ ឱ្យក្លាយទៅជាមន្ត្រីគំរូ ដើម្បីបម្រើផលប្រយោជន៍ដល់អង្គភាព ស្ថាប័នសាធារណៈ និងសង្គតិភាព ជាពិសេសការផ្សារភ្ជាប់ឧត្តមគតិរបស់មន្ត្រី និងទស្សនៈសង្គមជាតិ និងក្នុងគោលដៅលើកកម្ពស់វិបុលភាពសង្គម។ ភាពចាំបាច់ដែលត្រូវបញ្ចូលមុខវិជ្ជា ឧត្តមភាពមន្ត្រីរាជការស៊ីវិលនេះ ឬឥរិយាបថ លក្ខណៈសម្បត្តិជាមន្ត្រីរាជការ ក្នុងការតម្កល់ទុកផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនជាចំបងនេះ មានក្នុងខ្លួនមន្ត្រីរាជការគ្រប់រូប។
ឯកឧត្តម ក៏បានចែកធាតុផ្សំនៃឧត្តមភាពមន្ត្រីរាជការជា ៣កម្រិតរួមមាន៖ កម្រិតទី១ កម្រិតបុគ្គល គឺយល់ច្បាស់ពីបុព្វហេតុក្នុងការក្លាយជាមន្ត្រី ដឹងពីកាតព្វកិច្ច សិទ្ធិ និងអត្ថប្រយោជន៍មន្ត្រីរាជការ ដោយប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួន។ ត្រូវពង្រឹងសមត្ថភាពតាមជំនាញ អនុវត្តវិជ្ជាជីវៈ និងគោរពប្រតិបត្តិក្រមសីលធម៌ ឱ្យបានត្រឹមត្រូវ ជាពិសេសច្បាប់ និងលិខិតបទដ្ឋាននានា។ កម្រិតទី២ កម្រិតស្ថាប័ន គឺការសមាហរណកម្មខ្លួនទៅក្នុងអង្គភាព ដែលខ្លួនបំពេញការងារ ដោយយល់ច្បាស់ពីវប្បធម៌ការងារ និងបេសកកម្មនៃស្ថាប័នខ្លួន ហើយចូលរួមបំពេញការងារឱ្យឆ្លើយតបតាមផែនការស្ថាប័នឱ្យបានខ្ជាប់ខ្ជួន។ កម្រិតទី៣ កម្រិតជាតិ គឺត្រូវបម្រើប្រយោជន៍សាធារណៈ និងផ្សារភ្ជាប់បេសកកម្ម និងឧត្តមគតិរបស់ខ្លួនជាមួយនឹងជាតិ។
ឯកឧត្តមបានបន្ថែមថា “ក្នុងន័យសាមញ្ញ ដើម្បីជាតិរីកចម្រើនបាន ចាំបាច់តម្រូវមានការចូលរួមពីមន្ត្រីរាជការ និងភាគីពាក់ព័ន្ធទាំងអស់។ ហេតុនេះ មន្ត្រីរាជការគ្រប់រូប ត្រូវយល់ថារាល់តួនាទីភារកិច្ចដែលខ្លួនបំពេញសុទ្ធសឹងតែបានរួមចំណែកក្នុងការអភិវឌ្ឍជាតិរបស់ខ្លួន ជាពិសេសយើងរួមគ្នា ដើម្បីសម្រេចបាននូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយ ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ និងសម្រេចបាននូវអ្វីដែលយើងបានឯកភាព និងជឿជាក់ថាជា «ឧត្តមភាពមន្ត្រីរាជការ»។ ឆ្លើយតបនៃខ្លឹមសារទស្សនាទានទាំង ៣កម្រិតបាន មន្ត្រីគ្រប់រូបត្រូវស្វែងយល់ ឱ្យបាននូវធាតុផ្សំនៃឧត្តមភាពមន្ត្រីរាជការ ដែលមានសមាសធាតុ ចំនួន៥ គឺ៖ (១)បុព្វហេតុនៃការក្លាយជាមន្ត្រី, (២)កាតព្វកិច្ច និងសិទ្ធិ ព្រមទាំងអត្ថប្រយោជន៍មន្ត្រីរាជការ, (៣)សមត្ថភាព និងស្តង់ដាវិជ្ជាជីវៈ និងក្រមសីលធម៌ជាមន្ត្រីរាជការ, (៤)វប្បធម៌ការងារស្ថាប័នសាធារណៈ និង (៥)ការផ្សារភ្ជាប់ឧត្តមគតិនៃមន្ត្រីរាជការទៅនឹងទស្សនៈរបស់សង្គមជាតិ។”
ជាការសំណូមពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សូមឱ្យសិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ ដែលជាសិក្ខាកាម ទទួលផ្សព្វផ្សាយ និងឱ្យតម្លៃទៅលើពាក្យ «ឧត្តមភាពមន្ត្រីរាជការ» ដែលផ្សារភ្ជាប់នឹងអំពើល្អ សុចរិតភាព ការបម្រើប្រទេសជាតិ និងប្រជាជនដោយស្មោះត្រង់ និងមានកិត្តិយស៕










-
ព័ត៌មាន6 days agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS7 days agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន4 days agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
កីឡា1 week agoជើងឯកថ្នាក់ជាតិកីឡាគុនល្បុក្កតោ ជាការជួបជុំរបស់អ្នកជំនាន់ក្រោយបន្តកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនព្រលឹងវប្បធម៌ខ្មែរ
-
ព័ត៌មាន1 week agoការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្តេច
-
ព័ត៌មាន3 days agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន5 days agoរដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តលើកទី១២ នៃមន្ទីរពេទ្យកាល់ម៉ែត
-
ព័ត៌មាន3 days agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា