Connect with us

ព័ត៌មាន

សម្តេចធិបតី៖ កម្ពុជាយកឆ្នាំ២០២៩ ចាកចេញពីប្រទេស LDC ព្រោះ «អត់ចង់ត្រឹមល្អមើលតែអត់ល្អស៊ី»

នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងពិធីបើកវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា ឆ្នាំ២០២៦ (CIBIF 2026) នៅកោះពេជ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានពន្យល់ពីមូលហេតុដែលរាជរដ្ឋាភិបាលជ្រើសរើសយកឆ្នាំ២០២៩ ដើម្បីចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC)។

សម្តេចធិបតី នាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា កម្ពុជាមិនចង់ចាកចេញពី LDC ត្រឹមតែយកមុខមាត់ «ល្អមើល» ហើយបែរជាជួបបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច «អត់ល្អស៊ី» នោះទេ។ ផ្ទុយទៅវិញ កម្ពុជាចង់បានទាំង «ល្អមើល ហើយល្អស៊ី» ដែលមានន័យថា ការចាកចេញនេះត្រូវតែធានាបាននូវចីរភាពនៃការអភិវឌ្ឍ ការទាក់ទាញវិនិយោគ និងការរក្សាការងារជូនប្រជាពលរដ្ឋ។

សម្ដេចធិបតី បានថ្លែងបញ្ជាក់ថា បន្ទាប់ពីកម្ពុជាបានបំពេញលក្ខខណ្ឌវាយតម្លៃរបស់អង្គការសហប្រជាជាតិ (UN) កម្ពុជាមានជម្រើសពីរ គឺចាកចេញនៅចុងឆ្នាំ២០២៧ (ត្រៀមខ្លួន ៣ឆ្នាំ) ឬនៅចុងឆ្នាំ២០២៩ (ត្រៀមខ្លួន ៥ឆ្នាំ)។ សម្ដេចធិបតីបន្តថា ក្រោយមកតាមរយៈកិច្ចប្រជុំជាមួយគណៈកម្មការគោលនយោបាយជាតិ រាជរដ្ឋាភិបាលបានសម្រេចជ្រើសរើសយក ឆ្នាំ២០២៩ ដើម្បីទុកពេលវេលាឱ្យបានគ្រប់គ្រាន់សម្រាប់ដំណើរចាកចេញពីប្រទេស LDC នេះ។

បើតាមប្រសាសន៍សម្ដេចធិបតីនៅពេលចាកចេញពីឋានៈប្រទេស LDC កម្ពុជានឹងបាត់បង់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មមួយចំនួន និងកម្ចីសម្បទានដែលមានការប្រាក់ទាប។ ដូច្នេះរយៈពេលបន្ថែមនេះ គឺដើម្បីឱ្យវិស័យឯកជន និងក្រសួងស្ថាប័នពាក់ព័ន្ធពង្រឹងសមត្ថភាពប្រកួតប្រជែង ក៏ដូចជាចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយដៃគូបរទេសឱ្យបានរឹងមាំជាមុន។

សូមជម្រាបថា ការគូសបញ្ជាក់របស់សម្ដេចធិបតីនាពេលនេះ ធ្វើឡើងបន្ទាប់ពីមានការលើកឡើងមួយចំនួនអំពីប្រទេសឡាវបានចាកចេញពីក្រុមប្រទេស LDC ជាផ្លូវការកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ហើយកម្ពុជាមិនទាន់ដល់ពេលត្រូវចាកចេញ, ស្របពេលដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភាកម្ពុជា ក៏បានបញ្ជាក់បន្ថែមផងដែរថា ការពន្យារពេលចាកចេញពីក្រុមប្រទេស LDCនេះ គឺដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ច និងរក្សាអត្រាការប្រាក់សម្បទានសម្រាប់ការអភិវឌ្ឍប្រទេស៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia