ព័ត៌មាន
សម្ដេចធិបតីអំពាវនាវដល់ស្ថាប័នតុលាការ និងអយ្យការអនុវត្តច្បាប់ឱ្យបានម៉ត់ចត់ ត្រឹមត្រូវតាមច្បាប់ ចំពោះករណីឃាត់កម្មប្រព្រឹត្តដោយជនល្មើស ស្រី ស៊ីណា
ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមិថុនានេះ បានចេញសារតាមបណ្ដាញតេឡេសក្រាម អំពាវនាវដល់ស្ថាប័នតុលាការ និងអយ្យការយកចិត្តទុកដាក់ក្នុងការពិនិត្យនិងអនុវត្តច្បាប់លើករណីនេះឱ្យបានម៉ត់ចត់, ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ និងឱ្យបានត្រឹមត្រូវទៅតាមច្បាប់ជាធរមាន ដើម្បីស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ និងក្រុមគ្រួសារ ដោយគ្មានការអន្តរាគមន៍ណាមួយជាដាច់ខាត ពាក់ព័ន្ធ «ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា»។
ក្នុងឱកាសនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារនៃសពប្អូន ទ្បុង លីសុង និងប្អូន ឃីន កញ្ចនា ដែលបានស្លាប់ដោយសារការបាញ់ប្រហារកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។
សម្ដេចធិបតីមានប្រសាសន៍ថា ក្រោយពីថ្ងៃកើតហេតុ មានការជជែកវែកញែកគ្នាពាក់ព័ន្ធទៅនឹងការកាត់ទោសជនល្មើសនៅក្នុងករណីនៃការបាញ់ប្រហារនេះ ដោយមានការបង្ហាញក្តីកង្វល់ និងបារម្ភ ខ្លាចជនល្មើសពុំត្រូវបានផ្តន្ទាទោសឱ្យបានម៉ឺងម៉ាត់តាមផ្លូវច្បាប់ ឬអាចមានការធានាឱ្យនៅក្រៅឃុំដោយមិនប្រក្រតី។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានយកចិត្តទុកដាក់ខ្ពស់ជាអាទិភាពមួយដ៏សំខាន់ក្នុងការពង្រឹងនីតិរដ្ឋ ពិសេស ការពង្រឹងការអនុវត្តច្បាប់ ដើម្បីធានាថែរក្សាសន្តិសុខសាធារណៈ និងសណ្តាប់ធ្នាប់សង្គម ក៏ដូចជា ការដោះស្រាយបញ្ហានានាក្នុងសង្គម ប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ជាធរមាន ដែលក្នុងនោះ ក៏រួមមានការពង្រឹងទំនួលខុសត្រូវចំពោះមុខច្បាប់របស់ជនល្មើស និងការអនុវត្តច្បាប់តឹងរ៉ឹង លើជនប្រព្រឹត្តបទល្មើស ជាពិសេសជនដែលបង្កឱ្យបាត់បង់អាយុជីវិតអ្នកដទៃ។
សម្ដេចបញ្ជាក់ថា កន្លងទៅ ក៏មានការចាត់វិធានការយ៉ាងតឹងរ៉ឹងលើជនបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលស្ថិតក្នុងស្ថានភាពស្រវឹង និងបង្កឱ្យបាត់បង់អាយុជីវិតអ្នកដទៃ ដោយបានអនុវត្តច្បាប់ គ្មានការយោគយល់ គ្មានការលើកលែង ឬអន្តរាគមន៍ណាមួយទ្បើយ។
សម្ដេចធិបតីបន្តថា៖«ដូចគ្នាផងដែរ ចំពោះករណីឃាតកម្មនេះ បើទោះបីជារាជរដ្ឋាភិបាល មិនអាចលូកដៃចូលក្នុងកិច្ចការរបស់ស្ថាប័នតុលាការក៏ដោយ ខ្ញុំសូមអំពាវនាវឱ្យស្ថាប័នតុលាការ និងស្ថាប័នអយ្យការ យកចិត្តទុកដាក់ក្នុងការពិនិត្យនិងអនុវត្តច្បាប់លើករណីនេះឱ្យបានម៉ត់ចត់, ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ និងឱ្យបានត្រឹមត្រូវទៅតាមច្បាប់ជាធរមាន ដើម្បីស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ និងក្រុមគ្រួសារ ដោយគ្មានការអន្តរាគមន៍ណាមួយជាដាច់ខាត»។
សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែង អរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានបង្ហាញនូវសុទ្ធចិត្តវែកញែកក្នុងរឿងនេះ ហើយក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីទុកកិច្ចការនេះជូនស្ថាប័នអនុវត្តច្បាប់ដែលមានសមត្ថកិច្ច ដើម្បីចាត់ការ និងដោះស្រាយករណីនេះ ឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ទៅតាមនីតិវិធី និង ច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំក៏សូមឱ្យប្រជាពលរដ្ឋមានការជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជាក្នុងការចាត់ការ និង ដោះស្រាយផ្តល់យុត្តិធម៌ឱ្យបានត្រឹមត្រូវចំពោះករណីនេះ។
សម្ដេចធិបតីរម្លឹកថា នៅពេលត្រឡប់មកដល់កម្ពុជាវិញបន្ទាប់ពីបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសសុង្ហបុរីសម្ដេចបានក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ ដើម្បីបញ្ចប់គោរមងារឧកញ៉ារបស់លោក ស្រី ស៊ីណា កាលពីថ្ងៃទី ២០ មិថុនា ឆ្នាំ២០២៤ ហើយចាប់តាំងពីថ្ងៃកើតហេតុនោះមកសម្ដេចបានចេញបទបញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាប្រគល់ភារកិច្ចជូនឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បន្តតាមដានដោយយកចិត្តទុកដាក់លើការអនុវត្តច្បាប់ចំពោះករណីនេះ ដើម្បីធានាថា ច្បាប់ត្រូវបានអនុវត្តដោយតឹងរ៉ឹង ម៉ឺងម៉ាត់ និង ដោយត្រឹមត្រូវទៅតាមខ្លឹមសារនៃច្បាប់ ក្នុងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និង ក្រុមគ្រួសារ៕
-
Uncategorized1 week ago
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន1 week ago
ប្រៃសណីយ៍កម្ពុជានឹងដាក់ឱ្យដំណើរការបច្ចេកវិទ្យាកំណត់ទីតាំង ដើម្បីប្រសិទ្ធភាពចែកចាយបញ្ញើ
-
ព័ត៌មាន2 days ago
ទាក់ទងនឹងបញ្ហាកោះគុត សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមជ្រុលនិយមថា ដំបៅមិនឈឺកុំយកឈឺចាក់
-
Uncategorized1 week ago
ពលរដ្ឋចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក ពេញចិត្ត និងសប្បាយរីករាយ ក្រោយឃេីញមានការរៀបចំល្អ និងមានអ្នកចូលរួមកម្សាន្តច្រេីន
-
ព័ត៌មាន1 week ago
ស្រោមអនាម័យចំនួនប្រមាណជាង១១ម៉ឺនស្រោម ត្រៀមចែកជូនក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក
-
ព័ត៌មាន2 days ago
សម្តេចតេជោ អំពាវនាវឱ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់លើបញ្ហាកោះគុត ទុកឱ្យរដ្ឋាភិបាលដោះស្រាយ
-
ព័ត៌មាន3 days ago
ក្រុមហ៊ុន DP World របស់អេមីរាត់អារ៉ាប់រួម បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅក្នុងប្រទេសកម្ពុជា
-
ព័ត៌មាន1 week ago
រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបួងសួងសុំសេចក្តីសុខ សុខភាពល្អ និងសុខសុវត្ថិភាព ជូនពរដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ រួមទាំងកីឡាករ កីឡាការិនី ក្នុងព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៤