ព័ត៌មាន
ឯកឧត្តម ស៊ុន ចាន់ថុល៖ ការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការដំណាក់កាលទី១ រោងចក្រផលិតសម្បកកង់រថយន្ត វ៉ាន់លី ថាយអឺ ខេត្តស្វាយរៀង នឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជា
ស្វាយរៀង៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ដំណាក់កាលទី១ នៃរោងចក្រផលិតសម្បកកង់រថយន្ត វ៉ាន់លី ថាយអឺ (ខេមបូឌា) ឯ.ក. ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ, ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង, លោក JING GUANGJUN ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Guangzhou Industrial Investment Holding Group, ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិជាច្រើនរូប។
ការសម្រេចចិត្តបោះទុនវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសស៊ីនបាវិត នៃខេត្តស្វាយរៀងនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ ក្នុងការជ្រើសរើសយកទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាមូលដ្ឋានផលិតកម្មដំបូងបង្អស់របស់ខ្លួននៅក្រៅប្រទេស។ សមិទ្ធផលដ៏ត្រចះត្រចង់នាថ្ងៃនេះ មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែគឺជាផ្លែផ្កាដែលប្រសូត្រចេញពីឆន្ទៈមោះមុតនៃកិច្ចពិភាក្សាទ្វេភាគី ក្នុងបេសកកម្មគោះទ្វារវិនិយោគ របស់គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នៅរោងចក្រផ្ទាល់ ក្នុងទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។ គួរឱ្យកត់សម្គាល់ថា ត្រឹមតែរយៈពេលមួយឆ្នាំគត់ បន្ទាប់ពីពិធីបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតចិន កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ រោងចក្រនេះបានលេចរូបរាងជាស្ថាពរ និងចាប់ផ្តើមខ្សែចង្វាក់ផលិតកម្មដំណាក់កាលទី១ ដែលនេះជាសក្ខីភាពឆ្លុះបញ្ចាំងពីសន្ទុះនៃការអភិវឌ្ឍ និងទំនុកចិត្តយ៉ាងជ្រាលជ្រៅលើបរិយាកាសវិនិយោគនៅកម្ពុជា។
មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្សរីករាយ ដោយទទួលបានបុព្វសិទ្ធិពីសំណាក់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការធ្វើជាអធិបតីក្នុងពិធីសម្ពោធដ៏មហោឡារិកនាឱកាសនេះ។ ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងនូវអំណរគុណ ការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន និងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដេលបានយកចិត្តទុកដាក់សហការគ្នា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈមួយនេះ។
គួរប្ញជាក់ដែរថា៖ ដំណើរការនៃរោងចក្រ វ៉ាន់លី ថាយអឺ ដំណាក់កាលទី១ នេះ នឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជា រួមមាន៖ (១)ផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋរាប់ពាន់កន្លែង ព្រមទាំងការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាទំនើបដល់កម្មករ និយោជិតខ្មែរ, (២)ការជំរុញវិស័យកសិកម្ម (កៅស៊ូ) ដែលរោងចក្រនេះនឹងក្លាយជាទីផ្សារដ៏សំខាន់សម្រាប់ស្រូបយកវត្ថុធាតុដើមកៅស៊ូធម្មជាតិក្នុងស្រុក ដែលជួយលើកកម្ពស់ជីវភាពកសិករកៅស៊ូកម្ពុជា, (៣) ការធ្វើពិពិធកម្មឧស្សាហកម្ម តាមរយៈការប្រែក្លាយកម្ពុជាពីការផលិតសម្លៀកបំពាក់ និងស្បែកជើង ទៅជាមជ្ឈមណ្ឌលផលិតគ្រឿងបន្លាស់រថយន្ត និងឧស្សាហកម្មធុនធ្ងន់, និង (៤) កំណើនការនាំចេញ និងការបង្កើនទំហំពាណិជ្ជកម្មក្រៅប្រទេស។
តាមរយៈវេទិកានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវការត្រៀមលក្ខណៈរួចរាល់ជាស្រេចរបស់កម្ពុជា ក្នុងការទទួលស្វាគមន៍រាល់ការវិនិយោគពីបរទេស តាមរយៈសុខសន្តិភាព ស្ថិរភាពនយោបាយ កម្លាំងពលកម្មវ័យក្មេង និងការបង្កលក្ខណៈងាយស្រួល ការផ្តល់ការគាំពារ ព្រមទាំងការធានានូវបរិយាកាសធុរកិច្ចប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់បំផុត ជាមួយនឹងចាប់យកឌីជីថលូបនីយកម្មសម្រាប់ការកំណែទម្រង់នានា។
ឯកឧត្តម ក៏បានរំឡេចដែរថា កម្ពុជាមានឧត្តមភាពនៃការប្រកួតប្រជែងលើឆាកអន្តរជាតិខ្ពស់ តាមរយៈ (១)ការបំបែកកំណត់ត្រាការអនុម័តគម្រោងវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងកម្រិតខ្ពស់បំផុត ក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នាដែលមិនធ្លាប់មានពីមុនមក បានឆ្លុះបង្ហាញពីសន្ទុះនៃទំនុកចិត្តវិនិយោគ និង (២)ការណ៍ដែលកម្ពុជា គឺជាប្រទេសទី១ក្នុងសកលលោក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាម៉េរិក ដែលនឹងផ្តល់នូវភាពប្រាកដប្រជាសម្រាប់រាល់ការវិនិយោគនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ការនាំចេញទៅកាន់ទីផ្សារដ៏ធំរបស់អាម៉េរិក។
មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងមុតមាំថា វត្តមានរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ លើទឹកដីកម្ពុជានាពេលនេះ មិនត្រឹមតែជាជោគជ័យនៃអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុននឹងក្លាយជានិមិត្តរូបនៃភាពជោគជ័យ និងជាសាក្សីរស់ក្នុងការចែករំលែកបទពិសោធន៍ដ៏ឧត្តម ក៏ដូចជាផ្សព្វផ្សាយនូវតថភាពវិជ្ជមាននានានៃបរិយាកាសវិនិយោគនៅកម្ពុជាទៅកាន់ពិភពលោក។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ជោគជ័យរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ គឺជាការបង្កើនទំនុកចិត្ត ដើម្បីទាក់ទាញបណ្តាញវិនិយោគិន និងសហគមន៍ធុរកិច្ចចិនកាន់តែច្រើនសន្ធឹកសន្ធាប់ ឱ្យបន្តមកបណ្តាក់ទុននៅកម្ពុជា ដែលនឹងជួយរុញច្រានសេដ្ឋកិច្ចជាតិឱ្យកាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត៕















-
ព័ត៌មាន6 days agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS7 days agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន4 days agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
កីឡា1 week agoជើងឯកថ្នាក់ជាតិកីឡាគុនល្បុក្កតោ ជាការជួបជុំរបស់អ្នកជំនាន់ក្រោយបន្តកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនព្រលឹងវប្បធម៌ខ្មែរ
-
ព័ត៌មាន1 week agoការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្តេច
-
ព័ត៌មាន3 days agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន5 days agoរដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តលើកទី១២ នៃមន្ទីរពេទ្យកាល់ម៉ែត
-
ព័ត៌មាន3 days agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា