Connect with us

ព័ត៌មាន

សហគមន៍អន្តរជាតិ ឈរនៅជាមួយកម្ពុជា និងជួយជ្រោមជ្រែងកម្ពុជា គ្រប់កាលៈទេសៈ

សហគមន៍អន្តរជាតិឈរនៅជាមួយកម្ពុជា និងជួយជ្រោមជ្រែង​កម្ពុជា​គ្រប់​កាលៈ​ទេសៈ​ទាំង​នយោបាយ​ការ​ទូត ទាំងការផ្តល់ជំនួយជំនួយអភិវឌ្ឍន៍ ជំនួយមនុស្សធម៌ និងជំនួយសម្រាប់​សេចក្តី​ត្រូវ​ការបន្ទាន់នានាក្នុងគ្រាដែលកម្ពុជាជួបការលំបាក។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែងនៅក្នុង​សន្និសីទ​សារព័ត៌​មាន​នៅ​ថ្ងៃ​ទី១៣ ខែមករា ឆ្នាំ២០២៦នេះ។

ឯកឧត្តម ប៉ែន បូណា បានថ្លែថា ចាប់តាំង​ពី​កម្ពុជា​បាន​ទទួល​រង​គ្រោះ​ដោយ​សារ​ការ​ឈ្លាន​ពាន​ពី​ប្រទេស​ថៃម​ក បណ្ដាសហគមន៍អន្តរជាតិ និងប្រទេសជាមិត្តជាច្រើនបាន ឈរនៅជាមួយកម្ពុជា និង​ជួយជ្រោមជ្រែងគ្រប់កាលៈទេសៈ, ជាក់ស្ដែង នៅ ប្រទេសជប៉ុន នៅថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៦ បានផ្តល់ជំនួយឥសសំណងជាទឹកប្រាក់ចំនួន ១១.៣ លាន​ដុល្លារ​សម្រាប់​ការ​អនុវត្ត​គម្រោង​សមាហរណកម្មបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារគ្រាប់មីន (ដំណាក់​កាល​ទី​៣) និងទឹកប្រាក់ ៧.៦ លានដុល្លារ ផ្សេងទៀតសម្រាប់​អនុវត្ត​គម្រោង​ជំនួយ​ម៉ាស៊ីន​ស្គែន​កុង​តឺន័រ​នៅចំណតកុងតឺន័រថ្មី នៃកំពង់ផែក្រុងព្រះសីហនុ។ កៅពីនេះ កាលពីអំឡុងខែសីហាឆ្នាំ ២០២៥ កន្លងទៅ ជប៉ុនក៏បានផ្តល់ជំនួយមនុស្សធម៌ជាទឹកប្រាក់ប្រមាណជា ១.៨ លាន​ដុល្លារ​តាម​រយៈ​អង្គការ IOM និង UNICEF ដើម្បីឆ្លើយតបទៅនឹង​សេចក្តី​ត្រូវ​ការ​បន្ទាន់​សម្រាប់​ជន​ភៀស​សឹក​នៅតាមបណ្តោយព្រំដែនកម្ពុជាថៃដែរផងដែរ។

ចំណែក សហរដ្ឋអាម៉េរិកវិញ ក្រៅពីបន្តជំរុញការរក្សាបទឈប់បាញ់ និងចង់ឃើញ​សន្តិភាព​យូរ​អង្វែង​រវាង​កម្ពុជានិងថៃ ក៏បានប្រកាសផ្តល់ជំនួយចំនួន ១៥ លានដុល្លារសម្រាប់​ការ​គាំទ្រ​ដល់​ជន​​ភៀសសឹកនៅព្រំដែនប្រទេសទាំងពីរ និងទឹកប្រាក់ ១០​លាន​ដុល្លារ​ផ្សេង​ទៀត​សម្រាប់​ការ​ដោះ​មី​ន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។

រីឯ សាធារណរដ្ឋប្រជាមានិតចិនក៏ ក្រៅពីផ្តល់​ការ​គាំទ្រ​ដល់​អាទិភាព​ជា​បន្ទាន់​លើ​ការ​ធានា​ឱ្យ​បាន​រឹងមាំ​នូវបទឈប់បាញ់ និងធ្វើឱ្យមានសន្តិភាពចីរកាល ចិនបានផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ដែល​មាន​តម្លៃ ២០លានយ័ន សម្រាប់ជនភៀសសឹកក្នុងប្រទេសកម្ពុជា និងបានប្រកាស​ត្រៀម​ខ្លួន​ក្នុង​ការ​ផ្តល់​ជំនួយ​មនុស្ស​ធម៌​សម្រាប់​តម្រូវ​ការ​ចិញ្ចឹម​ជីវិត​របស់​ជន​ភៀស​សឹក​នៅ​តាម​តំបន់​ព្រំដែន​ដែល​រង់​ផលប៉ះពាល់។ ជាមួយគ្នានេះ សាធារណរដ្ឋស៊ែប៊ីក៏បានផ្តល់ជំនួយមនុស្សធម៌ ៥០​ម៉ឺន​ដុល្លារ​អាម៉េរិកសម្រាប់ជួយប្រជាជនភៀសសឹកកម្ពុជាដែរ។

ក្រៅពីនោះនៅមានប្រទេសជាមិត្តជាច្រើនទៀត រួមទាំងដៃគូ​អភិវឌ្ឍន៍​របស់​កម្ពុជា​ក៏​បាន​បផ្តល់​ជំនួយ​មនុស្សធម៌ និងជំនួយសម្រាប់សេចក្តីត្រូវការបន្ទាន់នានា ព្រមទាំងបាន​ចេញ​សារ​អបអរ​សាទរ​ចំពោះការសម្រេចបានបទឈប់បាញ់ដោយក្តីរំពឹងថា ភាគីទាំងពីរ(កម្ពុជាថៃ) នឹង​សម្រេច​បាន​នូវ​ការ​ស្តារ​សន្តិភាព​ឡើង​វិញ និង​រក្សា​សន្តិភាព​នោះ​ឱ្យ​បាន​យូរ​អង្វែង​សម្រាប់​ជា​ប្រយោជន៍​របស់​ប្រជាជនទាំងពីរក៏ដូចជាសម្រាប់ស្ថិរភាពក្នុងតំបន់ទាំងមូល។ ទាំងអស់នេះ​បាន​សបញ្ជាក់​ឱ្យ​ឃើញ​ថា សហគមន៍អន្តរជាតិឈរនៅ​ជាមួយ​កម្ពុជា និង​ជួយ​ជ្រោម​ជ្រែងក​ម្ពុជា​គ្រប់​កាលៈ​ទេសៈ​ទាំង​នយោបាយការទូត ទាំងការផ្តល់ជំនួយជំនួយអភិវឌ្ឍន៍ ជំនួយមនុស្សធម៌ និងជំនួយ​សម្រាប់​សេចក្តី​ត្រូវការបន្ទាន់នានាក្នុងគ្រាដែលកម្ពុជាជួបការលំបាក។

តាមរយៈសារទៅកាន់ប្រជាពលរដ្ឋកាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៦ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង​អំណរ​គុណ​ដល់​សហរដ្ឋ​អាម៉េរិក ចិន ធនាគារអភិវឌ្ឍន៍អាស៊ី និងបណ្តាប្រទេសជាមិត្ត ព្រមទាំង​ដៃ​គូ​អភិវឌ្ឍន៍​ទាំង​ឡាយ​ដែល​បាន​ជួយជាសម្ភារៈនិងហិរញ្ញប្បទានដើម្បីជួយសម្រាលការលំបាករបស់ពលរដ្ឋភៀសសឹក។ សម្តេចបវរធិបតីបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលនឹងប្រើប្រាស់ថវិកាជាតិ និងជំនួយ​ពី​ប្រទេស​ជា​មិត្ត និងដៃគូអ​ភិវឌ្ឍន៍​ដើម្បីស្តា​រ​ឡើង​វិញ​ឱ្យ​បាន​ឆាប់​បំផុត​ទាំង​ជីវភាព​រស់​នៅ​របស់​បង​ប្អូន​ភៀស​សឹក​ក្រោយពេលវិលត្រឡប់ទៅកាន់លំនៅឋានវិញ ក៏ដូចជាហេដ្ឋរចនា​សម្ព័ន្ធ​ដែល​បាន​រង​ការ​បំផ្លិចបំផ្លាញដោយគ្រាប់បែករបស់ទាហានថៃ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia