ព័ត៌មាន
ស្ថានការណ៍បច្ចុប្បន្ននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីការចូលជាធរមាននូវបទឈប់បាញ់រវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មកដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងអំពី
ស្ថានការណ៍បច្ចុប្បន្ននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីការចូលជាធរមាននូវបទឈប់បាញ់រវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គិតមកដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ
ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក កម្ពុជាតែងតែគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដ៏ទៃទៀត។
ជាមួយគ្នានេះ កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។
ផ្អែកតាមស្មារតីខាងលើ នៅដើមសប្តាហ៍នៃខែមករានេះ ក្រុមការងារសម្របសម្រួល នៃព្រះរាជាណាចក្រកម្ពុជា (CLG) បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅទីតាំងចំនួនបួន ក្នុងខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ដែលសុទ្ធតែជាទីតាំងស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ជាពិសេសតំបន់បេតិកភណ្ឌពិភពលោក ដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ ដូចខាងក្រោម៖
– នៅថ្ងៃអាទិត្យ ទី៤ ខែមករា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅស្ពានអូរជីក ស្ថិតនៅក្នុងភូមិសាស្ត្ររវាងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប ។
– នៅថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅច្រកទ្វារព្រំដែនអន្តរជាតិជាំ ដែលស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
– នៅថ្ងៃអង្គារ ទី៦ ខែមករា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
– នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
– នៅថ្ងៃសៅរ៍ ទី១០ ខែមករា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅតំបន់ច្រកបឹងត្រកួន ស្ថិតនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក៏បានចុះសង្កេតការណ៍ និងសួរសុខទុក្ខ បងប្អូនជនភៀសសឹក នៅជំរំជនភៀសសឹក វត្តកណ្តោល ស្ថិតនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យផងដែរ។
– នៅថ្ងៃអង្គារ ទី១៣ ខែមករា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅភូមិសាស្រ្តភូមិកររបស់ប្រជាជន ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រមទាំងទៅកាន់តំបន់ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃបំផុតរបស់មនុស្សជាតិ។
ក្នុងនាមជារដ្ឋដែលគោរពច្បាប់ និងមានការទទួលខុសត្រូវខ្ពស់ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋានរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដោយប្រឆាំងជាដាច់ខាតការគំរាមឬការប្រើប្រាស់កម្លាំង សំដៅសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ប្រជាជននៃប្រទេសទាំងពីរអាចរួមរស់ជាមួយគ្នាក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕










-
ព័ត៌មាន5 days agoអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្
-
ព័ត៌មាន5 days agoដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀន តាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល
-
ព័ត៌មាន4 days agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន4 days agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន4 days agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន4 days agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន4 days agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន1 week agoប្រភេទទំនិញសំខាន់ៗរបស់កម្ពុជាជាច្រើន បានគាំទ្រដល់មានកំណើននៃការនាំចេញក្នុងឆ្នាំ២០២៥