ព័ត៌មាន
វិស័យសហគ្រាស គ្រឹះស្ថាន និងរោងចក្រ នៅខេត្តកំពង់ស្ពឺ កំពុងផ្ដល់ការងារដល់ពលរដ្ឋជាង ៣១ម៉ឺននាក់
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា វិស័យសេដ្ឋកិច្ច ក្នុងខេត្តកំពង់ស្ពឺ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយក្នុងនោះវិស័យសហគ្រាស គ្រឹះស្ថាន និងរោងចក្រ កំពុងផ្ដល់ការងារដល់ពលរដ្ឋប្រមាណជាង ៣១ម៉ឺននាក់ ដែលអាចរកប្រាក់ចំណូលបានប្រចាំខែ ខណៈរោងចក្រថ្មីៗ ក៏បានកើតឡើងជាបន្តបន្ទាប់ ។

ក្នុងសន្និបាតបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៦ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា គិតត្រឹមឆ្នាំ២០២៥ ខេត្តកំពង់ស្ពឺ មានសហគ្រាស គ្រឹះស្ថាន និងរោងចក្រចំនួន ១ ៥៦៦កន្លែង ដែលមានកម្មករនិយោជិកកំពុងបម្រើការងារចំនួនជាង ៣១ម៉ឺននាក់ ក្នុងនោះវិស័យវាយនណភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងចំនួន ៤១៤កន្លែង វិស័យក្រៅពីកាត់ដេរចំនួន ១១៥២កន្លែង ។
ឯកឧត្តមបណ្ឌិត បានបន្តថា គិតត្រឹមឆ្នាំដដែលនេះ ខេត្តកំពង់ស្ពឺ មានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មសរុបចំនួន ៣១៣មូលដ្ឋាន ដែលមានទុនវិនិយោគសរុបប្រមាណជាង ៤៩លានដុល្លារ។ មានសហគ្រាសធុនតូច និងមធ្យម និងរោងចក្រកើតថ្មីចំនួន ២៧០រោងចក្រ មានប្រកាសពីក្រសួងចំនួន ១៤៧រោងចក្រ, ចេញសេចក្តីសម្រេចពីរដ្ឋបាលខេត្តចំនួន ៧៧រោងចក្រ និងចេញសេចក្តីសម្រេចពីមន្ទីរចំនួន ៤៦រោងចក្រ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបន្ថែមថា ក្រៅពីវិស័យរោងចក្រសហគ្រាស ខេត្តក៏មានការរីកចម្រើនផងដែរ លើវិស័យកសិកម្ម ក្នុងនោះមានដំណាំស្រូវ ស្វាយ និងដំណាំកសិកម្មមួយចំនួនទៀត ខណៈខេត្តកំពង់ស្ពឺ ក៏មានការចិញ្ចឹមសត្វជាលក្ខណៈតូចធំរាប់លានក្បាល ជាមួយនឹងការពង្រាយមន្ត្រីកសិកម្ម ទៅតាមបណ្ដាឃុំ-សង្កាត់ ដើម្បីជួយដោះស្រាយបញ្ហាការដាំដុះកសិករ ។
ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា នៅក្នុងខេត្តកំពង់ស្ពឺ មានប្រភពទឹកស្ទឹងសំខាន់ៗចំនួន៣ ក្នុងនោះស្ទឹងកព្រែកត្នោត ស្ទឹងក្រាំងពន្លៃ និងស្ទឹងស្លាគូ, មានទំនប់ និងអាងទឹកចំនួន៣៧៥កន្លែង មានប្រឡាយមេសរុបចំនួន២៣៧កន្លែង និងសំណង់សិល្បៈការចំនួន ៦៩៥កន្លែង ដែលប្រព័ន្ធធារាសាស្ត្រទាំងអស់នេះ ពិតជាបានចូលរួមចំណែកជំរុញដល់កំណើនវិស័យឧស្សាហកម្ម សិប្បកម្ម កសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា ក្នុងទិសដៅបន្ត រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងខិតខំទាក់ទាញការវិនិយោគ ពីក្រៅឲ្យមានការកើនឡើងជាបន្តបន្ទាប់ ដើម្បីបង្កើតឱកាសការងារ ឲ្យបានកាន់តែច្រើនឡើង សម្រាប់ប្រជាពលរដ្ឋ អាចរកប្រាក់ចំណូល និងជាចលករពុំអាចខ្វះបាន ដើម្បីចូលរួមចំណែកអភិវឌ្ឍខេត្តលើគ្រប់វិស័យ៕ អត្ថបទ បាន សុខរិទ្ធិ








-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
-
កីឡា1 week agoអត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធានសហព័ន្ធជឿជាក់នាំ មេដាយជូនជាតិ