Connect with us

ព័ត៌មាន

ក្រសួងវប្បធម៌ ទទួលរូបថតទេវនាដនិម្មិត ឯម ធាយ វីរៈ​សិល្បករ​របាំ​ព្រះរាជទ្រព្យ​ពី​អ្នក​ថត​រូប​អាល្លឺម៉ង់​មក​រក្សាទុក

ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល រូប​ថត​ទេវនាដនិម្មិត ឯម ធាយ វីរៈសិល្បកររបាំព្រះរាជទ្រព្យ ជូនទៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ​ពីអ្នកថតរូបជនជាតិអាល្លឺម៉ង់ ដើម្បីរក្សាទុក។

ពិធីប្រគល់-ទទួលនេះ ប្រារព្ធឡើងនាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ(ជ្រោយចង្វារ) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម Mitterer Stefan ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សោម សុគន្ធ រដ្ឋលេខា​ធិការ​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ។

រូបថតប្រគល់ជូនក្នុងន័យជាការ គោរពដឹងគុណចំពោះការលះបង់របស់ ទេវនាដនិម្មិត ឯម ធាយ ក្នុង​បុព្វហេតុសិល្បៈរបាំជាតិ ក៏ដូចជាធនធានសម្រាប់ការសិក្សាដល់សិល្បករជំនាន់ក្រោយ ដែល​សិល្បករ​ថតរូបមានភ័ព្វសំណាងបានសេពគប់ជាមួយលោកយាយប្រមាណជាង២០ឆ្នាំ មុន​ពេល​លោក​យាយទទួលមរណភាព។

ឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បាន​លើក​ឡើង​ថា លោក អារជេ ស្ទេវែន(Arjay Stevens) គឺជាអ្នកថតរូបជនជាតិអាល្លឺម៉ង់ ដែល​បាន​រស់​នៅ​ក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៦។ លោកបានរៀនសូត្រ និងស្រឡាញ់​ប្រជាជន​កម្ពុជា ​និងវប្បធម៌ ដោយចាប់ផ្តើមដោយការស្រលាញ់ និងការគោរពយ៉ាងជ្រាលជ្រៅ លោក​មាន​ចំណាប់​អារម្មណ៍​យ៉ាងខ្លាំងចំពោះរបៀបរស់នៅប្រពៃណី ទំនៀមទម្លាប់ សិល្បៈ និងវប្បធម៌​របស់​ប្រជាជន​កម្ពុជា។

លោក​​បានបង្ហាញពីការកោតសរសើរ និងការគោរពយ៉ាងជ្រាលជ្រៅចំពោះរបាំបុរាណកម្ពុជា។ សេចក្តី​ស្រឡាញ់នេះគឺចំពោះអ្នករបាំបុរាណកម្ពុជាទាំងអស់។ ក្នុងចំណោម អ្នករបាំដ៏ល្បីល្បាញ ដែល​បានស្លាប់ទៅហើយ និងជាទ្រព្យសម្បត្តិ មនុស្សជាតិ ដ៏មានជីវិត របស់របាំព្រះរាជទ្រព្យ នៃ​ប្រទេស​កម្ពុជា គឺលោកស្រី ឯម ធាយ។ លោកស្រី ធ្លាប់បានអនុញ្ញាតឲ្យលោក Arjay Stevens សម្ភាសន៍ លោកស្រី នៅផ្ទះរបស់លោកស្រី។ តាមរយៈឱកាសនេះលោក Arjay បានដឹង​អំពី​ជីវិត​ដ៏​ថ្លៃ​ថ្នូរ​របស់លោកស្រី ដំណើរសិល្បៈ និងទុក្ខវេទនាដែលលោកស្រី បានស៊ូទ្រាំ ក្នុងរបប​ខ្មែរ​ក្រហម​។ លោកគ្រូ ឯម ធាយ គឺជាអ្នករបាំ ម្នាក់ក្នុងចំណោមអ្នករបាំ ដែលបានរួចផុត​ពី​សម័យ​កាល​ដ៏​សោកនាដកម្ម ហើយបានបន្តការលះបង់ ដ៏យូរអង្វែងរបស់លោកស្រីចំពោះសិល្បៈ ដោយ​បន្ត​ចំណេះ​ដឹងដ៏មានតម្លៃរបស់លោកស្រី ដល់ អ្នករបាំជំនាន់​ក្រោយ​រហូត​ដល់​ចុង​បញ្ចប់​នៃ​ជីវិត​របស់​លោក​ស្រី។ ដោយការគោរព និងការដឹងគុណយ៉ាងជ្រាលជ្រៅ លោក Arjay Stevens បាន​បរិច្ចាគ​រូប​ថតទាំងអស់របស់លោកពីការតាំងពិព័រណ៍ធំៗពីរ ដែលមួយបាន​ប្រារព្ធ​ឡើង​នៅ​សារ​មន្ទីរ​ជាតិក​ម្ពុជា និងមួយទៀតនៅមជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណា ក្នុងឆ្នាំ២០១៥ ដល់​សាកល​វិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ការប្រមូលរូបថតយ៉ាងទូលំទូលាយនេះបម្រើជាការបំផុសគំនិត និងជាគំរូ​សម្រាប់​និស្សិត​របាំ​វ័យ​ក្មេង​។ លើសពីនេះ រូបថតទាំងនេះនឹងត្រូវបានបង្ហាញដល់សាធារណជន ដើម្បីផលប្រយោជន៍ និង​លើកកម្ពស់សិល្បៈ និងវប្បធម៌ខ្មែរ។ ការប្រមូលនេះមានរូបថតសរុបចំនួន ៦៦ សន្លឹក រួមទាំង​រូប​ថត​សខ្មៅចំនួន ៣០ សន្លឹក និងរូបថតពណ៌ចំនួន ៣៦ សន្លឹក ក៏ដូចជារូបថតផ្សព្វផ្សាយចំនួន ៤ សន្លឹក (សខ្មៅចំនួន ៣ សន្លឹក និងពណ៌ចំនួន ១ សន្លឹក)។

លោក អារជេ ស្ទេវែន(Arjay Stevens) គឺជាអ្នកថតរូបជនជាតិអាល្លឺម៉ង់ បានមានប្រសាសន៍ថា របាំ​ព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរមានអាយុកាលជាងមួយពាន់ឆ្នាំមកហើយ។ ទម្រង់សិល្បៈ នេះ​មានប្រវត្តិផ្សាភ្ជាប់ទៅនឹងព្រះបរមរាជវាំង។ ប្រជាជនកម្ពុជា និងអ្នកស្រលាញ់រ​បាំ​ទាំង​ឡាយ​នៅ​លើពិភពលោកគាំទ្រនូវទម្រង់សិល្បៈនេះណាស់ ដោយហេតុថា​របាំនេះ​ស្ទើរ​តែ​បាត់​បង់​ទៅ​ហើយ ​នៅក្នុងសម័យខ្មែរក្រហមដ៏យង់ឃ្នង។ របាំព្រះរាជទ្រព្យតំណាងឲ្យគុណតម្លៃឆ្នៃប្រឌិត ការ​គោរព និងសេចក្តីសុខ ផ្លូវចិត្ត ដែលមានតាំងពីយូរលង់ណាស់មកម្លេះ ព្រមទាំងភាព​សម្បូរបែប​នៃ​សិល្បៈ​របស់ខ្មែរតាមរយៈរឿង និទានផ្សេងៗ មានទាក់ទងនឹងដើមកំណើតរបស់ជនជាតិខ្មែរ។ របាំ​ព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណត្រូវ បានអង្គកា​​រ​យូណេស្កូ​ទទួល​ស្គាល់​ថា​ជា​មរតក​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួគី៕ អត្ថបទ រដ្ឋា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia