Connect with us

ព័ត៌មាន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៤ខ្នង ជូន​ក្រុម​គ្រួសារ​វីរកងទ័ព​ពលី

ដោយការគិតគូរយ៉ាងយកចិត្តទុកដាក់នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦នេះ លោក​ជំទាវ​បណ្ឌិត​ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៤ខ្នង ជូន​ដល់​ក្រុមគ្រួសារ​នៃ​វីរ​យុទ្ធ​ជនពលី ដោយផ្ទះថ្មី ១ខ្នង ត្រូវបាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​រស់​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ និងផ្ទះថ្មី ៣ខ្នង ប្រគល់ជូនក្រុមគ្រួសារនៅក្នុងខេត្តកំពង់ចាម។

លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និង​ប្រសាសន៍​សួរ​សុខ​ទុក្ខ​ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ ។ ទន្ទឹម​នឹង​នេះ ​លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចបវរធិបតី និង​លោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងគ្រឿង​ឧបភោគ​បរិភោគ ​ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ។

រាជរដ្ឋាភិបាលកម្ពុជា រួមទាំងប្រជាជនកម្ពុជាទាំងអស់សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហានរបស់ វីរ​កងទ័ព និងវីរនគរបាលជាតិ ដែលបានពលីអាយុជីវិតដើម្បីការពារបូរណភាពទឹកដី ក៏ដូច​ជា​ការ​ផ្តល់​ជូន​មក​វិញនូវ​សន្តិភាពជូនជាតិ មាតុភូមិ ។

សូមបញ្ជាក់ផងដែរថា សម្តេចបវរធិបតី បានដាក់ចេញនូវគោលនយោបាយ និង​យន្តការ​ជា​ច្រើន​ដើម្បី​ជួយ​សម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលីដូចជាការផ្តល់ឱ្យមុខរបរចិញ្ចឹមជីវិត ការ​ស្រោច​ស្រង់​សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗបានសិក្សាកម្រិតបរិញ្ញាបត្រ ការ​រៀប​ចំ​ឥណទានសារជាថ្មី ការដោះស្រាយបំណុលជូនវីរយុទ្ធជនក្នុងសមរភូមិ ថែមទាំង​មាន​ការ​គិត​គូរ​បង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីទៀតផង។ បន្ថែម​ពី​លើ​នេះ រាជរដ្ឋាភិបាលក៏បាននិងកំពុងជួយសម្របសម្រួលឱ្យជនភៀសសឹកបានទៅផ្ទះសំបែងវិញ ការ​ជួយដោះស្រាយហេដ្ឋារចនាសម្ព័ន្ធ ការជួយបោសសម្អាតអាវុធ គ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និង​ការស្តារជីវភាពរស់នៅប្រចាំថ្ងៃជាដើម៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia