ព័ត៌មាន
ឯកឧត្តម ប៉ែន បូណា៖ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ
ភ្នំពេញ៖ តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ ហើយនេះគឺជាជំហរការពារអធិបតេយ្យភាព និងបូរណភាពទឹកដីដែលមិនអាចធ្វើសម្បទានបានឡើយ។
អ្នកនាំពាក្យរាជរដ្ឋភិបាលបានឱ្យដឹងថា ទន្ទឹមនឹងការគិតគូរដោះស្រាយ និងស្តារឡើងវិញនូវជីវភាពជនភៀសសឹក ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត រាជរដ្ឋាភិបាលក៏កំពុងខិតខំយ៉ាងខ្លាំងផ្នែកនយោបាយការទូតដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធីតាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រួមទាំងកិច្ចព្រមព្រៀងផ្សេងទៀតដែលបានធ្វើកាលពីពេលកន្លងទៅ។ កម្ពុជាបន្តការតវ៉ាយ៉ាងខ្លាំងប្រឆាំងរាល់សកម្មភាពរំលោភបំពានរបស់យោធាថៃនៅតាមព្រំដែនក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។
«កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ នេះគឺជាជំហរការពារអធិបតេយ្យភាព និងបូរណភាពទឹកដីដែលមិនអាចធ្វើសម្បទានបាន»។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា។
បើតាម ឯកឧត្តម ប៉ែន បូណា គិតមកទល់ពេលនេះ មានពលរដ្ឋភៀសសឹកជាង៥សែន១ម៉ឺននាក់ហើយដែលបានវិលត្រឡប់ទៅលំនៅឋានវិញហើយក្នុងចំណោមជនភៀសសឹកសរុបជាង ៦៤ម៉ឺននាក់។ ដូច្នេះ មានពលរដ្ឋភៀសសឹកជាង១៣ម៉ឺននាក់ទៀត ដែលកំពុងបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនៅឡើយ ហើយអាជ្ញាធរកំពុងសម្របសម្រួលដើម្បីឱ្យពួកគេវិលទៅកាន់ភូមិឋានរបស់ខ្លួនវិញជាបន្តបន្ទាប់ក្រោមការយកចិត្តទុកដាក់ខ្ពស់ដល់ជីវភាព សុវត្ថិភាព និងសុខុមាលភាពរបស់ពួកគេ។ ចំណែកឯសាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព និងស្ថាប័នផ្តល់សេវាសាធារណៈជាច្រើនក៏បានបើកដំណើរការឡើងវិញដែរ។
ចំណែកប្រជាពលរដ្ឋភៀសសឹកដែលបានវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញក៏ត្រូវបានរាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរមូលដ្ឋាន និងក្រុមការងារពាក់ព័ន្ធយកចិត្តទុកដាក់ជួយដោះស្រាយរាល់បញ្ហានានាដែលពួកគេជួបប្រទះ។ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់រួចហើយថា ចំពោះមុខនេះ រាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់ជាពិសេសលើផលប៉ះពាល់លើផលដំណាំ លើស្ថានភាពបំណុល និងការស្តារឡើងវិញជាបន្ទាន់នូវសេវាចាំបាច់ដូចជា សេវាទូរគមនាគមន៍ ទឹក និងភ្លើងអគ្គិសនីជាដើម ដើម្បីបម្រើសេចក្តីត្រូវការចាំបាច់របស់បងប្អូននៅក្នុងមូលដ្ឋាន។
ដើម្បីបានព័ត៌មានជាមូលដ្ឋានជាក់លាក់ក្នុងការអន្តរាគមន៍ដោះស្រាយឱ្យមានប្រសិទ្ធភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានតែងតាំងសមាសភាពក្រុមការងារចំពោះកិច្ចមួយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ដែលមានភារកិច្ចរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយការបាញ់ផ្លោង និងទម្លាក់គ្រាប់បែករបស់ទាហានថៃដោយបំពានចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា។ បច្ចុប្បន្ន ក្រុមការងារចំពោះកិច្ចនេះកំពុងចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៅតាមបណ្តាខេត្តជាប់ព្រំដែនដែលរងផលប៉ះពាល់ដើម្បីវាយតម្លៃអំពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក៏ដូចជាផលប៉ះពាល់លើជីវភាពរបស់ប្រជាពលរដ្ឋដើម្បីរាជរដ្ឋាភិបាលចាត់វិធានការដោះស្រាយ៕
-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 day agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង