Connect with us

ព័ត៌មាន

ឯកឧត្តម ប៉េង ពោធិ៍នា៖ អញ្ជើញជាអធិបតី នៅក្នុងកម្មវិធីផ្តល់ឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងនិស្សិត នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន

នាព្រឹកថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីនៅក្នុងកម្មវិធីផ្តល់ឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងនិស្សិត នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពី លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៃក្រសួងសុខាភិបាល ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងមន្រ្តីរាជការជាច្រើនរូបទៀត។

កម្មវិធីផ្ដល់ឈាមនាពេលនេះមានគោលបំណងរួម គឺដើម្បីយកទៅជួយសង្គ្រោះដល់ជនគោលដៅមានដូចជា វីរយុទ្ធជនកម្ពុជាដែលរងរបួស និងមានតម្រូវការឈាមក្នុងស្ថានភាពចាំបាច់ និងប្រជាជនស្ថិតក្នុងការសង្គ្រោះអាយុជីវិតបន្ទាន់។ ទន្ទឹមនឹងនេះ ការផ្តល់ឈាមមាន អត្ថន័យ និងគោលបំណងសំខាន់២ គឺបង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជំរុញការលើកកម្ពស់ឱ្យយុវជន និងប្រជាជនទូទៅចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្ដល់ឈាមនៅទូទាំងប្រទេស ដើម្បីធានាឱ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយ និងផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការទាំងអស់សូមបន្តគាំទ្រ និងចូលរួមក្នុងកិច្ចការមនុស្សធម៌ដ៏មានតម្លៃនេះបន្តទៀត ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្ស ជាពិសេសអ្នកដែលមានតម្រូវការឈាមចាំបាច់បំផុត ព្រោះការផ្ដល់អំណោយឈាមនាពេលនេះគឺជាកាដូនៃសេចក្តីស្រឡាញ់ចេញពីបេះដូងយ៉ាងពិតប្រាកដជូនចំពោះវីរកងទ័ពជួរមុខ និងជនរួមជាតិខ្មែរទាំងអស់គ្នាក្នុងស្មារតីសាមគ្គីភាព ជាភាតរភាពរបស់ប្រជាជនកម្ពុជាយើង៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia