Connect with us

ព័ត៌មាន

កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះសកម្មភាពជាបន្តបន្ទាប់របស់យោធាថៃ ធ្វើឱ្យប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​ទឹក​ដី​កម្ពុជា

តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាលកម្ពុជា ប្រកាសជាថ្មីនូវការ តវ៉ាយ៉ាងខ្លាំង​របស់​កម្ពុជា​ប្រឆាំង​នឹង​សកម្ម​ភាព​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​ថៃ​ដែល​បាន​ធ្វើស​កម្មភាព​ជាបន្ត​បន្ទាប់​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​អធិបតេយ្យ​ភាព​ទឹកដីរបស់កម្ពុជា។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសប្រឆាំងជំទាស់យ៉ាងខ្លាំង ចំពោះ​សកម្មភាព​របស់​កង​កម្លាំង​ប្រដាប់អាវុធថៃ ដែលធ្វើឱ្យមានការកែប្រែនូវបរិយាកាសសន្តិសុខ នៅក្នុង​ឬជុំ​វិញ​តំបន់​ជន​ស៊ីវិល​ ពង្រឹងការគ្រប់គ្រងយោធា ឬបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង ដែល​ជា​មូល​ហេតុ​ធ្វើ​ឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹង និងរារាំងដល់ការវិលត្រឡប់ របស់​ជន​ស៊ីវិល​ទៅកាន់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

ការណ៍​នេះរួមបញ្ចូលទាំងការរាយបន្លាលួសនៅក្នុងតំបន់ច្រកទ្វារអន្តរជាតិថ្មដា ក្នុងខេត្តពោធិ៍សាត់​ នៃប្រទេសកម្ពុជា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ និងការបន្ត​ធ្វើ​លេណដ្ឋាន​រឹង​មាំ​នៅ​លើទឹ​កដីកម្ពុជាក្នុងភូមិស្រ្ដតំបន់អានសេះ។ សកម្មភាព​បែប​នេះ​បង្ក​នូវ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ហើយពុំសមស្រប​ទៅ​នឹង​វិធាន​ការ​កាត់​បន្ថយ​ភាព​តាន​តឹង ដែលមានចែងក្នុងចំណុចទី១ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់​គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បន្តអំពាវនាវឱ្យប្រទេសថៃអនុវត្តឱ្យបានពេញលេញ និង​ស្មោះ​ត្រង់​នូវ​គ្រប់ប្រការទាំងអស់ នៃសេចក្តីប្រកាស​រួម​នៃ​កិច្ច​ប្រជុំ​ពិសេស​លើក​ទី​៣​របស់​គណៈ​កម្មាធិការ​ព្រំដែន ទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធនានា។ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញា ចិត្តរបស់ខ្លួន ក្នុងការដោះស្រាយ​បញ្ហា​ព្រំដែន​ជា​មួយ​ប្រទេស​ថៃ​ដោយ​សន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំង​ប្រកាន់​ខ្ជាប់​នូវគោលការណ៍ថា ព្រំដែនមិនត្រូវ បានកែប្រែដោយប្រើកម្លាំងនោះឡើយ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia