ព័ត៌មាន
គ.ស.ម.ក. ដាក់ពាក្យប្ដឹងទៅ UN ករណីរំលោភសិទ្ធិជនភៀសសឹកកម្ពុជាយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានដាក់ពាក្យប្ដឹងទៅកាន់ លោកស្រី Paula Gaviria Betancur អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិជនភៀសសឹកក្នុងប្រទេស នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចំពោះករណីរំលោភសិទ្ធិជនភៀសសឹកកម្ពុជាយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ចេញផ្សាយកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ទោះបីជាមានសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ (កិច្ចព្រមព្រៀងបទឈប់បាញ់) យ៉ាងណាក៏ដោយក៏ជនភៀសសឹកកម្ពុជា ច្រើនជាង ១១៥ ០០០នាក់ នៅតែមិនអាចត្រឡប់ទៅលំនៅឋាន និងសហគមន៍របស់ពួកគាត់វិញបាន ដោយសុវត្ថិភាព និងតាមការស្ម័គ្រចិត្តនៅឡើយទេ បើគិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ដោយសារសកម្មភាពខុសច្បាប់របស់យោធាថៃ រួមមានការកម្ទេចផ្ទះរបស់ប្រជាជនស៊ីវិលកម្ពុជា ក្នុងតំបន់ដែលយោធាថៃ បានឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់ ក៏ដូចជាការដាក់ពង្រាយបន្លាលួស និងទូកុងតឺន័រ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ថា ទង្វើរបស់យោធាថៃបានធ្វើឱ្យជនភៀសសឹកកម្ពុជា ក្លាយជាជនគ្មានផ្ទះសម្បែង និងជាជនរងគ្រោះ ចំពោះការបណ្តេញចេញតាមទំនើងចិត្ត ដែលជាការរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់ ជាពិសេស ចំណុចទី១ ចំណុចទី៤ និងចំណុចទី៧។
គ.ស.ម.ក. គូសបញ្ជាក់ថា ការចូលមកកាន់កាប់ដោយខុសច្បាប់ ការបំផ្លិចបំផ្លាញផ្ទះសម្បែង ការលួចទ្រព្យសម្បត្តិជនស៊ីវិល និងការរារាំងក្នុងការវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញត្តិនានានៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (UDHR) កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ICESCR) កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិ នយោបាយ (ICCPR) អនុសញ្ញាស្តីពីសិទ្ធិកុមារ (CRC) អនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព (CRPD) អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW) និងអនុសញ្ញាទីក្រុង ហ្សឺណែវ ឆ្នាំ១៩៤៩។ ជាងនេះទៀតសកម្មភាពទាំងនេះក៏បាននិងកំពុងបង្កការលំបាកកាន់តែធ្ងន់ធ្ងរ បន្ថែមទៀតចំពោះជនភៀសសឹកកម្ពុជា ជាពិសេសដល់ស្ត្រី កុមារ មនុស្សចាស់ជរា អ្នកជំងឺ និងជនមាន ពិការភាព ដែលជាក្រុមជនងាយរងគ្រោះស្រាប់ ត្រូវជួបបញ្ហា ដូចជា ភាពក្រីក្រ ការបាត់បង់ការសិក្សា បញ្ហាសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងឱកាសទទួលបានសេវាចាំបាច់ផ្សេងៗទៀត។
នៅក្នុងបណ្តឹងនោះ គ.ស.ម.ក. បានស្នើឱ្យអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ៖ ១. ពិនិត្យ និងដោះស្រាយជាបន្ទាន់នូវស្ថានភាពជនភៀសសឹកក្នុងប្រទេសកម្ពុជា ដែលបង្កឡើងដោយសកម្មភាពយោធារបស់ថៃ។ ២. ចេញសេចក្តីជូនដំណឹងបន្ទាន់ទៅរដ្ឋាភិបាលថៃ និងធ្វើទំនាក់ទំនងជាមួយគ្រប់យន្តការអង្គការសហប្រជាជាតិពាក់ព័ន្ធ ដើម្បីអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ចំពោះសកម្មភាពទាំងឡាយណា ដែលរារាំងការវិលត្រឡប់របស់ជនភៀសសឹកកម្ពុជាទៅលំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ៣. អំពាវនាវឱ្យប្រទេសថៃដកកងកម្លាំងយោធាចេញពីទឹកដីកម្ពុជា និងចៀសវាងរាល់សកម្មភាព ណា ដែលបង្កើនការគ្រប់គ្រងរបស់យោធាថៃ ឬបង្កឱ្យមានការភៀសសឹកបន្ថែមទៀត។ ៤. បញ្ជាក់ស្ថានភាពនេះនៅក្នុងបណ្តឹង និងរបាយការណ៍នានាថា ជាករណីធ្ងន់ធ្ងរមួយនៃការ ភៀសសឹកក្នុងប្រទេសជាប់ពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធ ដែលជាការរំលោភលើច្បាប់សិទ្ធិ មនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។ ៥. ជំរុញឱ្យប្រទេសថៃផ្តល់នូវការជួសជុលការខូចខាតនានាជូនដល់ជនរងគ្រោះកម្ពុជា ដូចជាការ ផ្តល់ជាសំណង និងការធានាមិនឱ្យករណីបែបនេះកើតឡើងជាថ្មីម្តងទៀត។
គ.ស.ម.ក. បញ្ជាក់ជាថ្មីថា ការភៀសសឹកក្នុងប្រទេស មិនមែនជាបញ្ហាសាមញ្ញនោះទេ ហើយភាពស្ងៀមស្ងាត់ និងយឺតយ៉ាវក្នុងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ នឹងបង្កឱ្យមាននិទណ្ឌភាព និងការរងគ្រោះ កាន់តែអូសបន្លាយនិងធ្ងន់ធ្ងរសម្រាប់ប្រជាជនស៊ីវិល។ ប្រទេសកម្ពុជាមានកាតព្វកិច្ចចម្បងក្នុងការការពារប្រជាជនខ្លួន និងដាក់ចេញវិធានការសំខាន់ៗ ក្នុងការជួយជនភៀសសឹក ប៉ុន្តែការចូលរួមរបស់សហគមន៍ អន្តរជាតិ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ នៅពេលដែលការភៀសសឹកបានកើតឡើងដោយសារសកម្មភាព របស់យោធាបរទេស៕









-
ព័ត៌មាន5 days agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS6 days agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន3 days agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
កីឡា1 week agoជើងឯកថ្នាក់ជាតិកីឡាគុនល្បុក្កតោ ជាការជួបជុំរបស់អ្នកជំនាន់ក្រោយបន្តកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនព្រលឹងវប្បធម៌ខ្មែរ
-
ព័ត៌មាន1 week agoការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្តេច
-
ព័ត៌មាន2 days agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន4 days agoរដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តលើកទី១២ នៃមន្ទីរពេទ្យកាល់ម៉ែត
-
ព័ត៌មាន2 days agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា