ព័ត៌មាន
កម្ពុជាសម្ពោធជាផ្លូវការ គម្រោងធានាឥណទាន ឯកត្តឥណទានពិសេស គាំទ្រដល់វិស័យអាទិភាព
កម្ពុជាដាក់សម្ពោធជាផ្លូវការនូវ “គម្រោងធានាឥណទាន ឯកត្តឥណទានពិសេស” បង្កើតឡើងដើម្បីគាំទ្រគោលនយោបាយ, យុទ្ធ សាស្រ្ដ, និងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលដូចជា វិស័យស្រូវអង្ករ ស្វាយចន្ទី កម្មន្ដសាល ការអភិវឌ្ឍលំនៅឋានសង្គម និងលំនៅ ឋានតម្លៃសមរម្យជាដើម។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងពិធីអបអរសាទរខួប ៥ ឆ្នាំ របស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) “៥ឆ្នាំនៃការធានាឥណទានជាយុទ្ធសាស្រ្ដ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយ បរិយាបន្ន” នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦, បានអញ្ជើញជាអធិបតីការដាក់សម្ពោធជាផ្លូវការនូវ “គម្រោងធានាឥណទាន ឯកត្តឥណទានពិសេស” ដែលត្រូវបានបង្កើតឡើងដើម្បីគាំទ្រគោលនយោបាយ យុទ្ធសាស្រ្ដ និងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដូចជា៖ វិស័យស្រូវអង្ករ ស្វាយចន្ទី កម្មន្ដសាល ការអភិវឌ្ឍលំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យជាដើម។ ដោយគម្រោងនេះ អនុញ្ញាតឱ្យម្ចាស់អាជីវកម្ម អាចដាក់ពាក្យបង្ហាញចំណាប់អារម្មណ៍មក CGCC ដោយផ្ទាល់ ក្នុងការទទួលបានការធានាឥណទានលើ កម្ចីរហូតដល់ ១០ លានដុល្លារ ក្នុងមួយកម្ចី សម្រាប់ការប្រើប្រាស់ជាទុនបង្វិល និងពង្រីកអាជីវកម្ម និងអនុញ្ញាតឱ្យ CGCC ចូលរួម វាយតម្លៃលទ្ធភាពសងរបស់អ្នកខ្ចី រួមជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការផ្តល់ហិរញ្ញប្បទាន។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្ថែមថា ការបង្កើត CGCC នេះឡើង គឺជាការគិតគូរជាយុទ្ធសាស្ត្រដ៏ល្អិតល្អន់ និងដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៦ នៃរដ្ឋសភា, ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា, ក្នុងការអនុវត្តវិធានការអន្តរាគមន៍ តាមរយៈយន្តការធានាឥណទាន, សំដៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ច, ជាពិសេសក្នុងអំឡុងវិបត្តិនៃជំងឺកូវីដ-១៩ ជាសកល, ដោយ ផ្អែកលើឧត្តមានុវត្តជាអន្តរជាតិ ក៏ដូចជាការវិវត្តនៃបរិបទសង្គម-សេដ្ឋកិច្ចជាក់ស្តែងរបស់កម្ពុជា។
យន្តការធានាឥណទាន បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអនុវត្តគោលនយោបាយគន្លឹះនានារបស់រាជរដ្ឋាភិបាល រួម មាន៖ ទី១. ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ជាពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម តាមរយៈ ការបង្កើនលទ្ធភាពទទួល បាននូវហិរញ្ញប្បទាន; ទី២. ការពង្រឹងការអភិវឌ្ឍវិស័យឯកជន តាមរយៈការគាំទ្រឲ្យមានការវិនិយោគ ការពង្រីកប្រតិបត្តិការអាជីវកម្ម និងការបង្កើតការងារបន្ថែមឲ្យបានកាន់តែច្រើន ជាពិសេសសម្រាប់យុវជន; និងទី៣. ការពង្រឹងភាពធន់នៃសេដ្ឋកិច្ច តាមរយៈការ បង្កើនទំនុកចិត្តក្នុងទីផ្សារ និងការរួមគ្នាគ្រប់គ្រងហានិភ័យ ជាពិសេសក្នុងអំឡុងវិបត្តិ ឬបញ្ហាប្រឈមពីកត្តាខាងក្រៅ ដែលមិនចំណុះ នឹងការគ្រប់គ្រងរបស់កម្ពុជា។
ចំណែក CGCC គឺជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលមានបេសកកម្មចម្បង ក្នុងការផ្ដល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងរួមចំណែក ដល់កំណើន សេដ្ឋកិច្ច។ នៅក្នុងរយៈពេល ៥ឆ្នាំ កន្លងមកនេះ CGCC បានដាក់ឱ្យដំណើរការការធានាឥណទាន ឯកត្តឥណទាន ចំនួន ៧ គម្រោង, ការធានាឥណទានជាកញ្ចប់ចំនួន ១៧ កិច្ចព្រមព្រៀង, ការធានាលើការបោះផ្សាយសញ្ញាបណ្ណរបស់ក្រុមហ៊ុនចំនួន១ , និងការធានា ឥណទានបោះដុំចំនួន ៣កិច្ចព្រមព្រៀង ព្រមទាំងបានដាក់ឱ្យដំណើរការកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC (EPIC)។ តាមរយៈគម្រោងទាំងអស់នេះ CGCC បានអនុម័តការធានាឥណទានចំនួន ៩.៥៥៦ គណនី លើកម្ចីប្រមាណាង ៥២១លានដុល្លារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី






-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
-
កីឡា1 week agoអត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធានសហព័ន្ធជឿជាក់នាំ មេដាយជូនជាតិ