ព័ត៌មាន
សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងកូរ៉េខាងត្បូងខិតខំពង្រីកទំនាក់ទំនងទៅជាដៃគូយុទ្ធស្រ្តគ្រប់ជ្រុងជ្រោយនៅឆ្នាំក្រោយ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា និងសារធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បន្តខិតខំពូនជ្រំ និងពង្រីកទំនាក់ទំនងប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយក្នុងឱកាសខួប៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញនៅឆ្នាំ២០២៧ខាងមុខ។
សម្ដេចតេជោ ហ៊ុន សែន បានជំរុញបែបនេះ ក្នុងឱកាស អនុញ្ញាតជូន ជូន ឯកឧត្តម គឹម ចាងយ៉ុង (KIM Chang Yong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)តែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា នៅក្នុងជំនួបនេះ សម្ដេចតជោ បានសម្ដែងនូវការអបអរសាទរ ចំពោះឯកឧត្តម គឹម ចាងយ៉ុង ដែលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េថ្មីប្រចាំនៅកម្ពុជា ដោយសម្ដេចបានចាត់ទុកវត្តមានរបស់ឯកអគ្គរដ្ឋទូតថ្មីរបស់កូរ៉េនាពេលនេះគឺជាការបង្ហាញយ៉ាងច្បាស់ថា សាធារណរដ្ឋកូរ៉េបានផ្ដល់តម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ។
នៅក្នុងឱកាសនោះសម្ដេចតេជោបានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ គឺសម្ដេចតេជោបានខិតខំប្រឹងប្រែងពូនជ្រំតាំងពីចាប់តាំងពីឆ្នាំ១៩៩៦មក ហើយនៅឆ្នាំ២០២៧ខាងមុខ គឺជាខួប ៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងឡើងវិញរវាងសាធារណរដ្ឋកូរ៉េជាមួយកម្ពុជា។ ដូច្នេះសម្ដេចតេជោសង្ឃឹមថា ខួប៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងឡើងវិញនេះប្រទេសទាំងពីរនឹងសហការគ្នាដើម្បីរៀបចំជាព្រឹត្តិការណ៍ដើម្បីអបអរសាទរ ហើយក៏ជាខួប៣០ឆ្នាំដែរនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់សាធារណរដ្ឋកូរ៉េជាលើកដំបូងផងដែរ។
នៅក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េតែងតាំងថ្មី ប្រចាំនៅកម្ពុជា បានសម្ដែងនូវក្ដីអរគុណជាអនេកចំពោះសម្ដេចតេជោ ដែលបានផ្ដល់ឱកាសដល់ឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តមបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោកន្លងមក ទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េមានការរីកចម្រើនជាលំដាប់ ហើយបន្តដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី ទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្តពូនជ្រំបន្ថែមទៀតរហូតដល់ក្លាយជាដៃគូយុទ្ធសាស្រ្ដជាមួយគ្នារវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជា។
ឯកឧត្តម ឯកអគ្គរដ្ឋទូត បានចាត់ទុកតួអង្គសម្ដេចតេជោ គឺជាអ្នកពូនជ្រំ និងជាស្ថាបនិកនៃការបង្កើត និងពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េឱ្យមានភាពរីកចម្រើនរហូតមកដល់បច្ចុប្បន្ន។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ក្នុងអាណត្តិរបស់ឯកឧត្តមនឹងខិតខំប្រឹងប្រែងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
សម្ដេចតេជោបានអរគុណចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលបានលើកឡើងអំពីភាពរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចបានគត់សម្គាល់ថា នៅក្នុងឱកាសខួប៣០ឆ្នាំនៅឆ្នាំក្រោយ នៃការបង្កើតទំនាក់ទំនងឡើងវិញរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ភាគីទាំងពីរគួរតែពង្រីកទំនាក់ទំនងពីដៃគូយុទ្ធសាស្រ្ដឱ្យក្លាយទៅជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ ពីព្រោះសម្ដេចតេជោ យល់ថាបច្ចុប្បន្នទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពរីកចម្រើនស្ទើគ្រប់វិស័យទៅហើយ ដូច្នេះទំានាក់ទំនងនេះគួរតែពង្រីកបន្ថែមទៀតដោយលើកកម្រិតទៅជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ។
ជាការឆ្លើយតបចំពោះប្រសាសន៍សម្ដេចតេជោ លើការជំរុញកម្រិតទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូងឱ្យទៅជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយនាពេងខាងមុខ, ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងរាយការណ៍រឿងនេះទៅកាន់រដ្ឋាភិបាលកូរ៉េខាងត្បូង, ហើយរូបឯកឧត្តមផ្ទាល់ក្នុងឋានៈជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជានឹងខិតខំប្រឹងប្រែងធ្វើកិច្ចការងារដើម្បីដំឡើងនូវកម្រិតការទូតរវាងប្រទេសទាំងពីរ ដែលបច្ចុប្បន្នកំពុងឋិតនៅជាដៃគូយុទ្ធសាស្រ្ដជាមួយគ្នា។
ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជា និងកូរ៉េខាងត្បូងនាពេលកន្លងទៅ ទាំងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ។ ក្នុងនោះសម្រាប់វិស័យវិនិយោគ បច្ចុប្បន្នអ្នកវិនិយោគិនកូរ៉េខាងត្បូងមានប្រមាណ ២០០ ក្រុមហ៊ុនកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា លទ្ធផលនេះបង្ហាញច្បាស់អំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងកូរ៉េខាងត្បូង៕







-
ព័ត៌មាន7 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន3 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច