Connect with us

ព័ត៌មាន

រាជរដ្ឋាភិបាលនឹងពង្រឹងប្រមូលចំណូលមិនមែនសារពើពន្ធ ដើម្បីពង្រីក​ប្រសិទ្ធភាព​ចំណូល​សម្រាប់​ជាតិ

រាជរដ្ឋាភិបាលក្នុងឆ្នាំ២០២៦នេះ នឹងជំរុញពង្រឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និង​ការ​ចាត់​ចែង​លើទ្រព្យសម្បត្តិរដ្ឋ បន្តស្វែងរកមុខចំណូលថ្មីៗ ជាពិសេស​ពង្រឹង​យន្តការ​នៃ​ការ​ប្រមូល​ចំណូល​ពី​វិស័យធនធានរ៉ែឱ្យអស់សក្តានុពល ដើម្បីពង្រឹងប្រសិទ្ធភាព នៃការប្រមូល​ចំណូល​ដែល​មានស្រាប់។

ជុំវិញចំណូលមិនមែនសារពើរពន្ធ បើយោងតាមច្បាប់​ស្តីពី​ហិរញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ថវិកា​ឆ្នាំ​២០២៦​ រាជរដ្ឋាភិបាលជំរុញ និងពង្រឹងការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រង​ចំណូល​មិនមែន​សារ​ពើ​ពន្ធ​, ច្បាប់ស្តីពីការគ្រប់គ្រងការប្រើប្រាស់និងការចាត់ចែងទ្រព្យ សម្បត្តិរដ្ឋ, ព្រមទាំងច្បាប់ និង​បទ​ដ្ឋានគតិយុត្តនានា ពាក់ព័ន្ធចំណូលមិនមែនសារពើរពន្ធ, ការស្វែងរកចំណូលថ្មីៗ ដើម្បី​ពង្រឹង និង​ពង្រីកការប្រមូលចំណូលមិនមែនសារពើពន្ធ និងចំណូលដែលមានសក្តានុពល ជាពិសេស​ការ​ប្រមូល​ចំណូល​លើ​វិស័យធនធានរ៉ែឱ្យ អស់សក្តានុពល ដើម្បីពង្រឹងដល់ប្រសិទ្ធភាព​នៃ​ការ​ប្រមូល​ចំណូល​របស់​រាជរដ្ឋាភិបាល សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។

ទាក់ទងវិស័យរ៉ែ, ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងក្នុង​សន្និបាត​បោះ​ឆ្នោត​ជ្រើស​រើសក្រុមប្រឹក្សា ភិបាលសមាគមថ្មអារកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ នេះថា ជុំវិញការ​ប្រមូល​ចំណូល​សួយសារពីវិស័យធនធានរ៉ែមានជាអាទិ៍ រ៉ែមាស រ៉ែខ្សាច់ រ៉ែសំណង់ រ៉ែដែក​ឆៅ​ជា​ដើម​ នៅក្នុងអាណត្តិទី៦ កន្លងមក, រាជរដ្ឋាភិបាលប្រមូលចំណូលពីវិស័យនេះ បាន​ក្នុង​រង្វង់​ប្រមាណ ​៤០លានដុល្លារអាមេរិក ប៉ុន្តែនៅក្នុងអាណត្តិថ្មី, ជាពិសេសនៅក្នុងឆ្នាំ២០២៥ ការ​ប្រមូល​​​សួយសារពីវិស័យទាំងនេះ បានចំណូលចូល ថវិការដ្ឋសរុបជាង ១៣៥ លានដុល្លារ​អាមេរិក ក្នុងនោះបើគិតទាំងចំណូលពន្ធ វិស័យធនធានរ៉ែ បានរួមចំណែករាប់រយលានដុល្លារ ចូល​ថវិកាជាតិ ដែលនេះបង្ហាញពីមោនទភាពរបស់កម្ពុជា។

ឯកឧត្តម​រដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ជុំវិញវិស័យរ៉ែនេះ នៅពេលរាជរដ្ឋាភិបាលធ្វើការអភិវឌ្ឍ ពិតណាស់គឺយើងត្រូវគិតគូរពីបរិស្ថាន និងផលប៉ះពាល់ទាំងមនុស្ស និងសត្វជាដើម, បញ្ហានេះប្រសិនការរសិក្សារកឃើញផលប៉ះពាល់តិចតួច និងហុចផលប្រយោជន៍មក វិញច្រើន រាជរដ្ឋាភិបាលនឹងជំរុញអភិវឌ្ឍន៍ ព្រោះការអភិវឌ្ឍនេះនឹងចូលរួមបង្កើតការងារ និងប្រាក់ចំណូល ជាក់ស្តែងមកដល់ពេល នេះ វិស័យរ៉ែទាំងមូល បានបង្កើតការងារជូនប្រជាពលរដ្ឋជិត ២ ម៉ឺនកន្លែងផងដែរ។

សូមបញ្ជាក់ថា ជុំវិញការប្រមូលចំណូលមិនមែនសារពើរពន្ធនេះ ក្នុងនោះចំពោះវិស័យរ៉ែ ក្នុងឆ្នាំ២០២៦នេះ, រាជរដ្ឋាភិបាលនឹងបន្ត ពង្រឹងយន្តការ និងប្រសិទ្ធភាពនៃការប្រមូលចំណូលពីវិស័យធនធានរ៉ែឱ្យអស់សក្តានុពល ជាពិសេសផលិតផលរ៉ែសម្រាប់ការនាំចេញ ក្រៅប្រទេសរួមមាន៖ រ៉ែមាស រ៉ែដែកឆៅ រ៉ែម៉ង់កាណែសឆៅ និងរ៉ែខ្សាច់ជាដើម និងការចុះពិនិត្យផ្ទាល់ដល់ការដ្ឋានអាជីវកម្ម ដោយ ក្រុមការងារអន្តរក្រសួង-ស្ថាប័ន ដើម្បីត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើការបង់សួយសារ និងបរិមាណធ្វើអាជីវកម្មជាក់ស្តែង៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia