ព័ត៌មាន
ស្អែកនេះ អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ស្អែកនេះ អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដើម្បីពង្រឹងថែមទៀតនូវទំនាក់ទំនងល្អ កក់ក្តៅ រវាងកម្ពុជា វៀតណាម និងឡាវ និងឆ្លុះបញ្ចាំងអំពីការប្តេជ្ញារួមក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមជាមួយគ្នា។
សូមជម្រាថា តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម តូ ឡឺម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងអញ្ជើញមក បំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ និងឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ សព្វព្រះរាជហឬទ័យរាជានុញ្ញាតឱ្យ ឯកឧត្តមអគ្គលេខាធិការបក្សនៃប្រទេសទាំងពីរ ចូលគាល់ដើម្បីធ្វើសវនការ និងប្រោសប្រទានពិធីលៀងសាយភោជន៍ជាកិត្តិយសជូន ឯកឧត្តមអគ្គលេខាធិការបក្ស នៅព្រះបរមរាជវាំង។ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក៏សព្វព្រះរាជហឬទ័យរាជានុញ្ញាត ឱ្យ ឯកឧត្តម តូ ឡឹម ចូលគាល់ និងធ្វើសវនការនៅព្រះរាជដំណាក់ផងដែរ ។
ឯកឧត្តមអគ្គលេខាធិការបក្សនៃប្រទេសទាំងពីរ ក៏គ្រោងនឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ នៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” អតីត ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងមណ្ឌបមិត្តភាពកម្ពុជា-វៀតណាម។
អគ្គលេខាធិការបក្សនៃប្រទេសទាំងពីរ នឹងមានជំនួបកំពូលជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
ទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តមអគ្គលេខាធិការ តូ ឡឹម ពង្រឹងថែមទៀតនូវទំនាក់ទំនងដ៏កក់ក្តៅ រវាងកម្ពុជា និងវៀតណាម និងឆ្លុះបញ្ចាំងអំពីការប្តេជ្ញារួមក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែម ទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ស្របតាមស្មារតី “ភាពជាអ្នកជិត ខាងល្អមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង” ដើម្បីការអភិវឌ្ឍ និងវិបុលភាពនៃប្រជាជាតិ និងប្រជាជនទាំងពីរ។
ជាមួយគ្នានេះទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ក៏នឹងពង្រឹងបន្ថែមនូវចំណងមិត្តភាពដ៏ កក់ក្តៅរវាងប្រទេសទាំងពីរ និងឆ្លុះបញ្ចាំងអំពីការប្តេជ្ញារួមក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែម ទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ស្របតាមស្មារតី “ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងកម្ពុជានិងឡាវ” ដើម្បីការអភិវឌ្ឍ និងវិបុលភាព នៃប្រជាជាតិ និងប្រជាជនទាំងពីរផងដែរ៕


-
ព័ត៌មាន5 days agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS6 days agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន1 week agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន1 week agoសម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុង១ឆ្នាំ
-
ព័ត៌មាន3 days agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
កីឡា7 days agoជើងឯកថ្នាក់ជាតិកីឡាគុនល្បុក្កតោ ជាការជួបជុំរបស់អ្នកជំនាន់ក្រោយបន្តកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនព្រលឹងវប្បធម៌ខ្មែរ
-
ព័ត៌មាន1 week agoការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្តេច
-
ព័ត៌មាន2 days agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព