ព័ត៌មាន
គិតមកដល់ពេលនេះ ក្រសួងការងារបើកវេទិកាការងារចំនួនជិត ៦០០លើក
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតចាប់ពីខែមិថុនា ឆ្នាំ២០២៥ រហូតត្រឹមបំណាច់ខែមករា ឆ្នាំ២០២៦នេះ បានរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួនជិត ៦០០លើក ដើម្បីផ្សព្វផ្សាយព័ត៌មានវិស័យការងារជូនដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃ ឱ្យទទួលបានការងារធ្វើគ្រប់ៗគ្នា។

នៅក្នុងកិច្ចសម្ភាសន៍ រវាងទូរទស្សន៍ព័ត៌មាន ប៊ីធីវី កាលពីកន្លងទៅថ្មីៗនេះលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ឱ្យដឹងថា ក្រៅពីការផ្តល់នូវឱកាសការងារដ៏សម្បូរបែប វេទិកាការងារ នេះ ក៏មានការផ្តល់នូវឱកាសក្នុងការសិក្សាជំនាញបច្ចេកទេស ដោយឥតគិតថ្លៃផងដែរ ដែលជំនាញទាំងនោះសុទ្ធតែស្របទៅតាមតម្រូវការទីផ្សារ ហើយនៅពេលដែលពួកគាត់មានជំនាញច្បាស់លាស់ ពួកគាត់នឹងទទួលបានការងារដែលមានប្រាក់ចំណូលសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។

អ្នកនាំពាក្យ បានរៀបរាប់បន្តថា ដោយសារឱកាសការងារមានច្រើនសម្បូរបែប និងខណៈកំណើននៃការចុះឈ្មោះដើម្បីមានការងារធ្វើមានចំនួនតិច ដូច្នេះក្រសួងបានដាក់ចេញនូវវេទិកាការងារផ្ទាល់តែម្តង ដោយនាំយកទាំងក្រុមហ៊ុន និងឱកាសការងារទៅដល់ឃុំ ទៅដល់ភូមិ ដែលចាប់ផ្តើមតាំងពីពីកណ្តាលឆ្នាំ២០២៥ រហូតមកដល់បច្ចុប្បន្ន ហើយឥឡូវក៏កំពុងបន្តធ្វើថែមទៀតនៅឆ្នាំ២០២៦នេះ។ ឯកឧត្តម បានបញ្ជាក់ថា ការងារដែលមន្រ្តី និងក្រុមការងារពាក់ព័ន្ធកំពុងធ្វើនេះ មិនមែនចុះតែល្អមើល និងរួចពីដៃនោះទេ ពោលគឺក្រសួងការងារបានធ្វើជារៀងរាល់សប្តាហ៍ ហើយរហូតក្នុងថ្ងៃខ្លះបានរៀបចំវេទិកាការងារចំនួន៣០វេទិកាក៏មាន ជាពិសេសមន្រ្តីទាំងអស់មកពីខាងផ្នែកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) , បេឡាជាតិជាតិសន្តិសុខសង្គម (ប.ស.ស.) និងអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) បានចុះទៅផ្ទាល់តែម្តង ដើម្បីផ្សព្វផ្សាយព័ត៌មានឱ្យដល់មូលដ្ឋាននៃការរស់នៅរបស់ប្រជាពលរដ្ឋ។

បន្ថែមពីនេះលោក ស៊ុន មេសា បានអំពាវនាវដល់អតីតពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ដែលមានបំណងស្វែងរកការងារធ្វើ សូមទាក់ទងទៅកាន់លេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារធ្វើ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ដែលមន្ត្រីក្រសួងការងារនៅរងចាំទទួលទូរស័ព្ទ ៧ថ្ងៃក្នុងមួយសប្តាហ៍។
សូមជំរាបជូនថា នៅថ្ងៃទី៧ និងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងខេត្តចំនួន២ថែមទៀត ទី១.ខេត្តប៉ៃលិន ស្រុកសាលាក្រៅ និងទី២.ខេត្តបាត់ដំបង ស្រុកសំឡូត ដើម្បីផ្តល់ឱកាសការងារ អត្ថប្រយោជន៍នៃរបបបេឡាជាតិសន្តិសុខសង្គម និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលត្រឡប់មកពីប្រទេសថៃ៕ អត្ថបទ៖ ឈិត បូរ៉ាវី


-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
-
កីឡា1 week agoអត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធានសហព័ន្ធជឿជាក់នាំ មេដាយជូនជាតិ