ព័ត៌មាន
សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប រៀបចំពិធីសច្ចាបញ្ចូលសមាជិកថ្មីមួយពាន់រូប
សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំពិធីសច្ចាបញ្ចូលសមាជិកថ្មី លើកទី៣៥ របស់សាខាខេត្តសៀមរាប ចំនួន១ ០០០រូប ក្នុងគោលបំណងបណ្តុះបណ្តាលយុវតីឱ្យក្លាយជាធនធានដឹកនាំដ៏មានសក្ដានុពលសម្រាប់អភិវឌ្ឍជាតិ ដែលពិធីនេះប្រព្រឹត្តិទៅនៅថ្ងៃទី១ខែមីនាឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃសមាគម និងសមាជិកាជាច្រើនរូបទៀត។
លោកស្រី ក្រង់ ស៊ីថាវី ប្រធានក្រុមប្រឹក្សាសមាគមកាយឬទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០២២ ដល់២០២៤ សាខាខេត្តសៀមរាប បានពង្រីកសមាជិកាសកម្មចំនួន ៦ក្រុងស្រុក មានសមាជិកាចំនួន ២៨៩រូប និងគ្រូបង្គោល២១រូប និងចាប់ពីឆ្នាំ២០២៥ ដល់២០២៦នេះ ពង្រីកសមាជិកាសកម្មថ្មីចំនួន៧ស្រុក សរុប ៤២០រូប និងគ្រូបង្គោល១៥រូប។ សម្រាប់ពិធីសច្ចាបញ្ចូលសមាជិក សមាជិកាថ្មី លើកទី៣៥នេះ មានចំនួនសរុប ៨២៥រូប ក្នុងនោះសាខាខេត្តសៀមរាប មានសមាជិកគាំទ្រថ្មី៨១រូប សមាជិកសកម្មថ្មី៥៨២រូប និងត្រូវប្តូរកន្សែងចំនួន១២៦រូប។ក្រៅពីនេះ ក៏មានសមាជិកាមកពីស្នាក់ការកណ្តាល និងសាខាខេត្តកំពត ចូលរួមសច្ចាផងដែរ។
ក្នុងនាម លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា លោកស្រី ឆូវ ផល្លី អគ្គស្នងការរងនៃសមាគមកាយឫទ្ធិនារីកម្ពុជា បានមានប្រសាសន៍ថា ការចូលជាសមាជិករបស់សមាគមកាយឫទ្ធិនារីកម្ពុជា គឺជាកម្លាំងស្ម័គ្រចិត្តរួម ដែលផ្ដល់ឲ្យសមាជិកនូវចំណេះដឹងបទពិសោធន៍ទាំងជីវិត ការងារ និងលទ្ធភាពធ្វើការរួមគ្នា ដើម្បីផលប្រយោជន៍សង្គម។ លើសពីនេះ កុមារី យុវតី និងសមាជិករបស់សមាគមត្រូវបានបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ ធ្វើការងារជាក្រុម ក្លាយជាធនធានដ៏ល្អជួយអភិវឌ្ឍប្រទេសជាតិ។ សមាជិកទាំងអស់ត្រូវបានជំរុញ លើកទឹកចិត្តឱ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ តាមគោលបំណង បេសកកម្ម និងពាក្យស្លោករបស់សមាគមគឺ “កម្លាំងស្ម័គ្រចិត្ត ដើម្បីកុមារីនិងយុវតីកម្ពុជា”។
លោកស្រី ឆូវ ផល្លី បានបញ្ជាក់ថា សកម្មភាពអប់រំក្រៅប្រព័ន្ធនេះ តែងតែទទួលបានការយកព្រះទ័យទុកដាក់ និងគាំទ្រយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ ព្រះប្រធានកិត្តិយសនៃសមាគម ដែលទ្រង់តែងតែសព្វព្រះរាជហឫទ័យឱ្យយុវតីកម្ពុជាមានសមត្ថភាពខ្ពស់ស្មើមុខមាត់លើឆាកអន្តរជាតិ។ ជាមួយគ្នានេះ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សមាគមកាយឫទ្ធិនារីកម្ពុជា បាននិងកំពុងសម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ ដោយមានយុវជន-យុវនារីទូទាំងប្រទេសដាក់ពាក្យចូលជាសមាជិកយ៉ាងច្រើនកុះករ។ គោលដៅចម្បងគឺការបណ្តុះបណ្តាលកុមារី និងយុវតី ឱ្យក្លាយជាធនធានមនុស្សដ៏មានតម្លៃ ជាភរិយា និងជាម្តាយដ៏ល្អក្នុងសង្គម ដើម្បីរួមចំណែកថែរក្សាសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើន។លោកស្រីក៏បានថ្លែងនូវការកោតសរសើរ និងអគុណដល់សមាជិកា សមាជិកគាំទ្រទាំងអស់ ដែលបានចូលរួមសកម្មភាពផ្សេងៗ ក្នុងសមាគមកាយឫទ្ធិនារី កម្ពុជា ដូច ដែលសាខាបានធ្វើការបង្ហាញពីលទ្ធផលរបស់ខ្លួន។ ការចូលរួមរបស់ប្អូនៗ ក្មួយៗទាំងអស់ ធ្វើឱ្យសមាគមបន្ដបេសកកម្ម និងទិសដៅរបស់សមាគមកាយឬទ្ធិនារីកម្ពុជា ទទួលបានជោគជ័យ។ ជាក់ស្តែងនៅថ្ងៃនេះមានប្អូនៗយុវជន-យុវនារីខ្មែរជាច្រើនពាន់នាក់នៅទូទាំងរាជធានី-ខេត្ត បានដាក់ពាក្យស្នើសុំចូលជាសមាជិកភាពនៃសមាគមកាយឫទ្ធិនារីកម្ពុជា ជាបន្តបន្ទាប់ទៀតផង៕









-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា7 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង