ព័ត៌មាន
ក្រសួងឧស្សាហកម្ម និងអគ្គលេខាធិការដ្ឋានអាស៊ាន ពិភាក្សាការជំរុញនវានុវត្តន៍តំបន់ និងសមាហរណកម្មសហគ្រាសធុនមីក្រូ តូច និងមធ្យម
នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម។
ឯកឧត្តម ហែម វណ្ណឌី បានរំលេចកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដោយបានសហការជិតស្និទ្ធជាមួយអាស៊ាន ដើម្បីគាំទ្រឧស្សាហូបនីយកម្ម និងពង្រឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ក្នុងតំបន់។ ឯកឧត្តមបានលើកឡើងថា៖ “កម្ពុជាទទួលបានអត្ថប្រយោជន៍ជាច្រើនពីក្របខ័ណ្ឌ និងកិច្ចសហប្រតិបត្តិការអាស៊ាន ហើយយើងបន្តខិតខំជំរុញគំនិតផ្តួចផ្តើមនានា ដើម្បីអភិវឌ្ឍវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងសមាហរ័ណសហគ្រាសធុនមីក្រូ តូច និងមធ្យមទៅក្នុងខ្សែច្រវាក់តម្លៃតំបន់។”
ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីការត្រៀមលក្ខណៈរបស់កម្ពុជា ក្នុងការចាកចេញពីឋានៈជាប្រទេស ដែលមានការអភិវឌ្ឍតិចតួច និងសារសំខាន់នៃសុខដុមនីយកម្មស្តង់ដាអាស៊ាន ដើម្បីកាត់បន្ថយរបាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម។
ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានលើកឡើងថា នេះជាឆ្នាំទី១ នៃការអនុវត្តផែនការយុទ្ធសាស្ត្រថ្មីរយៈពេល១០ឆ្នាំរបស់អាស៊ាន ហើយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាន់តែមានសារសំខាន់ នៅក្នុងបរិវត្តកម្មសេដ្ឋកិច្ចតំបន់។
ឯកឧត្តមបានបន្ថែមថា៖ “ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានតួនាទីគន្លឹះក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ជាពិសេសក្នុងការពង្រឹងសហគ្រាសធុនមីក្រូ តូច និងមធ្យម ឱ្យធ្វើសមាហរណកម្មចូលក្នុងខ្សែច្រវាក់តម្លៃអាស៊ាន និងសកល។”
ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏បានរំលេចគំនិតផ្តួចផ្តើមតំបន់ថ្មីៗ រួមទាំងរបៀបវារៈបញ្ញាសិប្បនិម្មិតអាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលប្រទេសហ្វីលីពីននឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ ព្រមទាំងសន្ទុះថ្មីនៃការជំរុញគម្រោងបណ្តាញអគ្គិសនីអាស៊ាន។
កិច្ចពិភាក្សាក៏បានផ្តោតលើកិច្ចខិតខំរបស់កម្ពុជា លើការស្រាវជ្រាវ និងអភិវឌ្ឍន៍ការប្រើប្រាស់បញ្ញាសិប្បនិម្មិត, ការបង្កើតមូលនិធិស្រាវជ្រាវជាតិដើម្បីសម្របសម្រួលការស្រាវជ្រាវនិងអភិវឌ្ឍន៍នៅទូទាំងប្រទេស, ព្រមទាំងការរៀបចំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤។
ឯកឧត្តមរដ្ឋមន្ត្រីបានចែករំលែកអំពីវឌ្ឍនភាពនៃការរៀបចំយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ព្រមទាំងសន្ទុះនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបច្ចុប្បន្នកើនឡើងដល់ប្រមាណ៣០ម៉ឺននាក់ និងអត្ថប្រយោជន៍កាន់តែទូលំទូលាយដែលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចទទួលបានពីស្ថាប័នរាជរដ្ឋាភិបាល និងវិស័យឯកជន។
ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានលើកទឹកចិត្តកម្ពុជាឱ្យបន្តពង្រឹងភាពប្រកួតប្រជែងរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដោយបញ្ជាក់ថា ភាពជោគជ័យរបស់សហគ្រាសទាំងនេះមានសារសំខាន់ខ្លាំងណាស់សម្រាប់កំណើនសេដ្ឋកិច្ចតំបន់។




-
PR NEWS6 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន1 week agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
កីឡា6 days agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន5 days agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន2 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី