Connect with us

ព័ត៌មាន

អ្នកនាំពាក្យ៖ ក្រុមអ្នកចង់បំបែកបំបាក់ខ្មែរ​កំពុងផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​ពាក់​ព័ន្ធ​នឹង​ពលរដ្ឋ​ភៀស​សឹក

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រុមប្រឆាំងជ្រុលនិយម អ្នក​ចង់​បំបែក​បំបាក់​ខ្មែរ កំពុងធ្វើសកម្មភាពផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងពលរដ្ឋភៀសសឹក និង​សកម្ម​ភាព​ការងាររបស់រាជរដ្ឋាភិបាលដោយបានប្រឌិត និងក្លែងបន្លំ​ក្នុង​គោល​បំណង​ធ្វើ​ឱ្យ​មាន​ការ​ចលា​ចល​នៅ​ក្នុង​សង្គមជាតិ។

តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាលបានបញ្ជាក់ជូនបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជាថ្មីថា រាជ​រដ្ឋាភិបាល​ និងអាជ្ញាធរពាក់ព័ន្ធបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជា​ពលរដ្ឋ​ភៀស​សឹក​ទាំង​ការ​ផ្គត់ផ្គង់សម្ភារៈ ចំណីអាហារ ការគិតគូលើសុខភាព និងស្មារតីរបស់ពួកគាត់។

អ្នកនាំ​ពាក្យ​រាជរដ្ឋាភិបាលបានថ្លែងថាមានព័ត៌មានមិនពិត​មួយចំ​នួន​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ដោយ​ក្រុម​អ្នក​ចង់​បំបែកបំបាក់ខ្មែរថា ប្រជាពលរដ្ឋភៀសសឹកមិនត្រូវបានយកចិត្តទុកដាក់ និងជួប​ការ​ខ្វះ​ខាត​រាប់តាំងពីទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃឡើងទៅ។ ឆ្លើយតប​នឹង​ការ​លើក​ឡើង​ខុស​ការ​ពិត​នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនសាធារណជនជ្រាបថា ពលរដ្ឋភៀ​ស​សឹក​ដែល​ស្នាក់​នៅ​ក្នុង​មណ្ឌល​សុវត្ថិភាព​ទទួល​បាន​ការ​យក​ចិត្តទុកដាក់គ្រប់បែបយ៉ាង​ពី​រាជ​រដ្ឋាភិបាល ​តាមរយៈក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខេត្តនីមួយៗ។

អ្នកនាំពាក្យ​បញ្ជាក់ថា ជាក់ស្តែងប្រជា​ពលរដ្ឋ​ភៀសសឹក​ទាំង​អស់​ត្រូវ​បាន​ផ្តល់​ជូន​នូវ​ជម្រក​សម្រា​ប់​ស្នាក់​នៅ និងការផ្គត់ផ្គង់ស្បៀងអាហារ ភ្លើងអគ្គិសនី បន្ទប់ទឹក បង្គន់អនាម័យ និងសេវា​សុខាភិបាល​២៤​ម៉ោងនៅនឹងកន្លែង។ និយាយពីទឹកស្អាត ក្រៅពីទឹកបរិសុទ្ធសម្រាប់​ទទួល​ទាន​ដែល​ជា​អំណោយ​ពីសប្បុរសជននានា អាជ្ញាធរក៏បានផ្តល់ជូន​នូវ​ម៉ាស៊ីន​ចម្រោះ​ទឹកធំ​ៗ​ដើម្បី​ផលិត​ទឹក​ស្អាត​សម្រាប់​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​មណ្ឌល​តែ​ម្តង​ដោយ​មាន​បរិមាណ​គ្រប់​គ្រាន់​ និង​គ្មាន​ការខ្វះខាតអ្វីឡើយ។ នៅក្នុងមណ្ឌលនីមួយៗ សមត្ថកិច្ចក៏បានជួយការពារសន្តិសុខ សុវត្ថិភាព​ជូនបងប្អូនទាំងយប់ទាំងថ្ងៃ។ ទាំងគ្រឿងឧបភោគបរិភោគ និងទាំងសេវា​ទាំង​អ​ស់​ត្រូវ​បាន​ផ្តល់​ជូន​ដោយឥតគិតថ្លៃ ក្រោមការទទួលខុ​ស​ត្រូវ​របស់​រាជរដ្ឋាភិបាល​ និង​មាន​ការ​ចូល​រួម​ពី​អាជ្ញាធរ​ខេត្ត បណ្តាប្រទេសជាមិត្ត អង្គការជាតិនិងអន្តរជាតិ ព្រមទាំងវិស័យឯកជន និង​សប្បុរសជ​នពីគ្រប់ទិសទី។

ឯកឧត្តម ប៉ែន បូណា បានបន្តថា លើសពីនេះ ក្នុងមណ្ឌលសុវត្ថិភាព ក៏មានទាំង​ការ​ផ្តល់​ជូន​នូវ​សេវា​អប់រំ​សម្រាប់កុមារតាមរយៈការរៀបចំថ្នាក់រៀនបណ្តោះអាសន្ននៅក្នុងមណ្ឌល ខណៈ​ដែល​កម្ម​វិធី​អប់​រំ​ផ្លូវចិត្តតាមបែបព្រះពុទ្ធសាសនាក៏ត្រូវបានគិតគូរនិងផ្តល់ជូនផងដែរ។ ក្រោមគំនិត​ផ្តួច​ផ្តួម​របស់​លោកជំទាវបណ្ឌិត ពេជ្រ ច័ន្ទមុនី ហ៊ុនម៉ាណែត សួនបន្លែ​ក្នុង​មណ្ឌល​ភៀស​សឹក​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បីឱ្យពលរដ្ឋភៀសសឹកដាំបន្លែសម្រាប់ប្រើប្រាស់ក្នុងមណ្ឌលថែមទៀតផង។ ជារួម ប្រជាព​លរដ្ឋ​ភៀស​សឹក​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់មើល​​ថែទាំ​យ៉ាង​ល្អ​ពី​អាជ្ញាធរ​រាជ​រដ្ឋាភិបាល ​ដោយមិ​ន​ឱ្យ​ពួក​គេ​ខ្វះ​ខាត​អ្វី​ដូច​ការ​លើក​ឡើង​ពី​ក្រុម​មនុស្ស​មួយ​ចំនួន​តូច​ដែល​មាន​ចេត​នា​ចង់បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងរបស់ខ្មែរនោះឡើយ។

ឯកឧត្តមអ្នកនាំពាក្យបញ្ជាក់ថា ក្រៅពីការ​យក​ចិត្ត​ទុក​ដាក់​ផ្គត់ផ្គង់​ជា​សម្ភារៈ និង​គ្រឿងឧ​បភោគ​បរិភោ​គ ដើម្បី​បំពេញតម្រូវការប្រចាំថ្ងៃ បងប្អូនប្រជាពលរដ្ឋ​ភៀសសឹ​ក​ក៏ទទួល​បាននូ​វជំ​នួយ​ផ្នែក​ស្មារតី​តាម​រយៈការចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដោយផ្ទាល់ និងជា​បន្ត​បន្ទាប់​ពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំ កាកបាទ​ក្រហម​កម្ពុជា ​អង្គទូត អង្គការជាតិនិងអន្តរជាតិ ព្រមទាំងសប្បុរស​ជន​ពី​គ្រប់​មជ្ឈដ្ឋាន​ដើម្បី​ផ្តល់​កម្លាំង​ចិត្ត​ដល់​ពួក​គេថែមទៀត។

បើតាមអ្នកនាំពាក្យ​រាជរដ្ឋាភិបាល គិតមកទល់ពេលនេះ មានពលរដ្ឋភៀសសឹក​ជាង​៩២%​ហើយ​បាន​វិល​ត្រឡប់ទៅកាន់ផ្ទះសម្បែងវិញក្នុងចំណោមជនភៀសសឹកសរុបជាង៦៤ ម៉ឺននាក់។ នៅ​សល់​ពលរដ្ឋ​ភៀសសឹកជិត ៥ម៉ឺននាក់ទៀតបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនៅឡើយ ដោយសារ​តែ​ស្ថានភាពមិនទាន់អំណោយផលពីព្រោះតែមានឧបសគ្គរារាំងដោយបន្លាលួស ឬ​ទូរ​កុង​តឺន័រដែលកងកម្លាំងប្រដាប់អាវុធថៃបានដាក់បិទផ្លូវ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia