Connect with us

ព័ត៌មាន

រដ្ឋសភាសម្រេចអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងសំឡេង ១១២ លើ១១២ សំឡេង

ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ បាន​សម្រេច​​អនុម័ត​ជាឯកច្ឆន្ទ លើសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុង​​សំឡេង ១១២ លើ១១២ សំឡេង។

នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី បន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាល​ទី៧ ដើម្បី ១. ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង ២. ពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្ម​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិកព្រឹទ្ធសភា ព្រមទាំងអនុម័តយល់​ព្រម​សេចក្តី​ព្រាង​សេចក្តី​សម្រេច​ស្តីពី ​តួនាទី និងភារកិច្ចរបស់គណ:កម្មការនានានៃរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅ​វិមានរដ្ឋសភា រាជធានីភ្នំពេញ។

សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែល​នឹង​បង្កើត​ឲ្យ​មានបទល្មើសព្រហ្មទណ្ឌថ្មី ចំនួន ៥ រួមមាន៖ បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទ​រៀប​ចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា បទជ្រើសរើស ឬបណ្តុះ​បណ្តាល​អ្នក​ដទៃ​ឱ្យ​ចូល​រួមប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា បទប្រមូល​ក្នុង​ចេតនា​ទុច្ចរិត​នូវ​ឯកសារ​សម្គាល់​អត្ត​សញ្ញាណ ឬឯកសារព័ត៌មានផ្ទាល់ខ្លួននានា របស់អ្នកដទៃ និងការបង្កើត​ទម្រង់​ពិសេ​ស​​នៃ​បទល្មើសសម្អាតប្រាក់។

សេចក្តី​ព្រាង​ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលគណៈ​រដ្ឋ​មន្ត្រី​បាន​អនុម័ត​កាល​ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានបង្កើតឱ្យមាននូវបទល្មើសព្រហ្មទណ្ឌថ្មី ចំនួន ៥បន្ថែម រួមមាន៖ ១. បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា , ២. បទរៀបចំ ឬដឹក​នាំ​មជ្ឈ​មណ្ឌល​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា , ៣. បទជ្រើសរើស ឬបណ្តុះ​បណ្តាល​អ្នក​ដទៃ​ឱ្យ​ចូល​រួម​ប្រព្រឹត្ត​អំពើ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា , ៤. បទប្រមូល​ក្នុង​ចេតនា​ទុច្ចរិត​នូវ​ឯកសារ​សម្គាល់​អត្ត​សញ្ញាណ ​ឬឯកសារព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និងទី៥. ការបង្កើត​ទម្រង់​ពិសេស​នៃ​បទ​ល្មើស​សម្អាតប្រាក់។

សេចក្តីព្រាង​ច្បាប់​ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏បានបញ្ជាក់លើ​ផ្នែក​នីតិ​វិ​ធី​ព្រហ្ម​ទណ្ឌ ត្រូវបានកំណត់នូវវិធានពិសេសមួយចំនួនដូចជា រយៈពេលនៃការឃាត់ខ្លួន ការផ្អាក ការ​ឃាត់ទុក និងការបង្កក ការរឹបអូសទ្រព្យ ការមិនទទួលខុសត្រូវព្រហ្មទណ្ឌ ការ​លើក​លែង​ឱ្យ​រួចផុតពីទោស និងស្ថានសម្រាលទោស និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ។

សេចក្តី​ព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មាន ៥ជំពូក និង ២៤មាត្រា ត្រូវ​បានរៀបចំឡើងដោយផ្អែកតាមមូលដ្ឋានសំខាន់ៗ ទាំងច្បាប់ជាតិនិងច្បាប់អន្តរជាតិ ជា​ពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទឧក្រិដ្ឋកម្មឆ្លងដែន ដែលមាន​អង្គ​ការ​ចាត់​តាំង និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ព្រម​ទាំង​ច្បាប់​ នៃបណ្តាប្រទេសមួយចំនួន ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ ក្នុងកា​រ​អនុវត្ត​ស្រប​តាម​ស្តង់ដា​ជាអន្តរជាតិ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia