Connect with us

ព័ត៌មាន

មកទល់ពេលនេះ នៅសល់ពលរដ្ឋភៀសសឹកជាង ៣ម៉ឺន៥ពាន់នាក់​មិនទាន់​អាច​ទៅ​ផ្ទះ​វិញ​បាន​ដោយ​សារ​យោធា​ថៃ​ឈ្លាន​ពាន ដាក់ទូកុងតឺន័រ និងបន្លាលួស

តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ អ្នកនាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​បានឱ្យដឹងថា គិតមកទល់ពេលនេះ នៅសល់ពលរដ្ឋភៀសសឹកជាង ៣ម៉ឺន​៥​ពាន់​នាក់​ទៀត​នៅ​តែមិន​ទាន់​អាច​វិល​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​វិញ​បាន​នៅ​ឡើយ​ដោយ​សារ​តែ​ស្ថាន​ភាព​មិន​ទាន់​អំណោយ​ផល ឬដោយសារមានការ​រារាំង​ពី​សំណាក់​កង​កម្លាំង​ថៃ​តាមរយៈ​ការ​ដាក់​ទូរ​កុង​តឺន័រ ​និងបន្លាលួសដើម្បីបិទផ្លូវ។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបានឱ្យដឹងទៀតថា ចំណែក​ជន​ភៀស​សឹក​ប្រមាណ​ជាង​៩៤% ក្នុងចំណោមជនភៀសសឹកសរុបជាង ៦៤ ម៉ឺននាក់ បានវិលត្រឡប់​ទៅ​កាន់​ផ្ទះ​សម្បែង​របស់​ខ្លួន​វិញ​ហើ​យ​ក្រោមការ​សម្របសម្រួល​ដោយ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​អាជ្ញាធរ​រាជ​រដ្ឋាភិបាល​។

អ្នកនាំពាក្យបញ្ជាក់ថា រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយក​រដ្ឋ​មន្ត្រី​ មានគោល​នយោបាយ​ច្បាស់​លាស់​ក្នុង​ការ​ជួយ​ស្តាឡើ​ង​វិញ​នូវ​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​ភៀស​សឹក​។ ទាំងពលរដ្ឋដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញរួចហើយ និងទាំង​ពលរដ្ឋ​ភៀស​សឹក​ដែល​មិនទាន់អាចវិលត្រឡប់​ទៅ​វិញ​បាន​នៅ​ឡើយ​សុទ្ធ​ដឹង​តែ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​សំណាក់រាជរដ្ឋាភិបាលទាំងសន្តិសុខ សុវត្ថិភាព និងការស្តារជីវភាព​រស់​នៅ​របស់​ពួក​គេ​ឡើង​វិញ​។

អ្នកនាំពាក្យ​អះអាងថា ជាក់ស្តែង ប្រជាពលរដ្ឋភៀសសឹកដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញ ត្រូវ​បានក្រសួង ស្ថាប័ន និងអាជ្ញាធរមូល​ដ្ឋាន​ដែល​ជា​សេនាធិការ​របស់​រាជ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​មើ​លការខុសត្រូវ និងដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​ពួក​គេ​ជួប​ប្រទះ​សំដៅ​ជួយ​សម្រួល និង​រក្សា​លំនឹងជីវភាពរបស់ពួកគេ។ ចំណែក​ពលរដ្ឋ​ភៀស​សឹក​ដែល​មិន​ទាន់​អាច​វិល​ត្រឡប់​ទៅ​វិញ​បាន​នៅឡើយត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូនជម្រក​ដែល​មាន​លក្ខណៈ​សមរម្យ​ដើម្បី​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ទម្រាំ​បញ្ហា​ព្រំដែន​ត្រូវ​បាន​ដោះ​ស្រាយ​រួច​រាល់​ដែល​អនុញ្ញាត​ឱ្យ​ពួក​គេ​អាច​វិល​ត្រឡប់​ទៅ​កាន់ផ្ទះសម្បែងរបស់ខ្លួនវិញនាពេលខាងមុខ។

អ្នកនាំពាក្យបញ្ជាក់ថា ការយកចិត្តទុកដាក់​ចំពោះបងប្អូនជនភៀស​សឹក​ត្រូវ​បានគិតគូរ​មិន​ត្រឹម​តែ​លើ​សន្តិសុខ សុវត្ថិភាព សុខមាលភាព និងជីវភាព ប៉ុណ្ណោះទេ ប៉ុន្តែ រាជរដ្ឋាភិបាល​ និង​អាជ្ញាធរ​ពាក់​ព័ន្ធ​ក៏គិតគូរដល់ការគាំទ្រផ្នែកស្មារតីផងដែរ។ ជាក់ស្តែង កម្មវិធីជួប​សំណេះ​សំណាល​ជាមួយ​បង​ប្អូន​ពលរដ្ឋភៀសសឹកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ត្រូវបានឯកឧត្តម ឧប​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាប្រារព្ធធ្វើកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៦ ដោយ​អនុញ្ញាត​ឱ្យ​បងប្អូនពលរដ្ឋភៀសសឹក​បានចូល​រួម​កម្សាន្ត​សប្បាយ​តាម​ទំនៀម​ទម្លាប់​ប្រពៃណីជាតិដូចពលរដ្ឋដទៃដែរ។

កម្មវិធីនេះត្រូវ​បានប្រារព្ធឡើងក្នុងអត្ថន័យផ្សារភ្ជាប់រវាងសមរភូមិមុខនិងសមរភូមិក្រោយ រវាង​យុវជន និងជនភៀសសឹក និងដើម្បីបញ្ជាក់ថា គ្មាន​ពលរដ្ឋ​ណា​ម្នាក់​ត្រូវ​បាន​បោះ​បង់​ឱ្យ​នៅ​ឯកា​ឡើយ​ទោះ​ជា​ក្នុងកាលៈទេសៈណាក៏ដោយ។ កម្មវិធីបែបនេះ បានធ្វើឱ្យប្រជាពលរដ្ឋ​ភៀស​សឹក​មាន​អារម្មណ៍​កក់​ក្តៅ​យ៉ាង​ខ្លាំង​ដោយ​បាន​ឃើញ​ការ​យក​ចិត្ត​ទុក​ដាក់របស់​រាជរដ្ឋាភិបាល​ចំពោះ​សុខ​ទុក្ខ​របស់ពួកគេក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia