Connect with us

កីឡា

គ្រូព្រះខ័នរាជចាំមើលទ្ធផលជើងទី២ ក្រោយគ្រូ Manila ថាលេងមិនទាន់អស់ ១០០% បន្ទាប់​ពីស្មើគ្នា ១-១

ជំនួប​ជើងទី១ រវាងក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា និងក្រុម Manila Digger ហ្វីលីពីន បាន​បញ្ចប់​ដោយ​លទ្ធផលស្មើគ្នា ១-១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់​ជើង​ឯក​ក្លិប​បាល់​ទាត់​កម្រិតទី៣ ទ្វីប AFC Challenge League 2025/26 កាលពីរាត្រីថ្ងៃព្រហស្បតិ៍ នៅ​ពហុកីឡដ្ឋានជាតិមរតកតេជោ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់ការប្រកួត គ្រូបង្វឹកក្រុមទាំងពីរ បាន​លើក​ឡើង​នូវ​ទស្សនា​ជុំវិញការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍ ពិសេសលោក Kim Versales គ្រូ​បង្វឹក​ក្រុម ​Manila​ Digger ដែលកូនក្រុមលេងមិនទាន់អស់ពីសមត្ថភាព ១០០% ស្របពេល​គ្រូព្រះ​ខ័​ន​រាជ​ស្វាយ​រៀង លោក McConkey Mattew បានឆ្លើយតបវិញថា ចាំមើលលទ្ធផលនៅជើងទី២ បន្ទាប់​ពីពួកគេលេងអស់ ១០០%។

សម្រាប់ជំនួបដ៏តានតឹង ដែលមានអ្នកទស្សនាផ្ទាល់ ១៦,៦០២នាក់នេះ កីឡាករ Tiago Alves បានរកគ្រាប់នាំមុខឲ្យព្រះខ័នរាជស្វាយរៀង ១គ្រាប់មុន ត្រឹមរយៈពេល ៤នាទី ក្រោយចាប់ផ្ដើមវគ្គទី១ ហើយលទ្ធផលបានរក្សាដល់ចុងម៉ោង ទើបកីឡាករ Pa Ousman Gai រកបានគ្រាប់តាមស្មើឲ្យក្រុម Manila Digger វិញ នៅនាទី៨៥។

ក្រោយចប់លោក Kim Versales ទទួលស្គាល់ពីការប្រកួតជាមួយម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងពិតជាលំបាក តែលោករីករាយនឹងការវាយបកតាមស្មើ។ បែបនេះក្ដីលោកថា ក្រុមខ្លួនមិនទាន់បង្ហាញអស់ ១០០% នោះទេ ហើយបន្ទាប់ពីត្រឡប់ទៅហ្វីលីពីនវិញ លោកនឹងរៀបចំក្រុម ដើម្បីត្រៀមស្វាគមន៍ក្រុមជើងឯកលីគកំពូលកម្ពុជាវិញម្ដង។

ដោយឡែកលោក McConkey Mattew ថា មិនសប្បាយចិត្តជាមួយលទ្ធផលស្មើគ្នានេះទេ តែលោកពេញចិត្តទម្រង់លេងរបស់កូនក្រុម ទោះបីលោកមិនគាំទ្រគ្រាប់បាល់តាមស្មើរបស់ Manila Digger យ៉ាងណាក្ដី។ ឆ្លើយតបនឹងការថា លេងមិនទាន់អស់ពីសមត្ថភាពរបស់គ្រូបង្វឹកក្រុមហ្វីលីពីននេះវិញ លោកថា ចាំមើលការប្រកួតជើងទី២ បន្ទាប់ពីពួកគេបង្ហាញ ១០០% នឹងបញ្ចប់ដោយលទ្ធផលបែបណា? តែលោករំពឹងថា ទំនងនឹងគ្មានអ្វីប្រែប្រួលច្រើន ដោយពួកគេអាចនឹងទម្លាក់ ១១នាក់ចុះមកការពារបាល់ ដូចរយៈពេល ១០នាទីចុងក្រោយនៃជំនួបជើងទី១ នេះដែរ។

គួរដឹងថា ក្រោយបន្ដស្មើគ្នា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រុមទាំងពីរ នឹងត្រូវជួបគ្នា នៅជើងទី២ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅប្រទេសហ្វីលីពីនវិញម្ដង នាថ្ងៃទី១៦ ខែមេសាខាងមុខ ដើម្បីកាត់សេចក្ដីក្រុមឈ្នះឡើងទៅវគ្គផ្ដាច់ព្រ័ត្រពាន AFC Challenge League 2025/26៕ អត្ថបទ លី ឈុនឡា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia