Connect with us

ព័ត៌មាន

យុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ

យុវជន រស់នៅក្នុងខេត្តកណ្ដាល បន្តនាំគ្នាទៅដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ដោយ​បង្ហាញ​ទឹក​ចិត្តមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ។

លោក គ្រី ម៉ាទី អាយុ ២៣ឆ្នាំ រស់នៅ ឃុំកណ្ដោល ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ប្រាប់ BTV នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ ថា លោក​ស្ម័គ្រចិ​ត្ត​ដាក់​ពាក្យ​សុំ​ចូល​បំពេញ​កាតព្វ​កិច្ច​យោធា ដើម្បីក្លាយជាកម្លាំងការពារជាតិ។ លោកប្រាប់ ថា ការឈឺចាប់ដែលយោធាថៃ ឈ្លានពាន​កាល​ពី​ឆ្នាំ២០២៥ និងទុក្ខលំបាករបស់ពលរដ្ឋខ្មែរនៅតាមព្រំដែន ដែលត្រូវយោធាថៃ​រំលោភ​យក​ដីធ្លី ​និងផ្ទះសម្បែង គឺជាកត្តាជំរុញដល់លោកចង់ចូលបំពេញកាតព្វកិច្ចយោធា ក្លាយជាកងទ័ព។

លោក សារិន ឆារ៉ូ អាយុ ២១ឆ្នាំ រស់នៅ ឃុំកណ្ដោល ស្រុកកណ្ដាលស្ទឹង មួយរូបទៀត បាន​ប្រាប់ថា​ លោកមានបំណងចង់ធ្វើជាកងទ័ព ពីព្រោះជាក្ដីបំណងតាំងពីតូចមក។ ហើយទង្វើឈ្លាន​ពាន​របស់​យោធាថៃ ក៏ជាផ្នែកមួយដែលធ្វើឱ្យលោក កាន់តែមានទឹកចិត្តចង់ធ្វើជាកងទ័ពផងដែរ។ លោកអះអាងថា នៅពេលលោកជាប់តាមការកំណត់ ហើយបានចូលបំពេញកាតព្វកិច្ចយោធា លោក​ប្ដេជ្ញាខិតខំហ្វឹកហាត់ដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីការពារជាតិ។

លោក ហៃ សុខហេង អាយុ ២២ឆ្នាំ ក៏បង្ហាញការតាំងចិត្តខ្ពស់ដែរ ក្នុងការ​ចូល​បំពេញ​កាតព្វ​កិច្ច​យោធា។​ លោកមានសង្ឃឹម ថា នឹងជាប់តាមលក្ខខណ្ឌដែលក្រសួងការពារជាតិកំណត់ ពី​ព្រោះ​សុខភាព និងកាយសម្បទារបស់លោករឹងមាំ សមស្របក្នុងការចូលហ្វឹកហាត់យោធា។ លោក​លើក​ទឹក​ចិត្តដល់យុវជនគ្រប់រូប ចាប់ពីអាយុ ១៨ឆ្នាំ ដល់ ២៥ឆ្នាំ ដែលទទួលពាក្យ​សុំ​ចុះ​ឈ្មោះ​រួច​ហើយ ​រូតរះមកដាក់ពាក្យឱ្យទាន់ពេលវេលាកំណត់។ ហើយលោកក៏លើកទឹកចិត្តដល់យុវជន ដែល​នឹងគ្រប់អាយុនៅឆ្នាំក្រោយ ត្រៀមខ្លួនឱ្យរួចរាល់ដើម្បីបន្តវេនជាកម្លាំងការពារជាតិ ការពារ​ប្រជា​ពលរដ្ឋ ពីព្រោះនៅពេលកម្លាំងការពារជាតិរឹងមាំ នឹងគ្មាន​បរទេស​ឈ្លាន​ពាន​យើង​បាន​នោះ​ឡើយ​។

អ្នកស្រី ស៊ឹម គឿន អាយុ ៦៥ឆ្នាំ រស់នៅឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែល​ជូន​កូន​ប្រុស​ចំនួន ២នាក់ មកដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ប្រាប់ថា អ្នកស្រី​ឆ្អែត​ឆ្អន់​ហើយ​ការរត់គេច ពេលប្រទេសជួបសង្រ្គាម។ ហើយនៅពេលដែលកំពុងរស់នៅក្នុងសុខសន្ដិភាព ស្រាប់​តែមានការឈ្លានពានពីយោធាថៃ កាលពីឆ្នាំ២០២៥ អ្នកស្រីតក់ស្លុត និងអា​ណិត​ដល់​ពលរដ្ឋ​នៅ​ព្រំដែន ដែលត្រូវរត់ចោលផ្ទះសម្បែង។ ហេតុដូច្នេះហើយអ្នកស្រី គាំទ្រកូនៗ ដែល​ស្ម័គ្រ​ចិត្ត​ចូលបំពេញកាតព្វកិច្ចយោធា ដើម្បីជួយជាតិ ពីព្រោះមាន​តែ​យុវជន​ជំនាន់​ក្រោយ​នេះ​ហើយ ​ដែលត្រូវបន្តវេនមកការពារជាតិ។ អ្នកស្រី អរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្រ្ដី​ ដែលយកចិត្តទុកដាក់ខ្ពស់ជួយពលរដ្ឋ រកទីជម្រកឱ្យរស់នៅ អំឡុង​ពេល​កំពុង​តវ៉ា​ទាមទារ​ទឹក​ដី ​ដែលថៃរំលោភយកមកវិញ។ អ្នកស្រី អំពាវនាវសូមឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បន្ត​ស្មារតី​រួប​រួម​ជាតិ​ ដើម្បីការពារជាតិឱ្យរឹងមាំ។ ហើយយុវជនសូមមានទឹកចិត្តស្នេហាជាតិឱ្យខ្លាំងក្លា ចូល​រួម​ទាំង​អស់​គ្នាបម្រើជាតិ។

សូមជម្រាបជូនថា ក្រសួងការពារជាតិ ប្រកាសទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ចាប់​ពី​ថ្ងៃ​ទី​១០ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ នៅមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក ខណ្ឌ គ្រប់​រាជ​ធានី-ខេត្ត៕ អត្ថបទ៖ លៀ ស៊ីណា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia