កីឡា
តេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
ព្រឹត្តិការណ៍បាល់ទះតេជោលីគ រដូវកាលទី៣ នឹងបញ្ចប់ការប្រកួតសន្សំពិន្ទុ ជុំទី២ រវាងបេក្ខភាពទាំង ៦ក្រុម នាថ្ងៃទី២៧ និងថ្ងៃទី២៨ ខែមិថុនាចុងសប្ដាហ៍នេះ ដើម្បីកំណត់បេក្ខភាពឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ស្របពេលអ្នកគាំទ្រចង់ឃើញក្រុមវិសាខា ជួបបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត នៅវគ្គបន្ទាប់។
បច្ចុប្បន្នក្រុមនីមួយៗ នៅសល់ ២ប្រកួតក្នុងដៃ គ្រាដែលក្រសួងមហាផ្ទៃ ទើបរកបាន ១ពិន្ទុ និងក្រុមមិនទាន់មានពិន្ទុរាប់ ស្នងការនគរបាលខេត្តកោះកុង ស្ទើរអស់ឱកាសប្រជែងកៅអីវគ្គបន្ដ ។ ចំណែកបេក្ខភាព ៤ក្រុមទៀត កំពុងមានពិន្ទុប្រដេញគ្នា រួមមានក្រុមកំពូលតារាងវិសាខា មាន ៨ពិន្ទុ, ក្រុមស្នងការនគរបាលខេត្តស្វាយរៀង ឈរលេខ២ មាន ៧ពិន្ទុ, បញ្ជាការដ្ឋានអង្គរក្ស ឈរលេខ៣ មាន ៦ពិន្ទុ និងក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ឈរលេខ៤ មាន ៥ពិន្ទុ។
សម្រាប់កម្មវិធីប្រកួតនៅសល់ រួមមាននៅថ្ងៃទី២៧ ខែមិថុនាស្អែក ក្រុមស្នងការនគរបាលខេត្តកោះកុង ត្រូវជួបក្រុមក្រសួងមហាផ្ទៃ, វិសាខា ជួបស្នងការនគរបាលរាជធានីភ្នំពេញ និងក្រុមស្នងការនគរបាលខេត្តស្វាយរៀង ជួបក្រុមការពារតំណែងជើងឯកបញ្ជាការដ្ឋានអង្គរក្ស ដែលជាគូប្រកួតដ៏ទាក់ទាញជាងគេ ក្នុងចំណោមការប្រកួតសេសសល់។
រីឯការប្រកួតនៅថ្ងៃទី២៨ ខែមិថុនា មាន ៣គូដូចគ្នា រួមមានក្រុមវិសាខា ជួបស្នងការនគរបាលខេត្តកោះកុង, ក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ជួបក្រុមស្នងការនគរបាលខេត្តស្វាយរៀង និងក្រុមក្រសួងមហាផ្ទៃ ជួបក្រុមបញ្ជាការដ្ឋានអង្គរក្ស។ ការប្រកួតនឹងធ្វើឡើងនៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក)តែមួយគត់ ចាប់ពីម៉ោង ២រសៀលតទៅ។
ទន្ទឹមនឹងការឈានដល់ការប្រកួតសប្ដាហ៍កាត់សេចក្ដីនេះ អ្នកគាំទ្ររំពឹងក្រុមខ្លាំងពីរ ពោលគឺវិសាខា និងបញ្ជាការដ្ឋានអង្គរក្ស នឹងអាចជួបគ្នាជាថ្មី ពិសេសបើបានជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រកាន់តែកក្រើក ដ្បិតពួកគេស្ទើរមិនគួរឲ្យជឿ ក្រោយវិសាខា យកឈ្នះក្រុមជើងឯក ២សម័យបញ្ជាការដ្ឋានអង្គរក្ស ដាច់ ៣-០ ក្នុងជំនួបជុំទី២ កាលពីចុងសប្ដាហ៍មុន។
មានរឿងរ៉ាវមួយចំនួន ដែលក្រុមទាំងពីរ អាចជួបគ្នាម្ដងទៀត ករណីក្រុមទាំងពីរ មានមួយក្រុមឈរលេខ១ និងមួយក្រុមទៀត ឈរលេខ២ ក្រោយបញ្ចប់ជុំទី២ នោះក្រុមទាំងពីរ នឹងបានប៉ះគ្នានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ តែបើសិនចប់ជុំទី១ មានក្រុមមួយឈរលេខ១ ហើយក្រុមួយទៀត ឈរលេខ២ ឬលេខ៣ លុះត្រាក្រុមទាំងពីរ អាចយកឈ្នះគូប្រជែងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទើបអាចមានឱកាសជួបគ្នា នៅវគ្គផ្ដាច់ព្រ័ត្រម្ដងទៀត។
យ៉ាងណានេះ គ្រាន់តែជាការសន្និដ្ឋាន និងទស្សនរបស់អ្នកគាំទ្រ ខណៈអ្វីៗត្រូវរង់ចាំអ៊ុតលទ្ធផល ២ប្រកួតចុងក្រោយ ដើម្បីកំណត់ក្រុម Top-4 ដែលត្រូវលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលគ្រោងនឹងបន្ដការប្រកួតនាថ្ងៃទី១ ខែកក្កដា មុនឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដើម្បីស្វែងរកម្ចាស់ជើងឯកតេជោលីគ រដូវកាលទី៣ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ៕អត្ថបទ លី ឈុនឡា









-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន7 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា