ព័ត៌មាន
ឆមាសទី១ ឆ្នាំ២០២៦ អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញផ្តល់សេវាជូនពលរដ្ឋបានជាង ១២ម៉ឺនសេវា
ភ្នំពេញ ៖ ឆមាសទី១ឆ្នាំ២០២៦ អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញផ្តល់សេវាជូនពលរដ្ឋបានជាង១២ម៉ឺនសេវា។ នេះជាការលើកឡើងរបស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញក្នុងឱកាសដឹកនាំអង្គប្រជុំស្តីពីការចុះពិនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានីភ្នំពេញ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែកក្ដដា២០២៦ ដើម្បីឱ្យការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញកាន់តែល្អប្រសើរបន្ថែមទៀត ពិសេសផ្តោតសំខាន់លើការផ្តល់សេវាសុរិយោដី និងសំណង់។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ព្រមទាំងអភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធនៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញបានបង្កើតឡើងបាន៨ឆ្នាំហើយ ហើយសេវាប្រមាណ៩៨% បានចូលមកតាមច្រកនេះ ជាមួយនិងភាពលឿនរហ័សទាន់ចិត្ត ជូនប្រជាពលរដ្ឋ។ ជាក់ស្តែងក្នុងឆមាសទី១ឆ្នាំ២០២៦នេះ អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញបានផ្តល់សេវាជូនពលរដ្ឋបានជាង១២ម៉ឺនសេវា។ ក្រៅពីអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ ក៏មានច្រកចេញចូលតែមួយនៅតាមខណ្ឌទាំង១៤និងសង្កាត់ទាំង១០៥ផងដែរ។ ក្នុងនាមអាជ្ញាធរនៅថ្នាក់ក្រោមជាតិនឹងបន្តការងារនេះកាន់តែល្អជាងមុនថែមទៀត ដែលថ្នាក់ជាតិប្រគល់ជូន។
ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពិនិត្យជាប្រចាំនៅតាមច្រកចេញចូលតែមួយ ខណ្ឌ និងសង្កាត់ ធ្វើយ៉ាងណាឱ្យការផ្តល់សេវានេះទទួលបានការគាំទ្រ ជឿទុកចិត្ត ពេញចិត្តពីប្រជាពលរដ្ឋ ហើយអនុវត្តការងារនេះឱ្យបានព្រមៗគ្នា។
ឯកឧត្ដម សួស ប្រាថ្នា មានប្រសាសន៍ថា ការបង្កើតឱ្យមានកិច្ចប្រជុំនេះឡើង គឺក្នុងគោលបំណងពិនិត្យមើលអំពីវឌ្ឍនៈភាពការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយប្រមូលយកបញ្ហាប្រឈមសេសសល់មួយចំនួនមកពិភាក្សា ដើម្បីឱ្យការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋមានរយៈពេលខ្លី សាមញ្ញា និងមានភាពងាយស្រួលជាងមុន កាត់បន្ថយការថ្នាំថ្នាក់ពីប្រជាពលរដ្ឋ។ ឯកឧត្ដម សួស ប្រាថ្នា បន្តថា ដើម្បីឱ្យការបំរើសេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរជាងមុនថែមទៀតនោះ យើងត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ពិភាក្សាគ្នា ធ្វើយ៉ាងណាឱ្យឯកសារដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋមានភាពសាមញ្ញ ខ្លី និងងាយស្រួលជាងមុន។ ត្រូវប្រជុំលើការងារនេះឱ្យបាន៣ដងក្នុង១ខែ ជាមួយនិងការចាត់មន្ត្រីឱ្យចុះតាមដាន ពិនិត្យមើលជាប្រចាំនៅថ្នាក់រដ្ឋបាលថ្នាក់ក្រោមជាតិ។
ដោយឡែកតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ផងដែរថា មានសេវា២ប្រភេទ ដែលចាំបាច់ និងសំខាន់ នោះគឺសេវាសុរិយោដី និងសេវាសំណង់ ព្រោះវាពាក់ព័ន្ធធំជាមួយប្រជាពលរដ្ឋ និងអ្នកវិនិយោគ មិនថានៅក្រៅស្រុក ឬនៅក្រៅស្រុក ហើយត្រូវពិនិត្យរួមគ្នាជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ រកគន្លឹះដោះស្រាយឱ្យកាន់តែល្អ ខ្លី សាមញ្ញជូនពលរដ្ឋ៕អត្ថបទ៖ ប្រាក់ វ៉ាន់ដា







-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoផ្ទះទេវតាទី៣៣៨ មួយខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាព នៅខេត្តកំពង់ធំ