ព័ត៌មាន
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ កិច្ចសហការរវាងមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មាន គឺជាខែលទប់ស្កាត់ការបំពានក្រមសីលធម៌ និងប៉ះពាល់សន្តិសុខជាតិ
បន្ទាយមានជ័យ៖ ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ពង្រឹងកិច្ចសហប្រតិបត្តិការ និងកសាងទំនាក់ទំនងល្អជាមួយអ្នកសារព័ត៌មានក្នុងមូលដ្ឋាន ដើម្បីក្លាយជាបង្អែកដ៏រឹងមាំក្នុងការផ្តល់ព័ត៌មានពិត និងប្រកបដោយទំនុកចិត្ត ជាពិសេសពាក់ព័ន្ធនឹងប្រធានបទកិច្ចការយោធា និងការការពារបូរណភាពទឹកដីកម្ពុជា។
ក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មាន និងសាធារណមតិ»ដល់មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យនារសៀលថ្ងៃ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការស្វែងយល់ពីតម្រូវការ ដើម្បីកិច្ចសហការ រវាងមន្ត្រីនៃមន្ទីរព័ត៌មាន ជាមួយអ្នកសារព័ត៌មានក្នុងមូលដ្ឋានខ្លួន ឬអ្នកសារព័ត៌មានឆ្លងកាត់មកពីខេត្តផ្សេងទូទាំងប្រទេសគឺជារឿងសំខាន់ សម្រាប់ការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានដោយគុណភាពវិជ្ជាជីវៈ ជាពិសេសពាក់ព័ន្ធកិច្ចការសន្តិសុខជាតិ។
ឯកឧត្តមបានលើកឡើងថា កិច្ចសហការនេះគួរធ្វើឡើងជាប្រចាំ និងតាមគ្រប់លទ្ធភាព ដើម្បីគាំទ្រដល់តម្រូវការសារព័ត៌មាន ក៏ដូចជាផ្តល់ជាគន្លឹះជួយសម្រួលដល់ការអនុវត្តការងាររបស់អ្នកសារព័ត៌មានអាចចុះយកព័ត៌មាន និងសម្ភាសមន្ត្រីជំនាញ ព្រមទាំងអាជ្ញាធរ អ្នកពាក់ព័ន្ធក្នុងសាច់រឿង។ ជាមួយគ្នានោះ ការផ្តល់ព័ត៌មានទាន់ពេល និងគ្រប់ជ្រុងជ្រោយ នឹងជួយអ្នកសារព័ត៌មានពីការផ្សាយខុសឆ្គង ដែលអាចនាំឱ្យមានប្រតិកម្ម ឬបញ្ហាផ្លូវច្បាប់។
ជាមួយគ្នានេះដែរ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់អ្នកសារព័ត៌មានទាំងអស់ ឱ្យចូលរួមសហការជាមួយអាជ្ញាធរ និងសម្របសម្រួលជាមួយមន្ទីរព័ត៌មានទាំង ២៥ រាជធានី-ខេត្ត ដើម្បីបង្កើតទំនាក់ទំនងល្អ និងវប្បធម៌សហការក្នុងការផ្សព្វផ្សាយព័ត៌មានពិតប្រកបដោយភាពត្រឹមត្រូវ។ គោលដៅសំខាន់ គឺធានាឱ្យបាននូវការផ្សព្វផ្សាយព័ត៌មានប្រកបដោយការទទួលខុសត្រូវ មិនប៉ះពាល់ដល់សន្តិសុខជាតិ និងកិត្តិយសបុគ្គល តាមរយៈការរួមគ្នាគោរព និងអនុវត្តក្រមសីលធម៌វិជ្ជាជីវៈឱ្យបានម៉ឺងម៉ាត់។
ឯកឧត្តមទេព អស្នារិទ្ធបានថ្លែងបញ្ជាក់ដូច្នេះថា «ជាមេរៀនកន្លងមក ក្នុងអំឡុងពេលមានការរំលោភបំពានលើបូរណភាពទឹកដីពីសំណាក់ភាគីថៃ ក្រសួងព័ត៌មានបានកត់សម្គាល់ឃើញអ្នកសារព័ត៌មានមួយចំនួនតូចបានវង្វេងសមរភូមិ ដោយផ្សាយព័ត៌មានប៉ះពាល់ដល់សន្តិសុខជាតិ និងអាថ៌កំបាំងយោធា។ ការផ្សព្វផ្សាយដោយខ្វះការប្រុងប្រយ័ត្នបែបនេះ វាបានក្លាយជាបន្ទុក និងបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរទៅវិញ។ ហេតុដូច្នេះ ការរួមគ្នាក្នុងក្របខណ្ឌកិច្ចសហការ និងការសម្របសម្រួលដល់ការអនុវត្តការងារសារព័ត៌មាន មិនត្រឹមតែជាកិច្ចការចាំបាច់ក្នុងការលើកកម្ពស់សមត្ថភាព និងវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាតព្វកិច្ចដ៏ចម្បង សម្រាប់បុព្វហេតុរួមនៃជាតិមាតុភូមិរបស់យើង។»
លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការណែនាំរបស់ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន។ លោកបានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយអ្នកសារព័ត៌មានមកពីគ្រប់ទិសទី ដែលមានបំណងចុះយកព័ត៌មានក្នុងខេត្តបន្ទាយមានជ័យ ដោយលោកសន្យាថានឹងជួយសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកសារព័ត៌មាន ក្នុងការបំពេញភារកិច្ចឱ្យស្របតាមក្រមសីលធម៌វិជ្ជាជីវៈ៕





-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន1 day agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល