Connect with us

ព័ត៌មាន

មន្រ្ដីសុខាភិបាល អំពាវនាវឲ្យរួមគ្នា​បំផ្លាញ​ជម្រកមូសខ្លា ខណៈគ្រុនឈាម​នៅ​ខេត្តកំពង់ឆ្នាំង​កើន​ដល់​ ១,២៦៩នាក់ក្នុងនោះមានកុមារ ៤នាក់បានស្លាប់

កំពង់ឆ្នាំង៖ ជំងឺគ្រុនឈាមនៅខេត្តកំពង់ឆ្នាំង បានបន្តកើនឡើងគួរឱ្យព្រួយបារម្ភ ដោយ​គិត​ត្រឹម​សប្តាហ៍​នេះ មានអ្នកកើតជំងឺគ្រុនឈាមសរុបចំនួន១,២៦៩នាក់ និងមានកុមារ​ចំនួ​ន​៤​នាក់​បាន​ស្លាប់​។ តួលេខនេះត្រូវបានចាត់ទុកថា កើនឡើងខ្ពស់ជាងឆ្នាំ២០២៥ ដែលកាល​ពី​ឆ្នាំ​មុន​មិន​មាន​អ្នក​ស្លាប់​ដោយសារជំងឺគ្រុនឈាមឡើយ។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ថា៖ ស្ថានភាពគ្រុនឈាមក្នុងឆ្នាំនេះមានភាពកាចសាហាវ និងកើនឡើងខ្លាំង ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីទាំងអស់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ ការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម មិនអាចពឹងផ្អែកតែលើវិស័យសុខាភិបាលមួយនោះទេ ប៉ុន្តែត្រូវការការចូលរួមពីអាណាព្យាបាល អាជ្ញាធរមានសមត្ថកិច្ចតាមមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ក្នុងការកម្ចាត់ជម្រកមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺនេះ។

លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវរក្សាអនាម័យជុំវិញផ្ទះ បំផ្លាញកន្លែងដក់ទឹក ដាក់ថ្នាំអាប៊េតក្នុងធុង ឬពាងស្តុកទឹក និងអនុវត្តវិធានការបាញ់ថ្នាំសម្លាប់មូសខ្លា ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺ។​ ជាមួយគ្នានេះ ក្រុមការងារកំចាត់ជំងឺឆ្លងនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង កំពុងបន្តចុះអន្តរាគមន៍នៅតាមតំបន់ដែលមានអ្នកជំងឺគ្រុនឈាមកើនច្រើន ដោយធ្វើការដាក់ថ្នាំអាប៊េត បាញ់ថ្នាំសម្លាប់មូស និងផ្សព្វផ្សាយវិធានការការពារជូនប្រជាពលរដ្ឋជាប្រចាំ។

មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវយកអ្នកជំងឺមកមន្ទីរពេទ្យ ដើម្បីព្យាបាលឱ្យបានទាន់ពេលវេលា នៅពេលឃើញកុមារ ឬសមាជឹកគ្រួសារមានរោគសញ្ញាសង្ស័យដូចជា ក្តៅខ្លួនខ្លាំង ឈឺក្បាល ឈឺសន្លាក់ ឬមានសញ្ញាខុសប្រក្រតីផ្សេងៗ៕​ អត្ថបទ៖ កាំង ហុងវាស្នា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia