Connect with us

ព័ត៌មាន

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណសរសើរជូនសមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចំនួន ២រូប មកពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គឺវរសេនីយ៍ត្រី ចន្ថាណម កែវឡោខាំ និង វរសេនីយ៍ត្រី សាយសាម៉ុន ស៊ុកផាស៊ើត ក្នុងឱកាសដែលមន្រ្តីទាំងពីររូបបានបញ្ចប់បេសកកម្មអាណត្តិរបស់ខ្លួន។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ និងកងទ័ពប្រជាជនបដិវត្តឡាវ ដែលបានគាំទ្រដល់ការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ និងបានបញ្ជូននាយទាហានមកបំពេញបេសកកម្មជាអ្នកសង្កេតការណ៍ ក្នុងស្មារតីសាមគ្គីភាពគ្រួសារអាស៊ាន។

ឯកឧត្តម អគ្គមេបញ្ជាការ បានគូសបញ្ជាក់ថា ក្នុងបរិបទដែលកម្ពុជាកំពុងប្រឈមបញ្ហាជម្លោះជាមួយប្រទេសថៃ ការចូលរួមរបស់ឡាវក្នុងនាមជាអ្នកសង្កេតការណ៍អាស៊ាន បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមក្នុងការស្វែងរកសន្តិភាព ស្ថិរភាព វិបុលភាព និងការរក្សាមជ្ឈភាពរបស់អាស៊ាន។

ឯកឧត្តម បានកោតសរសើរចំពោះការលះបង់ កម្លាំងកាយចិត្ត ស្មារតីទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់របស់មន្ត្រីសង្កេតការណ៍ទាំងពីរ ដែលបានឃ្លាតឆ្ងាយពីគ្រួសារ និងមាតុភូមិ ដើម្បីចូលរួមកសាងសន្តិភាព និងប្រក្រតីភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

នៅទីបញ្ចប់ ឯកឧត្តមអគ្គមេបញ្ជាការ បានជូនពរឲ្យមន្ត្រីសង្កេតការណ៍អាស៊ានទាំងពីររូប ទទួលបានជោគជ័យថ្មីៗបន្ថែមទៀតលើគ្រប់ភារកិច្ច និងសូមឲ្យចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ឡាវ នៅតែបន្តរីកចម្រើនជានិច្ចនិរន្តរ៍៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia