Connect with us

ព័ត៌មាន

សម្ដេចធិបតី៖ កម្ពុជា-ចិន នឹងរៀបចំកិច្ចប្រជុំ នៃ «យុទ្ធសាស្ត្រ ៣+៣» ជាមួយគ្នានៅឆ្នាំក្រោយ

ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្រាប់ទៅសារព័ត៌មាន Bloomberg តាមរយៈបទសម្ភាសន៍កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះថា ក្រោយ កម្ពុជា-ចិន បានបញ្ចប់កិច្ចប្រជុំ នៃ «យុទ្ធសាស្ត្រ២+២» ជាមួយគ្នាកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ​២០២៦ ​កន្លងទៅនេះ ប្រទេសទាំងពីរក៏បានឯកភាពគ្នា បង្កើនកម្រិតរៀបចំកិច្ចប្រជុំនៃ «យុទ្ធសាស្ត្រ​៣+៣» ជាមួយគ្នានៅឆ្នាំក្រោយ ដោយបន្ថែមក្រសួងមហាផ្ទៃកម្ពុជា និង ក្រសួង​សន្តិសុខ​សាធារណៈចិន។

តាមរយៈសំណួរថា៖ រដ្ឋមន្រ្ដីការបរទេស និងរដ្ឋមន្រ្ដីការពារជាតិកម្ពុជា បានជួបពិភាក្សា​ជាមួយ​សម​ភាគី​ចិន, តើកិច្ចប្រជុំនោះកើតឡើងដោយរបៀបណា? ហើយតើភាគីណា​ជា​អ្នក​ផ្គួច​ផ្ដើម​រៀប​ចំ​កិច្ច​ប្រជុំ ២ បូក ២ នេះ?

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា កិច្ចប្រជុំនោះបាន​ធ្វើឡើ​ង​ដោយ​ផ្អែក​លើ​ការ​ឯកភាព​ដែល​យើង​មានជាមួយប្រទេសចិន។ នេះគឺជាកិច្ចពិភាក្សាទ្វេភាគីរវាងប្រទេសទាំងពីរ។

សម្ដេច​ធិបតីបានថ្លែងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី ស៊ី ជីនពីង មក​កាន់​ប្រទេស​កម្ពុជា កាលពីឆ្នាំមុនបានផ្ដល់ទិសដៅជាក់លាក់ សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ ដូច្នេះកិច្ចប្រជុំក្នុងទម្រង់នេះ គឺជាវិធានការមួយ ក្នុងចំណោមវិធានការដ៏ទៃទៀត ដើម្បី​ជំរុញកិច្ចសហប្រតិបត្តិការឱ្យឈានទៅមុខ។

សម្ដេចធិបតីបានបញ្ជាក់ថា៖«នៅឆ្នាំក្រោយយើងគ្រោងនឹងពង្រីកទៅជាយន្តការ ៣ បូក ៣ ដោយប​ន្ថែមការចូលរួមពីក្រសួងមហាផ្ទៃរបស់កម្ពុជា និងក្រសួងសន្ដិសុខ​សាធារណៈ​រប​ស់​ប្រទេស​ចិន​។ ទាំងនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ ការទូត វិស័យជាតិ និង​សន្ដិសុខរបស់ប្រទេសទាំងពីរ»។

សម្ដេច​នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា យន្តការទាំងនេះ​នឹង​បង្កើន​ការយក​ចិ​ត្ត​ទុ​កដា​ក់​លើ​វិស័យ​ដែល​ជា​អាទិភាព។ សម្ដេចបន្តថា៖«មិនមានអ្វីទាស់ខុស ក្នុងការសង្គត់ធ្ងន់​លើ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះវិ​ស័យទាំងនេះទេ។ នេះគឺជាចំណុចវិជ្ជមានសម្រាប់ប្រទេសទាំងពីរ។ កម្ពុជា​ក៏​មាន​យន្ត​ការ​ទាំងនេះជាមួយប្រទេសឡាវ វៀតណាម និងប្រទេសដទៃទៀតផងដែរ។

សូមជម្រាបថា តាមរយៈកិច្ចប្រជុំកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ កម្ពុជា និង​សាធារណៈ​រដ្ឋ​ប្រជា​មានិតចិន បានឯកភាពគ្នាថា យន្តការ «២+២» នឹងដើរតួនាទីជាវេទិកាដ៏សំខាន់មួយ ក្នុង​ការ​ធ្វើ​ឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាយុទ្ធសាស្ត្រ បង្កើនការសម្រប​សម្រួល​គោល​នយោបាយ និងរួមគ្នាឆ្លើយតប ចំពោះបញ្ហាប្រឈម ដែលកំពុងកើតមានឡើង ទាំងក្នុង​ប្រទេស​រៀង​ៗ​ខ្លួន ទាំងក្នុងតំបន់និងសកលលោក។

យោងតាម​លទ្ធផលនៃកិច្ចសន្ទនាជាយុទ្ធសាស្ត្រ ២+២ លើកទីមួយ រវាងឯកឧត្តម​ឧប​នាយក​រដ្ឋ​មន្រ្តី ​ប្រាក់ សុខុន រដ្ឋមន្រ្តី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯក​ឧត្តម​ឧប​នាយក​រដ្ឋ​មន្រ្តី ​ទៀ សីហា រដ្ឋមន្រ្តីការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម វ៉ាង យី រដ្ឋម​ន្រ្តី​ការ​បរទេស និងឯកឧត្តម តុង ជុន រដ្ឋមន្រ្តីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃ​ទី​២២ ​ខែមេសា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ភាគីទាំងពីរក៏បានឯកភាពដំឡើងកិច្ចសន្ទនា ២+២​ ទៅជា ៣+៣ ដោយមានការចូលរួមពីក្រសួង មហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និង​ក្រសួងសន្តិសុខសាធារណៈនៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បី ឆ្លើយ​តប​នឹង​ការ​កើន​ឡើង​នៃ​កិច្ច​សហ​ប្រតិបត្តិការទ្វេភាគីនិងការវិវត្តនៃសភាពការណ៍តំបន់និងអន្តរជាតិ។

តាមរយៈ​សន្ទនាជាយុទ្ធសាស្ត្រ ២+២ នេះ ភាគីទាំងពីរ​បាន​សង្កត់​ធ្ងន់​លើ​សារៈ​សំខាន់​ការ​ផ្លាស់​ប្តូរ​ទស្សន​កិច្ច​កម្រិតខ្ពស់ ការពង្រឹងទំនាក់ទំនងរវាងស្ថាប័ន និងការលើកកម្ពស់ការសម្រប សម្រួល​ក្នុង​ចំណោម​ក្រសួង និងស្ថាប័ននៃប្រទេសទាំងពីរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia