Connect with us

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖អត្រាពន្ធគយថ្មីដែលអាមេរិកដាក់មកលើកម្ពុជា គឺអត្រា១០% មិនមែនបន្ថែម១០% លើ ១៩% នោះទេ

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦នេះនៅស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ថា អត្រាពន្ធបដិកាថ្មី ដែលអាមេរិកដាក់មកលើកម្ពុជា គឺ១០% បូកអត្រា MFN មិនមែន១០% បន្ថែមលើពន្ធ១៩% នោះទេ។

ឯកឧត្តមបានថ្លែងថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ កម្ពុជាបានទទួលអត្រាពន្ធថ្មី ១០% បូក MFN។ អាត្រាពន្ធនេះ មិនមែនបន្ថែមពីលើអត្រា១៩%នោះទេ គឺកម្ពុជាបង់ពន្ធលើ MFN ដែលពន្ធ MFN នេះ គឺជាអត្រាពន្ធអនុម័តដោយសភារបស់សហរដ្ឋអាមេរិក មិនមែនអនុម័តដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកទេ។ ដូច្នេះគ្រប់ប្រទេសទាំងអស់ ត្រូវបង់លើ MFN បូក១០% ឬ MFN បូក១២.៥%»។

សូមជម្រាបថា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ លោក ដូណាល់ ត្រា បានកំណត់បដិកាលើការនាំចូលទំនិញពីកម្ពុជាក្នុងអត្រា៤៩%។ ក្រោយពីកម្ពុជាបានចរចាជាច្រើនលើក នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ អត្រាពន្ធបដិកា ត្រូវបានកំណត់ជាថ្មីក្នុងអត្រា១៩%។ តែទោះជាយ៉ាងណាអត្រាពន្ធដែលបានកំណត់នេះ ត្រូវបានតុលាការកំពូលរបស់សហរដ្ឋអាមេរិក បានសម្រេចលុបចោលពន្ធដោយសារខុសច្បាប់ នៅថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

បើយោងតាមច្បាប់ពាណិជ្ជកម្មអាមេរិក ក្នុងមាត្រា ១២២ បានអនុញ្ញាតឱ្យប្រធានាធិបតីអាចមានសិទ្ធិដាក់ពន្ធពី ១០% រហូតដល់១៥% ក្នុងរយៈពេល១៥០ថ្ងៃ។ ដូច្នេះហើយ លោកដូណាល់ត្រាំបានសម្រេចដាក់ ១០%ទៅលើគ្រប់បណ្តាប្រទេសទាំងអស់។ ពន្ធនេះត្រូវបានអនុវត្តចប់នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ដោយជំនួសមកវិញដោយពន្ធលើមាត្រា ៣០១។ តាមរយៈមាត្រា ៣០១នេះ សហរដ្ឋអាមេរិកបានស៊ើបអង្កេតទៅប្រទេសចំនួន៦០ លើ២ចំណុច Force Labor (ការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ឬទិញសម្ភារពីប្រទេស ដែលប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ) និង Excess Capacity (ការផលិតបានច្រើនលើសអ្វីៗដែលផលិត ហើយមានការចូលរួមឧបត្ថម្ភធន ទៅដល់ក្រុមហ៊ុនដើម្បីផលិតបានច្រើនលក់ទៅសហរដ្ឋអាមេរិក ដោយមានការប្រកួតប្រជែងត្រឹមត្រូវ)។ ក្រោយការស៊ើបអង្កេត សហរដ្ឋអាមេរិក បានកំណត់ពន្ធថ្មី ក្នុងអត្រាចាប់ពី១០%ទៅ១២.៥% បូក MFN។ ដូច្នេះ ប្រទេសទាំង៦០ ដែលនាំចូលទំនិញទៅសហរដ្ឋអាមេរិក ត្រូវអនុវត្តពន្ធថ្មី ដែលបានកំណត់ដោយ លោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយកម្ពុជា រួមនឹងប្រទេស២ទៀត រួមមាន ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី នឹងត្រូវអនុវត្តពន្ធបដិកា១០% បូក MFN ខណៈប្រទេស៣៨ទៀត រួមមានថៃ វៀតណាម ត្រូវអនុវត្ត ១២.៥% បូក MFN។

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់បន្ថែមផងដែរថា នៅ២ទៅ៣ខែទៀត អាមេរិកនឹងបញ្ជាក់លើពន្ធ Excess Capacity ជាថ្មី លើ១៦ប្រទេស ហើយក្នុងនោះមានកម្ពុជា វៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ចិន និងសហភាពអឺរ៉ុប ជាដើម។ យ៉ាងណាមិញ លោកបានឱ្យដឹងថា ឆ្លងកាត់ការពិភាក្សាជាមួយនឹងតំណាងសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក នឹងមិនឱ្យកម្ពុជាបាត់បង់ភាពប្រកួតប្រជែងឡើយ ដោយគេបានបញ្ជាក់ច្បាស់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិកា ដែលអាមេរិកបានចុះហត្ថលេខាដោយលោក ដូណាល់ ត្រាំ ជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត គឺគេនៅតែទទួលស្គាល់លើកិច្ចព្រមព្រៀងនោះ ពោលគឺបើទោះបីជាមានការកំណត់ជាថ្មីក៏ដោយ នឹងមិនឱ្យលើសពី ១៩%ឡើយ បានន័យថា Excess Capacity បូកជាមួយពន្ធ Force Labor កុំឱ្យលើស ១៩%ឡើយ។

ឯកឧត្តមបានថ្លែងថា៖«តំណាតពាណិជ្ជកម្មអាមេរិកក៏បានសន្យាជាមួយយើងថា គេមិនឱ្យកម្ពុជាបាត់បង់ភាពប្រកួតប្រជែង បើយើងចរចាចប់បានពន្ធបដិកា ឬពាណិជ្ជកម្មប៉ុណ្ណោះ១៩% ហើយបែរជាគាត់ឱ្យប្រទេសជិតខាងរបស់យើងទាបជាង ១៩% ក៏គាត់ទម្លាក់ឱ្យយើងស្មើគេដែរ មិនឱ្យយើងបាត់ភាពប្រកួតប្រជែងជាមួយប្រទេសជិតខាងទេ»៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia