ព័ត៌មាន
កម្ពុជាបញ្ជាក់ប្រាប់វៀតណាមអំពីជំហរដោះស្រាយជម្លោះព្រំដែនដោយសន្ដិវិធី បើទោះថៃបន្តបង្កអរិភាព
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ប្រាប់ថ្នាក់ដឹកនាំវៀតណាម ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ជំហរដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ដោយសន្ដិវិធីផ្អែកលើច្បាប់ បើទោះបីថៃ បន្តបង្កអរិភាពក៏ដោយ។

ឯកឧត្ដម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យសម្ដេចប្រធានរដ្ឋសភា បានថ្លែងប្រាប់អ្នកសារព័ត៌មាន ឱ្យដឹងថា កាលពីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ថាសម្ដេចប្រធានរដ្ឋសភា បានប្រាប់ថ្នាក់ដឹកនាំវៀតណាម ពាក់ព័ន្ធការរក្សាជំហរដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃដោយសន្ដិវិធី ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។ មេដឹកនាំកំពូលរបស់វៀតណាម ដែលប្រធានរដ្ឋសភា បានជួបរួមមាន ឯកឧត្ដម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយសនី និងជាប្រធានរដ្ឋវៀតណាម , ឯកឧត្ដម ជិន ថាញ់មិញ ប្រធានរដ្ឋសភា និងឯកឧត្ដម ឡេ មិញហ៊ុង នាយករដ្ឋមន្រ្ដីវៀតណាម។
ឯកឧត្ដម អ្នកនាំពាក្យ បានបញ្ជាក់ថា នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំកំពូលវៀតណាម សម្ដេចប្រធានរដ្ឋសភាកម្ពុជា បានលើកយកបញ្ហាជម្លោះព្រំដែន ដែលថៃឈ្លានពានកម្ពុជា ប្រាប់ថ្នាក់ដឹកនាំវៀតណាម ថា បើទោះបីថៃ នៅតែបន្តបង្កអរិភាព តែរាជរដ្ឋាភិបាល នៅតែប្រកាន់ខ្ជាប់ជំហរដោះស្រាយជម្លោះ ដោយសន្ដិវិធីផ្អែកលើច្បាប់។ ហើយកម្ពុជា ប្រឆាំងដាច់ខាត ចំពោះការប្រើប្រាស់កម្លាំង ក្នុងការកែប្រែខ្សែបន្ទាត់ព្រំដែនអន្ដរជាតិ។ ជាការឆ្លើយតប ថ្នាក់ដឹកនាំវៀតណាម បានជម្រាបប្រធានរដ្ឋសភាកម្ពុជា ថា វៀតណាម នឹងបន្តតាមដានដោយយកចិត្តទុកដាក់បំផុត ជុំវិញជម្លោះព្រំដែនកម្ពុជា និងថៃ ហើយសង្ឃឹមថា ប្រទេសទាំងពីរ នឹងរកបានដំណោះស្រាយដោយសន្ដិវិធី ដើម្បីស្ថិរភាព និងសន្ដិសុខតំបន់។

សូមជម្រាបជូនថា យោធាថៃ បានឈ្លានពានកម្ពុជា ចំនួន២លើក កាលពីឆ្នាំ២០២៥។ ហើយបើទោះបីពេលនេះប្រទេសកម្ពុជា និងថៃ រកបានបទឈប់បាញ់ គ្មានការវាយប្រយុទ្ធគ្នាទ្រង់ទ្រាយធំនៅតាមព្រំដែន ប៉ុន្ដែយោធាថៃ នៅតែបន្តបង្កអរិភាព ដោយយកទូកុងតឺន័រ លួសបន្លា ព័ទ្ធយកដី យកផ្ទះរបស់ពលរដ្ឋខ្មែរ រារាំងដល់ពលរដ្ឋប្រមាណ២ម៉ឺននាក់ មិនទាន់អាចវិលទៅកាន់លំនៅឋានវិញ។ បើទោះបីយោធាថៃ បង្កអរិភាពបែបនេះក្ដី តែកម្ពុជានៅតែប្រកាន់ជំហរ ដោះស្រាយជម្លោះព្រំដែន ដោយសន្ដិវិធី ផ្អែកលើច្បាប់អន្ដរជាតិ៕ អត្ថបទ៖ លៀ ស៊ីណា



-
ព័ត៌មាន6 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន7 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន7 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន7 days agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB