Connect with us

ព័ត៌មាន

កាកបាទក្រហមកម្ពុជាប្រគល់ផ្ទះ១ខ្នងដល់គ្រួសារកងទ័ពជួរមុខ ដែលមានជីវភាពខ្វះខាតនៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ ផ្ទះ១ខ្នង ដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានប្រគល់ជូនគ្រួសារកងទ័ព ដែលកំពុងជួបការលំបាក ស្ថិតក្នុងភូមិអង្គរបាន ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។

ក្នុងឱកាសតំណាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រគល់ផ្ទះជូនគ្រួសារកងទ័ព នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា លោក រ៉ា មេត្តា ជាយោធាទិសអូរស្មាច់ ខេត្តឧត្តរមានជ័យ មានប្រពន្ធឈ្មោះ មុំ ខន ជាកម្មការិនីរោងចក្រ ដោយយោធារូបនេះមានជីវភាពខ្វះខាត មានកូនប្រុសស្រីបីនាក់ក្នុងបន្ទុក រស់នៅក្នុងខ្ទមស័ង្កសី ដែលមានសភាពទ្រុឌទ្រោមខ្លាំង ដោយមើលឃើញនូវការលំបាកនេះ សម្តេចប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានសម្រេចផ្តល់ផ្ទះថ្ម ១ខ្នង ដើម្បីបានរស់នៅសមរម្យ ។

ឯកឧត្តម បានបន្តថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺតែងបានគិតគូនិងយកចិត្តទុកដាក់ដល់គ្រួសារយុទ្ធជន ដែលកំពុងឈរជើងការពារដែនអធិបតេយ្យជាតិ ដោយក្នុងនោះតែងឧបត្ថម្ភ គាំទ្រគ្រប់បែបយ៉ាងទាំងស្មារតី និងសម្ភារៈ ដោយធ្វើយ៉ាងណា ឱ្យក្រុមគ្រួសារដែលនៅសមរភូមិក្រោយ រស់នៅបានសមរម្យ និងមានការហូបចុកគ្រប់គ្រាន់ ដោយមិនឱ្យគ្រួសារទ័ពណាម្នាក់រស់នៅមានលំបាកនោះឡើយ ។

ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ បានបញ្ជាក់ថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហម ដូច្នេះ សូមបងប្អូនបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល តែងតែខ្វល់ខ្វាយនិងរួមសុខ រួមទុក្ខជាមួយពលរដ្ឋដោយមិនប្រកាន់និន្នាការ និងគ្រប់កាលៈទេសៈ ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia