Connect with us

ព័ត៌មាន

មន្រ្តីឧទ្យានុរក្ស ប្តេជ្ញាការពារបេតិកភណ្ឌធម្មជាតិដ៏មានតម្លៃរបស់កម្ពុជាឱ្យនៅស្ថិតស្ថេរគង់វង្ស

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ ជាថ្ងៃខួបលើកទី១៩ ទិវាឧទ្យានុរក្សពិភពលោក។ ជា​មួយ​គ្នា​នេះ ​មន្រ្តីឧទ្យានុរក្សបានប្តេជ្ញាការពារបេតិកភណ្ឌធម្មជាតិដ៏មានតម្លៃរបស់កម្ពុជា ឱ្យនៅ​ស្ថិត​ស្ថេរ​គង់​វង្ស​តដល់អ្នកជំនាន់ក្រោយ។

ជារៀងរាល់ថ្ងៃ មន្ត្រីឧទ្យានុរក្សនៅទូទាំងប្រទេសកម្ពុជា ត្រូវបំពេញ​បេសក​កម្ម​ការងារ​ល្បាត​នៅ​ក្នុង​ព្រៃ ដែ​លអាចប្រឈមមុខនឹងជនល្មើសប្រដាប់អាវុធ ភូមិសាស្ត្រលំបាកៗ និងការ​ឃ្លាត​ឆ្ងាយ​ពី​ក្រុម​គ្រួសារ​រាប់​សប្ដាហ៍ ដើម្បីការពារព្រៃឈើ សត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី ដែលទ្រទ្រង់ដល់​ជីវភាព​រស់​នៅរ​បស់ប្រជាជនរាប់លាននាក់។

បើតាមការលើកឡើងរបស់មន្រ្តីឧទ្យានុរក្ស នៅថ្ងៃទី៣១ខែកក្កដានេះ បានឱ្យដឹងថា «ពួក​ខ្ញុំ​ជា​មន្រ្តី​ឧទ្យានុរក្ស​មានតួនាទីការពារព្រៃឈើ នៅក្នុងឧទ្យានជាតិ​ជួរ​ភ្នំ​ក្រវាញ​ដែល​មាន​ផ្ទៃ​ដី​សរុប​ជាង​៤ម៉ឺន​ហិកតា ដោយមានផែនការដើរល្បាតជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ និង​សត្វ​ព្រៃ ​ហើយរាល់ពេលជួបប្រទះសកម្មភាពបរបាញ់សត្វព្រៃ និងកាប់ឈើខុសច្បាប់ក្នុងពេលល្បាត ក៏​មាន​អារម្មណ៍ភ័យខ្លាចដែរ ប៉ុន្តែនៅតែបន្តការងារនេះ ព្រោះមិនចង់ឃើញសត្វព្រៃ និង​ព្រៃ​ឈើ​នៅ​ប្រទេសកម្ពុជាត្រូវបាត់បង់ដោយសារជនខិលខូច»។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា៖ «មន្រ្តីឧទ្យានុរក្ស គឺ​ជា​អ្នក​ការពារបេតិកភណ្ឌធម្មជាតិដ៏មានតម្លៃរបស់កម្ពុជា។ ជារៀងរាល់ថ្ងៃ ពួកគាត់​បំពេញ​បេសក​កម្ម​ដោយ​ការ​លះបង់ខ្ពស់ ដើម្បីការពារព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះ សម្រាប់ប្រជាពលរដ្ឋ និង​មនុស្ស​ជំ​នាន់ក្រោយ។ ក្នុងបរិបទដែលបញ្ហាបរិស្ថានកំពុងវិវឌ្ឍផ្លាស់ប្តូរឥតឈប់ឈរ ការ​រួម​វិនិយោគ​លើ​ការគាំទ្រសុខុមាលភាព ការអភិវឌ្ឍសមត្ថភាព និងការគាំទ្រ​ប្រតិបត្តិ​ការ​របស់​មន្ត្រី​ឧទ្យានុរក្ស ​គឺមានសារៈសំខាន់ក្នុងការសម្រេចចក្ខុវិស័យរបស់កម្ពុជា ដើម្បីក្លាយ​ជា​ប្រទេស​អ​ព្យា​ក្រឹត​កាបូន​នៅឆ្នាំ២០៥០។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានបន្តថា កិច្ចការអភិរក្សធម្មជាតិ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ា​ង​ខ្លាំង​ ជាក់ស្តែងតំបន់ការពារធម្មជាតិនៅកម្ពុជាត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ដោយកើនពី ២៣ តំបន់ ក្នុងឆ្នាំ១៩៩៩ ដល់ ៧៣ តំបន់ គិតត្រឹមឆ្នាំ២០២៦នេះ ដែលមាន​ផ្ទៃ​ដីសរុ​បជា​ង៧​លាន​ហិក​តា ​ស្មើនឹង៣៩ភាគរយនៃផ្ទៃប្រទេស។ តំបន់ទាំងនេះមានសារៈសំខាន់ក្នុងការរក្សាជីវៈចម្រុះ ការ​ផ្តល់សេវាប្រព័ន្ធអេកូឡូស៊ី ការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ការគាំទ្រ​ជីវភាព​សហគមន៍ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

គួរបញ្ជាក់ដែរថា ទិវាមន្រ្តីឧទ្យានុរក្សពិភពលោក ប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី៣១ ខែកក្កដា ដើម្បី​រម្លឹក និងគោរពដល់​ការ​លះបង់​ក្នុង​ការ​បំពេញ​បេសក​កម្ម​របស់​មន្រ្តី​ឧទ្យានុរក្ស​នៅ​ទូទាំង​ពិភព​លោក​។ នៅកម្ពុជាទិវានេះក៏ជាឱកាសមួយដើម្បីបង្ហាញពីការរួមចំណែករបស់មន្រ្តីឧទ្យានុរក្ស ក្នុង​ការ​គ្រប់​គ្រង​តំបន់​ការពារធម្មជាតិ ការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ការតាមដាន​ស្រាវ​ជ្រាវ​ជី​វៈ​ចម្រុះ ការគ្រប់គ្រងហានិភ័យនៃភ្លើងឆេះព្រៃ ការអប់រំបរិស្ថាន និងការសហការ​រួម​ជា​មួយ​សហគមន៍​មូល​ដ្ឋានជាដើម៕ អត្ថបទ៖ទូច សោភ័ណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia