Connect with us

ព័ត៌មាន

ក្មេងទំនើងដែលបង្កហិង្សា និងអះអាងថាខ្លួនជាកូនខ្លាមេ០៧ ត្រូវ​បាន​អាវុធ​ហត្ថ​បញ្ជូន​ដល់​ដំណាក់​កាល​អយ្យការហើយ

ជនសង្ស័យឈ្មោះ រតនៈ ពិសាល អាយុ ១៩ឆ្នាំ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់​ខ្លួន​កាល​ពី​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់​ពី​មាន​ការ​ចែក​ចាយ​វីដេអូ​ជន​សង្ស័យ​រូប​នេះបា​ន​ប្រើ​ហិង្សា​លើ​ជន​រងគ្រោះ២នាក់ នៅចំណុចក្បែរក្រសួងមហាផ្ទៃ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌ​ចំការមន​។

អាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា តាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ម៉ុន វីផា បាន​រៀប​រាប់​ឱ្យ​ដឹង​ថា រូបខ្លួននិងក្រុមជនសង្ស័យពុំដែលបានស្គាល់គ្នា ឬធ្លាប់មាន​រឿង​អ្វី​ជា​មួយ​គ្នា​ពី​មុន​មក​ឡើយ ​ហើយនៅថ្ងៃកើតហេតុជនរងគ្រោះ រួមជាមួយមិត្តភក្តិ៧នាក់ទៀត បាន​ជិះ​ម៉ូតូ​ចេញ​ពី​កន្លែង​ហូប​ចំណី​អាហារនៅមុខវត្តបុទមវត្តី រហូតមក​ដល់​ផ្លូវ​ម្តុំ​វិមានឯករាជ្យ​ទល់​មុខ​វិទ្យាស្ថាន​ជាតិ​អប់រំ​ ស្រាប់តែមានម៉ូតូចំនួន២គ្រឿង បានជិះតាមពួកខ្លួន ហើយស្រែកថា ចោរ ចោរ ហើយ​បញ្ជា​ឱ្យ​ពួក​ខ្លួន​ឈប់​ម៉ូតូ តែពេលខ្លួនបម្រុងឈប់ម៉ូតូ ពួកគេចេះតែលើកជើងធាក់ម៉ូតូរបស់ខ្លួន ហើយ​ដោយ​សារ​តែ​ភ័យ​ខ្លាំងពេក ជនរងគ្រោះចេះតែបន្តជិះបត់ចុះបត់ឡើង ចំណែកមិត្តភក្តិផ្សេងទៀត ខ្លួន​ពុំ​ចាប់​អារម្មណ៍ថា ពួកគេជិះទៅខាងណាទេ តែម៉ូតូ២គ្រឿង នៅតែ​បន្ត​ជិះ​ដេញ​តាម​ម៉ូតូ​របស់​ខ្លួន ​ដោយមានបើកសម្លេងសឺរ៉ែន និងមានម៉ូតូអ្នកសារព័ត៌មានជិះតាមថតពីក្រោយទៀតផង រហូត​មក​ដល់ចំណុចម្តុំខាងមុខក្រសួងមហាផ្ទៃ ទើបខ្លួនឈប់ម៉ូតូដើម្បីឱ្យពួកគេឆែកឆេរ ពេល​ខ្លួន​ឈប់​ម៉ូតូ​ភ្លាម​ ស្រាប់តែពួកគេចូលមកវាយទាត់ធាក់លើរូបរាងកាយរបស់ខ្លួន បណ្តាលឱ្យ​បាត់​បង់​ស្មារតី ​ហើយប្រកាច់ប្រកិននៅហ្នឹងកន្លែងតែម្តង ចំណែកមិត្តភក្តិដែលជិះម៉ូតូជាមួយខ្លួនពុំដឹងថា រង​របួសត្រង់ណាដែរទេ ព្រោះខ្លួននៅវង្វេងវង្វាន់នៅឡើយ។ លុះពេល​ជន​រង​គ្រោះ​ត្រឡប់​មក​ដល់​ផ្ទះ ​ទើបបានឃើញព័ត៌មានអនឡាញ ផ្សាយពីសកម្មភាពដែលពួកគេបានវាយតប់ ទាត់​ធាក់​មក​លើជ​នរ​ង​គ្រោះ ទើបជនរងគ្រោះដឹងថាពួកគេពុំមែនជាសមត្ថកិច្ចឡើយ ហើយ​ពេល​ឪពុក​ម្តាយ​របស់​ខ្លួន​បាន​ដឹងរឿង​នេះក៏បានបញ្ជូនខ្លួនទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ដើម្បី​ព្យាបាល​របួស​។

អាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា តាមចម្លើយសារភាពរបស់ជនសង្ស័យ រតនៈ ពិសាល បាន​បញ្ជាក់ថា រូបគេនិងបក្ខពួក២នាក់ទៀត ឈ្មោះ ឆាលី ម៉ាហ្វី ភេទប្រុស អាយុប្រហែល១៨ឆ្នាំ មុខ​របរ​មិនពិត​ប្រាកដ និងឈ្មោះ សែ គឹមសេង ភេទប្រុស អាយុប្រហែល១៧ឆ្នាំ មុខរបរ​សិស្ស​សាលា​ឥន្ទ្រ​ទេវី ដំបូងឡើយបានអង្គុយ​ជជែកគ្នា​លេង​នៅ​វិមានឯករាជ្យ​រហូត​ដល់​ម៉ោង​ប្រហែល​២​យប់​ឈាន​ចូល​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ពួកគេបានជិះចេញ​ពីវិមាន​ឯករាជ្យ​ដល់​កែង​វត្ត​បុទុម​ក៏​បាន​ឃើញ​សមត្ថកិច្ច​កំពុង​ដេញ​ចាប់​ក្មេងមួ​យក្រុ​ម​ដោយ​ម៉ូតូសមត្ថ​កិច្ច​មាន​បើក​សារ៉ែន​រោទិ៍ ​ពេល​ពួកខ្លួនជិះត្រឡប់មកដល់កែងវិមានឯករាជ្យវិញ ស្រាប់តែពួកវាជិះមកគៀរម៉ូតូខ្លួន ឃើញ​ដូ​ច្នោះ រតនៈ ពិសាល និងបក្ខពួកបានជិះដេញតាមដោយស្រែកឱ្យវាឈប់ ប៉ុន្តែ​ពួក​វា​មិន​ឈប់​នោះ​ទេ ​ពេលមកដល់ក្បែរក្រសួងមហាផ្ទៃ រតនៈ ពិសាល បានជិះ​គៀរ​ឱ្យ​ដួល​ទៅ​លើ​ខឿន​ផ្លូវ​ ហើយ រតនៈ ពិសាល ក៏បានឈប់ម៉ូតូ ដើរចូលទៅទះមួយកំផ្លៀង និងទាត់​មួយ​ជើង​ចំ​កណ្តាល​មុខ​ដួល​ប្រកាច់​លើខឿនតែម្តង ភ្លាមៗនោះក៏មានអ្នកសារព័ត៌មានមកថតឡាយ និង​ឱ្យ​រូប​គេជួ​យជូ​ន​ជន​រង​គ្រោះទៅពេទ្យ ប៉ុន្តែអ្នករួមដំណើរជនរងគ្រោះប្រាប់ថាមិនអីទេ ទុក​ឱ្យ​គាត់​ជូន​ទៅ​ផ្ទះវិ​ញ ហើយក៏បែកគ្នារៀងខ្លួន រហូតដល់ម៉ោងប្រហែល ៤ទៀបភ្លឺ ថ្ងៃខែឆ្នាំដដែល រតនៈ ពិសាល បានឃើញសារព័ត៌មានកំពុងធ្វើការឡាយនៅចំណុចបឹងកក់ នូវរឿង​ហេតុ​ការណ៍​ដែល​ខ្លួន​វាយ​គេ ​ខ្លួនក៏ជិះចេញពីផ្ទះទៅធ្វើការបំភ្លឺ លុះចប់ការឡាយ រតនៈ ពិសាល បានធ្វើការ​ចរចា​គ្នាជាមួយ​ជន​រង​គ្រោះ ​ដោយជនរងគ្រោះបានទាមទារសំណងជំងឺចិត្តចំនួន១៥$ ប៉ុន្តែ​ខ្លួន​សុំ​សង​ថ្លៃ​ព្យាបាល​តែ ​៥​ម៉ឺនរៀល ពេលនោះជនរងគ្រោះក៏យល់ព្រម។

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជាក់ថា បើទោះបីជាចម្លើយសារភាពរបស់ជនសង្ស័យ មិន​ស៊ី​សង្វាក់​ជា​មួយ​ពាក្យ​បណ្តឹងរបស់ជនរងគ្រោះក៏ដោយ វីដេអូហិង្សាដែល​បាន​ផ្សព្វ​ផ្សាយ​ក្នុង​បណ្តាញ​សង្គម ​គឺ​ជាភស្តុតាងបញ្ជាក់ថា ជនសង្ស័យ រតនៈ ពិសាល មានបទល្មើស​យ៉ាង​ពិត​ប្រាកដ​ដោយ​មិន​អាច​ប្រកែក​បាន ដែលអាចឱ្យសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿ​ង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការតាមច្បាប់។

ដោយឡែក ជនសង្ស័យម្នាក់ទៀត ដែលជាក្រុមជាមួយ រតនៈ ពិសាល ក៏ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ព្រហ្ម​ទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយ​នគរបាល​ខណ្ឌ​ចំការ​មន ​ស្រាវជ្រាវឃាត់ខ្លួនបានម្នាក់ដែរ កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឈ្មោះ សែច័ន្ទ ​សេង ហៅ សេង អាយុ ១៧ឆ្នាំ ដោយចាប់យកវត្ថុតាងម៉ូតូ ១គ្រឿង ដែលជន​សង្ស័យ​បាន​ប្រើ​ប្រាស់ក្នុ​ងពេលធ្វើសកម្មភាព។ ចំពោះករណីនេះសមត្ថកិច្ចក៏កំពុងកសាងសំណុំរឿង ដើម្បី​បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញផងដែរ៕ អត្ថបទ ៖ តារាវុទ្ធី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia