Connect with us

ព័ត៌មាន

ក្រសួងបរិស្ថាន ស្នើសុំការសហការពីរដ្ឋបាលរាជធានី-ខេត្ត ហាមឃាត់ការនាំចូលសំណល់អាគុយ និង​បរិក្ខារ​អេឡិច​ត្រូនិកប្រើប្រាស់រួច ដើម្បីការពារសុខភាពសាធារណៈ និងបរិស្ថានកម្ពុជា

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានចេញលិខិតជម្រាបជូនអភិបាលរាជធានី ខេត្ត ទាំងអស់ ឱ្យ​អនុវត្ត​វិធាន​ការ​ច្បាប់​យ៉ាងម៉ឺងម៉ាត់លើការនាំចូលសំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនី និង​អេឡិច​ត្រូនិក​។

ការសម្រេចនេះធ្វើឡើងក្នុងគោលបំណងការពារសុខភាពសាធារណៈ ជីវៈចម្រុះ និង​ប្រព័ន្ធ​អេកូ​ឡូ​​​ស៊ី​នៅកម្ពុជា។

យោង​តាមក្រមបរិស្ថាន និងធនធានធម្មជាតិ រួមទាំងអនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង ការនាំ​ចូល​សំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនី និងអេឡិច​ត្រូ​និក​ពី​ក្រៅ​ប្រទេស​ចូល​មក​កម្ពុជា ​ត្រូវបានហាមឃាត់ជាដាច់ខាត។

ក្រសួងបានសង្កេតឃើញថា ទីតាំងស្តុក ចែកចាយ និងលក់បរិក្ខារអគ្គិសនី និងអេឡិច​ត្រូនិក​ប្រើ​ប្រាស់​រួច​មួយចំនួន បាននាំចូលសម្ភារៈទាំងនេះដោយមានលាយឡំជាមួយសំណល់គ្រោះថ្នាក់។

សំណល់ទាំងនោះរួមមាន ម៉ាស៊ីនត្រជាក់ ទូរទឹកកក ទូរបង្កក ម៉ាស៊ីនបោកគក់ខោអាវ ម៉ាស៊ីន​សម្ងួត​ខោអាវ ទូរទស្សន៍ កុំព្យូទ័រលើតុ កុំព្យូទ័រយួរដៃ ទូរស័ព្ទ និងថេបប្លែត ដែលត្រូវបាន​ចាត់​ទុក​ថា​ជា​សំណល់​គ្រោះថ្នាក់។

មូលហេតុគឺដោយសារពួកវាមានផ្ទុកសារធាតុគ្រោះថ្នាក់ដូចជា បារត កាត់ម៉្ញូម នីកែល ក្រូម អាសេនិក និងសំណ ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ជីវៈចម្រុះ និង​ប្រព័ន្ធ​អេកូ​ឡូស៊ី ប្រសិនបើសារធាតុទាំងនេះសាយភាយចូលទៅក្នុងបរិស្ថាន តាមរយៈការ​ទុក​ដាក់ ​ការដោះបំបែក និងការកែច្នៃមិនបានត្រឹមត្រូវតាមបច្ចេកទេសសុវត្ថិភាពបរិស្ថាន។

ដូច្នេះ ការអនុវត្តវិធានការច្បាប់នេះ គឺមានសារៈសំខាន់ណាស់ ដើម្បីធានា​បាន​នូវ​ការ​គ្រប់​គ្រង​សំណល់ប្រ​កបដោយប្រសិទ្ធភាព និងនិរន្តរភាពបរិស្ថានសម្រាប់កម្ពុជា៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia