Connect with us

ព័ត៌មាន

កម្លាំងពលកម្មវ័យធ្វើការ​របស់កម្ពុជានឹងក្លាយជាចលករសម្រេចបានចក្ខុវិស័យប្រទេសចំណូលខ្ពស់ឆ្នាំ២០៥០

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានលើកឡើងថា​ កម្លាំងពលកម្មវ័យធ្វើការ​របស់កម្ពុជានឹងឈានដល់កម្រិតខ្ពស់បំផុតនៅប្រហែលឆ្នាំ២០៤៣ ដែលជាឱកាសសំខាន់សម្រាប់ប្រែក្លាយកម្លាំងពលកម្មទៅជាចលករជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពរយៈពេលវែង។ ការសម្រេចបាននូវគោលដៅនេះតម្រូវឱ្យកម្ពុជាត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ និងអនុវត្តយុទ្ធសាស្ត្រច្បាស់លាស់ ដើម្បីជៀសវាងបញ្ហា «អន្ទាក់ចំណូលមធ្យម» ដែលប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនធ្លាប់ជួបប្រទះ។

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា លើកឡើងដូច្នេះធ្វើឡើងនៅក្នុង សិក្ខាសាលានេះត្រូវបានរៀបចំឡើងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាពព្រឹទ្ធសភា ដែលមានការចូលរួមពីតំណាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ធនាគារពិភពលោក វិស័យឯកជន អ្នកស្រាវជ្រាវ និងភាគីពាក់ព័ន្ធប្រមាណជាង ២៧០នាក់។

ថ្លែងក្នុងសិក្ខាសាលា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានលើកឡើងពីប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានកំណត់ចក្ខុវិស័យជាតិឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្តមបញ្ជាក់ថា យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោក កម្លាំងពលកម្មវ័យធ្វើការរបស់កម្ពុជានឹងឈានដល់កម្រិតខ្ពស់បំផុតនៅឆ្នាំ២០៤៣ ដែលជាឱកាសសំខាន់ ឬហៅថា «បង្អួចប្រជាសាស្ត្រ» សម្រាប់ប្រែក្លាយកម្លាំងពលកម្មទៅជាចលករជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពរយៈពេលវែង។

ឯកឧត្តមបណ្ឌិត បញ្ជាក់ទៀតថា ដើម្បីសម្រេចបានគោលដៅនេះ រាជរដ្ឋាភិបាលគឺចាំបាច់​ធ្វើការវិនិយោគទៅលើវិស័យអប់រំ និងសុខាភាពរបស់ប្រជាពលរដ្ឋ ដែលស្របទៅការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០២៤-២០២៨ និងផែនការសកម្មភាពគោលនយោបាយគ្រូបង្រៀន ២០២៤-២០៣០ ដើម្បីកែលម្អគុណភាពរៀនសូត្រ និងពង្រឹងសមត្ថភាពគ្រូបង្រៀន ព្រមទាំង គោលនយោបាយគាំពារសង្គម និងសុខាភិបាល ដែល​រាជរដ្ឋាភិបាលបានអនុម័តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០២៤-២០៣៥ និងផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២៥-២០៣៤ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរប្រជាសាស្ត្រ និងការកើនឡើងនៃប្រជាជនវ័យចំណាស់នាពេលអនាគត។

ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា៖ «នេះគឺជាឱកាសមាសដែលមានពេលកំណត់ សម្រាប់កម្ពុជាក្នុងការបង្កើនផលិតភាព កែលម្អគុណភាពការងារ ពង្រឹងមូលធនមនុស្ស និងបង្កើនភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចជាតិ ដោយឯកឧត្តមបានអំពាវនាវឱ្យគ្រប់ភាគីរួមគ្នាចាប់យក «ឱកាសមាស» ពីបង្អួចប្រជាសាស្ត្រ ដើម្បីធានាថាកម្ពុជាអាចឈានទៅសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលខ្ពស់ និងជៀសផុតពីអន្ទាក់ចំណូលមធ្យម»។

​របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោក បង្ហាញថា កម្ពុជាបច្ចុប្បន្ន ពោរពេញទៅដោយប្រជាជនក្នុងវ័យការងារ​ ដែលមានអាយុចន្លោះពី ១៥ ឆ្នាំ ដល់ ៦៤ឆ្នាំ ចំនួន ៦៤% ស្មើនឹង ១១,៣ លាននាក់ នៃចំនួនប្រជាជនសរុប ១៧,៦ លាននាក់។ ចំនួននេះត្រូវបានព្យាករថានឹងកើនដល់ ៦៦% ត្រឹមឆ្នាំ២០៥០។

អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia