Connect with us

ព័ត៌មាន

រដ្ឋមន្រ្តីពាណិជ្ជកម្មប្រាប់ប្រធានមន្ទីរថ្មីខេត្តកោះកុងឱ្យពិនិត្យផលិតផលសក្តានុពលចុះបញ្ជីម៉ាក់សម្គាល់ភូមិសាស្រ្តទំនិញ

លោកជំទាវរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ បានប្រាប់ដល់លោកប្រធានថ្មីនៃមន្ទីរពាណិជ្ជកម្មខេត្តកោះកុង ត្រូវប្រឹងប្រែងស្វែងរកផលិតផលក្នុងស្រុកដែលមានសក្តានុពល ដើម្បីចុះបញ្ជីម៉ាក់សម្គាល់ភូមិសាស្រ្តទំនិញបង្កើនលើតម្លៃបន្ថែម។

ការណែនាំរបស់លោកជំទាវ ចម និម្មល នៅពេលនេះធ្វើឡើងក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់លោក ឃី វុធ ជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុង ជំនួសលោក សាលីម ហ្វារីត ដែលចូលនិវត្តន៍។

លោកជំទាវរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ណែនាំបន្តថា លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុងថ្មី គប្បីផ្តោតលើការតភ្ជាប់ទីផ្សារក្នុងស្រុក ការពង្រឹងភាពជាដៃគូរវាងសហគមន៍ផលិត និងវិស័យឯកជន។ ជាពិសេសផលិតផលកសិកម្ម និងជលផល ការពង្រឹងប្រសិទ្ធភាពសេវាសាធារណៈ និងការបន្តតាមដានស្ថានភាពទីផ្សារ។

លោកជំទាវ ចម និម្មល បានគូសបញ្ជាក់ថា ខេត្តកោះកុង គឺជាខេត្តដែលមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍ ដោយឈរលើសរសរស្តម្ភសំខាន់ចំនួន ៣ រួមមាន៖ (១) វិស័យទេសចរណ៍ធម្មជាតិ ដែលសម្បូរទៅដោយធនធានធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីដ៏លេចធ្លោ (២) វិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងឡូជីស្ទិក តាមរយៈតំបន់សេដ្ឋកិច្ចពិសេស និងគម្រោងអភិវឌ្ឍកំពង់ផែទឹកជ្រៅ និង (៣) វិស័យថាមពល កសិកម្ម និងវារីវប្បកម្ម ដែលជាមូលដ្ឋានសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

លោកជំទាវក្រសួងពាណិជ្ជកម្ម ក៏វបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលនានារបស់លោកប្រធានមន្ទីរដែលបានចូលនិវត្តន៍ ព្រមទាំងបានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្មខេត្តកោះកុងទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅថ្នាក់មូលដ្ឋាននាពេលកន្លងមក។ ខណៈមន្ទីរសហការជាមួយរដ្ឋបាលខេត្តកោះកុង ជំរុញការអភិវឌ្ឍលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់។

ឆ្លើយតបនឹងការណែនាំរបស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ឃី វុធ ដែលទើបចូលកាន់តំណែងជាប្រធានមន្ទីរពាណិជ្ជកម្ម បានប្តេជ្ញាចិត្តថា នឹងបន្តបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ វិជ្ជាជីវៈ តម្លាភាព និងគណនេយ្យភាព ដើម្បីរួមចំណែកលើកកម្ពស់វិស័យពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅថ្នាក់មូលដ្ឋាន ឱ្យកាន់តែរីកចម្រើន ស្របតាមបេសកកម្មរបស់ក្រសួងពាណិជ្ជកម្ម និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

បើតាមលោកប្រធានមន្ទីរពាណិជ្ជកម្ម នឹងប្រឹងប្រែងស្រាវជ្រាវស្វែងរកផលិតផលក្នុងស្រុកថ្មីៗ ដើម្បីចុះបញ្ជីម៉ាក់សម្គាល់ភូមិសាស្រ្តទំនិញបន្ថែមទៀត បន្ទាប់ពីបានចុះបញ្ជីម៉ាក់ក្តាមថ្មកោះកុងកន្លងទៅ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia