Connect with us

ព័ត៌មាន

គិតត្រឹមសប្តាហ៍ទី៣០ ក្នុងឆ្នាំ២០២៦ ជំងឺគ្រុនឈាមនៅទូទាំងប្រទេស កើតមាន ៤០,៩១៥​ករណី និងបណ្តាលឱ្យមានអ្នកស្លាប់ ៥៨នាក់

ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលស្តីពី ការថែទាំ និងព្យាបាលជំងឺគ្រុនឈាម សម្រាប់​បុគ្គលិក​សុខាភិបាល នៅខេត្តកំពង់ចាម កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សិក ប៊ុណ្ណា រដ្ឋ​លេខា​ធិការ​ក្រសួងសុខាភិបាល បានមាន ប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្នអ្នកកើតជំងឺគ្រុនឈាម កំពុង​កើន​ឡើង​គួរឱ្យកត់សម្គាល់ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់បំផុត។

ឯកឧត្តម បានគូសបញ្ជាក់ថា គិតត្រឹមសប្តាហ៍ទី៣០ ក្នុងឆ្នាំ២០២៦ ជំងឺគ្រុនឈាមនៅ​ទូទាំង​ប្រទេស ​មានចំនួនសរុបដល់ទៅ ៤០,៩១៥ករណី និងបណ្តាលឱ្យមានអ្នកស្លាប់ចំនួន ៥៨នាក់។ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ករណីនេះ មានការកើនឡើងយ៉ាងគំហុក ពោល​គឺ​ករណី​ឆ្លងកើនឡើងចំនួន ១៦,៥១៨ករណី ស្មើនឹង ៦៧.៧% និងអត្រាស្លាប់ កើនឡើងចំនួន ១៨នាក់ ស្មើនឹង ៤៥%។ អ្វីដែលកាន់តែគួរឱ្យកត់សម្គាល់នោះ គឺក្នុងអំឡុងពេល ២សប្តាហ៍​ចុង​ក្រោយ​នេះ អត្រាចម្លងបានបន្តកើនឡើងចំនួន៧% បន្ថែមទៀត។

ឯកឧត្តម មានប្រសាសន៍បន្ថែមថា ខេត្តកំពង់ចាម ក៏កំពុង​ស្ថិត​ក្នុង​ចំណោម​ខេត្ត​ដែលមា​ន​ករណី​ឆ្លង​ច្រើន​ជាងគេផងដែរ។ ផ្អែកតាមទិន្នន័យរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ា​ស៊ីត​សាស្ត្រ និងបាណកសាស្រ្ត បង្ហាញថា ត្រឹមខែកក្កដាកន្លងទៅនេះ ខេត្តកំពង់​ចាម​មាន​អ្នក​ជំងឺ​គ្រុនឈាម រហូតដល់ ២០២១ករណី។ ជំងឺនេះ មិនត្រឹម​តែ​គំរាម​កំហែង​ដល់​សុខ​ភាព​សាធារណ​ប៉ុណ្ណោះទេ​ ប៉ុន្តែថែមទាំងឆក់យកអាយុជីវិតរបស់កុមារ និងប្រជាពលរដ្ឋ បើមិនមាន​ការ​សង្គ្រោះ​ទាន់​ពេល​វេលានោះទេ។

ក្រសួងសុខាភិបាលបានព្រមានថា ប្រសិនបើលោកអ្នក ឬសមាជិកគ្រួសារ​មា​ន​រោគ​សញ្ញា​គ្រុន​ក្តៅ​ខ្លួន​ខ្លាំង​ភ្លាមៗចាប់ពី ៣៩ ទៅ ៤០អង្សាសេ សូមស្វែងរកការពិគ្រោះយោបល់ និង​ពិនិត្យ​ព្យាបាល​ជា​បន្ទាន់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ​ដែល​នៅ​ជិ​ត​លោក​អ្នក​បំផុត​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើទៅបាន ក្នុងអំឡុង៤៨ម៉ោងយ៉ាងតិច និងសូមទូរសព្ទទៅលេខ ១១៥ បើមាន​សំណួរ​បន្ថែម ឬចូលរួមរាយការណ៍ ដោយកុំទិញថ្នាំឱ្យកូនលេបដោយខ្លួនឯង ការពន្យារពេល​អាច​ធ្វើ​ឱ្យ​ជំងឺធ្ងន់ធ្ងរ និងអាចបណ្តាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិត។

ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ ចូល​រួម​ចលនា​កាត់បន្ថយ តាមដាន និងទប់ស្កាត់ការកកើតសត្វមូស ដោយប្រកាន់​ខ្ជាប់​នូវ​គោល​ជំហរ​ស្រប ​នឹងពាក្យស្លោក «ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅដ្ឋានរបស់ខ្ញុំ គ្មាន​ដង្កូវ​ទឹក​»​។

តាមការសិក្សាស្រាវជ្រាវ សត្វមូសខ្លាចូលចិត្តរស់នៅកន្លែងទឹកដក់ នៅក្នុងវត្ថុដក់ទឹក ដូចជា សំបកកង់ យានយន្តទុកចោលពាសវាលពាសកាល ត្រឡោកដូង កែវ ចានជ័រ/ស្ងោរ ក្រឡដែលបោះបង់ចោល ពាង អាង ធុងដាក់ទឹក ទឹកថូផ្កា ចានទ្រជើងតុ ទូ និងពែង ដែលបង្កើតជាប្រភពដក់ទឹក និងជំរកសត្វមូសខ្លា។ សត្វមូសខ្លា ចូលចិត្តសំងំលាក់ខ្លួននៅក្នុងទីកន្លែងងងឹតៗ ឬមិនសូវមានពន្លឺថ្ងៃចូលដល់៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia