Connect with us

ព័ត៌មាន

មន្ដ្រីជាន់ខ្ពស់នៃអគ្គនាយកអន្តោប្រវេសន៍ ចុះត្រួតពិនិត្យ និងដឹកនាំការរៀបចំប្រអប់សំបុត្រ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីទទួល ពិនិត្យ និងដោះស្រាយសំណូមពរប្រជាពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តម​បណ្ឌិត ណុប នរិន្ទ អគ្គនាយករង និងជាប្រធានក្រុមការងាររៀបចំ ត្រួតពិនិត្យ បើកប្រអប់សំបុត្រតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះត្រួតពិនិត្យ និងដឹកនាំការរៀបចំប្រអប់សំបុត្រ ដើម្បីធានាឱ្យការទទួល ពិនិត្យ និងដោះស្រាយសំណូមពរ មតិយោបល់ និងកង្វល់របស់ប្រជាពលរដ្ឋ ប្រព្រឹត្តទៅដោយមានប្រសិទ្ធភាព តម្លាភាព និងទាន់ពេលវេលានៅអាកាសយានដ្ឋានអន្តរជាតិតេជោ។

ឯកឧត្តមបណ្ឌិត ណុប នរិន្ទ បានអញ្ជើញចុះត្រួតពិនិត្យ និងដឹកនាំការរៀបចំប្រអប់សំបុត្រ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីពង្រឹងប្រព័ន្ធទទួលព័ត៌មានពីប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់សេវា ឱ្យកាន់តែមានប្រសិទ្ធភាព ស្តង់ដារ និងឆ្លើយតបតាមតម្រូវការជាក់ស្តែង។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានពិនិត្យលម្អិតអំពីទីតាំងដាក់ប្រអប់សំបុត្រ ការរៀបចំស្លាកសញ្ញាណែនាំ និងនីតិវិធីទទួល ពិនិត្យ បែងចែក និងដោះស្រាយសំណូមពរ មតិយោបល់ ការកោតសរសើរ និងកង្វល់នានារបស់ប្រជាពលរដ្ឋ និងអ្នកដំណើរ។

ក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិតបានណែនាំឱ្យក្រុមការងារអនុវត្តការងារនេះដោយភាពទទួលខុសត្រូវខ្ពស់ ធានាថារាល់ព័ត៌មានដែលទទួលបានត្រូវបានពិនិត្យ វាយតម្លៃ និងឆ្លើយតបប្រកបដោយ ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព សុចរិតភាព និងទាន់ពេលវេលា។

ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា ប្រអប់សំបុត្រមិនត្រឹមតែជាមធ្យោបាយសម្រាប់ទទួលសំណូមពរ និងមតិយោបល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានតភ្ជាប់ការទំនាក់ទំនងរវាងស្ថាប័ន និងប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ដែលអាចឆ្លុះបញ្ចាំងពីតម្រូវការ បញ្ហាប្រឈម និងសំណើផ្សេងៗ ដើម្បីយកទៅកែលម្អគុណភាពសេវា និងប្រសិទ្ធភាពនៃការគ្រប់គ្រងឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តមបណ្ឌិត ក៏បានជំរុញឱ្យមន្ត្រី និងក្រុមការងារពាក់ព័ន្ធ បន្តពង្រឹងវិន័យការងារ បង្កើនគុណភាពនៃការផ្តល់សេវា និងលើកកម្ពស់វប្បធម៌ស្តាប់មតិប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ដោយចាត់ទុករាល់មតិយោបល់ជាធាតុចូលដ៏មានតម្លៃសម្រាប់ការកែលម្អ និងអភិវឌ្ឍស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាព។

សកម្មភាពចុះត្រួតពិនិត្យ និងដឹកនាំការរៀបចំប្រអប់សំបុត្រនាពេលនេះ សបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងការកសាងទំនុកចិត្តរវាងស្ថាប័នជាមួយប្រជាពលរដ្ឋ ស្របតាមទិសដៅនៃការអភិវឌ្ឍសេវាសាធារណៈបែបទំនើប ដែលផ្តោតលើប្រជាពលរដ្ឋជាស្នូល៕

 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia