Connect with us

ព័ត៌មាន

៦ខែដើមឆ្នាំរោងចក្រនៅកម្ពុជាកើនឡើងជាង៨០០ និងបង្កើតការងារថ្មីជាង ៩ម៉ឺន​នាក់​ជូន​ដល់​ប្រជាពលរដ្ឋ

ភ្នំពេញ៖ ក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០២៦ រោងចក្រនៅកម្ពុជាកើនឡើងចំនួន ៨៤៥រោងចក្រ ដែល​បង្កើត​ឱកាសការងារថ្មីជាង ៩ម៉ឺនកន្លែងសម្រាប់ប្រជាពលរដ្ឋ ដែលឆ្លុះ​បញ្ចាំង​ពី​បរិយាកាស​វិនិយោគ​ដ៏​រឹងមាំ និងការទាក់ទាញឥតឈប់ឈររបស់កម្ពុជាក្នុងនាមជាគោលដៅវិនិយោគ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ​២០២៦​នេះ គូសបញ្ជាក់ថានៅក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ រោងចក្របានកើនពី ៤៦ ៦៤៩ ទៅ ៤៧ ៤៩៤ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ និងបានបង្កើតឱ្យមានឱកាសការងារជាង ៩ម៉ឺន​កន្លែងជូនដល់ប្រជាពលរដ្ឋ ដែលភាគច្រើននៅក្នុងវិស័យឧស្សាហកម្ម ក្នុង​នោះ​រោង​ចក្រ​ក្នុ​ង​វិស័យ​វាយ​នភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប បាន​កើន​ឡើង​ពី២ ៧២៥ ដល់ ២ ៨៩០។

លោក ស៊ុន មេសា បានលើកឡើងថា កំណើន​វិជ្ជមាន​នេះ​ឆ្លុះ​បញ្ចាំង​ពី​ទំនុក​ចិត្ត​ឥត​ឈប់​ឈរ​របស់​វិនិយោគិនក្នុងស្រុក និងអន្តរជាតិមកលើកម្ពុជា និងបង្ហាញពី​ប្រសិទ្ធភាព​នៃ​គោល​នយោបាយ​របស់រាជរដ្ឋាភិបាលក្នុងការជំរុញការវិនិយោគ បើទោះបីជាសេដ្ឋកិច្ច​ពិភព​លោក​មិន​ទាន់​មាន​ភាព​ប្រាកដប្រជានៅឡើង។

អ្នកនាំពាក្យរូបនេះ មានប្រសាសន៍ថា៖ «ទោះ​​បី​សេដ្ឋកិច្ច​ពិភព​លោ​ក​នៅ​បន្ត​ប្រឈម​នឹង​ភាព​មិន​ប្រាកដ​ប្រជាក៏​ដោយ កម្ពុជានៅតែអាចទាក់ទាញការវិនិយោគ បង្កើនចំនួនរោងចក្រ និងបង្កើតការងារថ្មីជាបន្តបន្ទាប់ ហើយ​កំណើន​នេះ​ឆ្លុះបញ្ចាំង​ពី​ទំនុក​ចិត្ត​របស់​វិនិយោគិន​លើ​សន្តិភាព ស្ថិរភាពនយោបាយ គោលនយោបាយគាំទ្រវិនិយោគ និងកម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ​រប​ស់កម្ពុជា»។

បន្ថែមពីនេះ លោក បានបញ្ជាក់ថា ការងារថ្មីជាង ៩ម៉ឺនកន្លែង ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆមាស​ទី​១ ឆ្នាំ២០២៦ គឺជាភស្តុតាង ដែលបញ្ជាក់​ថា​កម្ពុជា​កំពុង​បន្ត​បង្កើត​ឱកាស​ការងារ​ជូន​ប្រជា​ពលរដ្ឋ​ និងពង្រឹងមូលដ្ឋានសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអតីតពលករទាំងអស់ ស្វែក​រកការងារធ្វើនៅក្នុងស្រុក តាមរយៈវេទិកាការងារ ឬទាក់ទងមកលេខ ១២៩៧ ដែល​ផ្តល់​ប្រាក់​ចំណូល​សមរម្យ ធានាបាននូវសុវត្ថិភាព ការការពារសិទ្ធិការងារ និងអត្ថប្រយោជន៍​សង្គម​ស្រប​តាម​ច្បាប់ជាធរមាន ជាជាងការចំណាក​ស្រុក​ដោយ​ប្រថុយ​ប្រថាន​ដែល​ធ្វើ​ឱ្យ​ខាត​បង់​ពេ​ល​វេលា ​និងថវិកាជាដើម៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia