ព័ត៌មាន
«គម្រោងមេគង្គរីកចម្រើន» ពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ជីវភាពសហគមន៍ជនជាតិភាគតិច នៅខេត្តរតនគិរី និងមណ្ឌលគិរី
នៅថ្ងៃទី៥–៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង «សិក្ខាសាលាឆ្លុះបញ្ចាំងការសហការគ្នារវាងមន្ត្រីកសិកម្មឃុំ និងអង្គការឃែរ (CARE) លើការអនុវត្តគម្រោងមេគង្គរីកចម្រើន» នៅក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។
អង្គសិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្មលោក ជាក់ ម៉េងហៀង អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី លោក ធុច ផល្លា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តទាំង២ លោក ភឿន សុខចាន់ ប្រធានស្តីទីអង្គការឃែរ កម្ពុជា ព្រមទាំងតំណាងអង្គភាពពាក់ព័ន្ធ និងមន្ត្រីកសិកម្មឃុំ សរុបប្រមាណ១៦០រូប។
«គម្រោងមេគង្គរីកចម្រើន» ដែលទទួលបានការគាំទ្រថវិកាពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈ «ភាពជាដៃគូមេគង្គ–អូស្ត្រាលី» ត្រូវបានរៀបចំឡើងក្នុងគោលបំណង ធ្វើការជាមួយសហគមន៍ជនជាតិភាគតិច ដើម្បីពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ លើកកម្ពស់បច្ចេកទេសកសិកម្មឆ្លាតវៃ គាំទ្រជីវភាព បង្កើនប្រាក់ចំណូល និងសុវត្ថិភាពស្បៀងអាហារក្នុងសហគមន៍។ លើកកម្ពស់បរិយាបន្នសង្គម ដោយធានាថា ស្ត្រី យុវជន និងជនមានពិការភាព មានឱកាសចូលរួមយ៉ាងសកម្ម និងមានសំឡេងក្នុងការសម្រេចចិត្តពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុ និងកសិកម្ម។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានគូសបញ្ជាក់អំពីតួនាទីរបស់មន្ត្រីកសិកម្មឃុំ ដែលតភ្ជាប់គោលនយោបាយរបស់រាជរដ្ឋាភិបាលទៅកាន់កសិករផ្ទាល់ ដើម្បីធានាថា សេវាកម្មកសិកម្មត្រូវបានផ្តល់ជូនចំតម្រូវការជាក់ស្តែងរបស់សហគមន៍។ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ផ្តាំផ្ញើថា៖ «យើងត្រូវខិតខំគាំទ្រកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិតកម្ម លើកកម្ពស់គុណភាពកសិផល បង្កើនផលិតភាព និងជំរុញការអនុវត្តវិធីសាស្ត្រកាត់បន្ថយសារធាតុគីមី ដោយជំនួសមកវិញនូវដំណោះស្រាយតាមបែបធម្មជាតិ។ ការងារនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនប្រាក់ចំណូលជូនកសិករ និងការកសាងប្រព័ន្ធកសិកម្មប្រកបដោយចីរភាព»។
សូមជម្រាបជូនថា សិក្ខាសាលាដែលធ្វើរយៈពេល២ថ្ងៃនេះ បានផ្តល់ជាវេទិកាពិភាក្សាយ៉ាងផុសផុល និងបើកចំហ ដើម្បីឱ្យភាគីពាក់ព័ន្ធពិនិត្យលើបញ្ហាប្រឈម ចែករំលែកបទពិសោធន៍ និងមេរៀនជោគជ័យកន្លងមក ព្រមទាំងពង្រឹងកិច្ចសម្របសម្រួលឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងគោលដៅរួមគ្នាកំណត់ទិសដៅអាទិភាពសម្រាប់ដំណើរការគម្រោងក្នុងរយៈពេល ៣ឆ្នាំខាងមុខទៀត៕




-
PR NEWS3 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន7 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន7 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន5 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន7 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
កីឡា3 days agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨