Connect with us

ព័ត៌មាន

វិទ្យាស្ថាន PCCFPI ខេត្ដព្រះសីហនុ ផ្ដល់អាហារូបករណ៍ជិត ២ពាន់​កន្លែង​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​​ងាយ​រងហា​និ​ភ័​យ ​តាម​រយៈ​កម្ម​​វិធី TVET 1.5M

(ព្រះសីហនុ)៖ វិទ្យាស្ថានពហុបច្ចេកទេសមិត្ដភាពកម្ពុជា-ចិនខេត្ដព្រះសីហនុ (PCCFPI) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​ផ្តល់​អាហា​រូប​ក​រ​ណ៍ចំនួន ១ ៨៦០កន្លែង​ដល់​យុវជ​នមក​ពីគ្រួសា​រក្រី​ក្រ និងងាយ​រងហា​និភ័យ ក្រោ​មកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់(TVET 1.5M) របស់​សម្ដេចមហា​បវ​រធិបតី ហ៊ុន ម៉ា​ណែត​។

បើតាមវិទ្យាស្ថាន PCCFPI បានឲ្យដឹងថា វិទ្យាស្ថាន​បានផ្ដល់​អាហារូបករ​ណ៍​ទៅលើ​មុខ​ជំនាញ​ចំនួន ១១ រួមមាន ការដំឡើង​បណ្ដាញ​អគ្គិសនី​ក្នុង​អគារ, ការ​ដំឡើង​បណ្តាញ​បំពង់ទឹក, ការ​ថែទាំ និង​ជួសជុល​រថយន្ត, សេវា​កម្ម​បរិក្ខារ​ត្រជាក់​ក្នុង​គេហដ្ឋាន, សេវា​កម្ម​សម្អាងកាយ, ការថែទាំ និ​ង​ជួស​ជុល​កាំមេរ៉ា​សុវត្ថិ​ភាព, ការថែ​ទាំនិងជួសជុលបរិក្ខារអេ​ឡិចត្រូនិក, សេវាកម្ម​កុំព្យូទ័រ, ការថែ​ទាំ និងជួសជុ​លម៉ាស៊ីន​ធុនតូច, ការរចនា​ក្រាហ្វិ​ក​ដោយ​កុំព្យូទ័រ និង​ការ​កែច្នៃ​បន្លែ និង​ផ្លែឈើ។

ជំនាញទាំងនេះ​ត្រូវបានជ្រើ​សរើស ដោ​យសារ​មានតម្រូវការខ្ពស់នៅ​ក្នុងទីផ្សារការងារបច្ចុប្បន្ន ជាពិសេស​នៅ​ខេត្តព្រះសីហនុ និងតំបន់​សេដ្ឋកិច្ច​ពិសេ​ស។ វា​ជួយ​ឱ្យសិក្ខា​កាមងាយ​ស្រួលក្នុងការ​រកការងារធ្វើ បង្កើនប្រាក់ចំណូល និ​ងអាចបង្កើត​អាជីវកម្ម​ផ្ទាល់​ខ្លួន​បាន។

សិក្ខា​កាមដែលចាប់អារម្មណ៍​​ចុះ​ឈ្មោះចូលរៀ​ន អាចទទួល​បាន​អត្ថ​ប្រយោជន៍​ជាច្រើន​​ដូច​ជា ប្រាក់​​ឧបត្ថម្ភ ១ ១២០ ០០០រៀល ក្នុង​មួយ​​វគ្គ (ចំពោះ​អ្ន​ក​​មា​ន​ប័ណ្ណសម​ធម៌ ក្រី​ក្រ ១,២ ឬគ្រួសារងាយរង​​ហានិភ័យ​​ដែល​​មានសុ​ពលភា​ព ), ការអនុ​វត្ដជា​ក់ស្ដែ​ងជាមួយ​ឧបករ​ណ៍​ទំនើប, សញ្ញា​បត្រ​បច្ចេក​ទេស និង​វិជ្ជាជីវៈ១ និងឱ​កាស​ចុះ​កម្មសិក្សា​ជាមួយ​ក្រុម​ហ៊ុ​នជាដៃ​គូរ។

ចំពោះ​វគ្គ​សិក្សា​​ថ្មី នឹង​ចាប់​ផ្តើម​ចុះ​ឈ្មោះ​ចូលរៀន​ចាប់ពីថ្ងៃ​​ជូនដំណឹង​នេះ​ត​ទៅ ហើ​យអាច​ទាក់​ទ​ង​ទៅ​កា​ន់​​​ទូ​រ​សព្ទ​​លេខ ០១២ ២៦១​ ២៤២​/ ០១៦ ៦៣៣​ ៣៦៧/ ០៩៨ ៧៧៧ ៨០៧/ ០១០ ២៦៩ ៩៥២ ឬអ​ញ្ជើញទៅ​វិទ្យាស្ថាន​ PCCFPI ដែល​​មាន​​​អាសយ​ដ្ឋាន ភូមិពូ​ធឿន​ សង្កា​ត់បិតត្រាំង ក្រុង​កំពង់​សោម ខេត្ដ​ព្រះ​សីហនុ។

គួររម្លឹក​ថា កម្មវិធី​ប​ណ្ដុះបណ្ដាលជំ​នាញវិជ្ជាជីវៈ និង​បច្ចេកទេស​ដល់យុវជន​គោល​ដៅមកពី​​គ្រួសា​រ​ក្រីក្រ និងគ្រួ​សារងាយរង​​ហា​និភ័យ​នៅទូ​​ទាំង​ប្រ​ទេស​​​ចំនួន​ប្រ​មាណ ១,៥លាន​​នាក់ ក្នុង​កម្រិ​ត​សញ្ញា​បត្រ​បច្ចេក​ទេស និ​ង​វិជ្ជាជី​វៈ ត្រូវ​បាន​​​ផ្ដួច​ផ្ដើម​​ឡើងដោ​យស​ម្តេច​​តេជោ ហ៊ុន សែន ក្នុង​ឆ្នាំ​២០២៣ និ​ង​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ដោយ​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពី​​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣​៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia