Connect with us

ព័ត៌មាន

ពីដៃកាន់សៀវភៅ និងដេញ Piano មកកាន់សង្វៀនអន្តរជាតិ៖ ភាពក្លាហាន និងទឹកភ្នែករបស់ ម៉ានេតា

ក្រោយពីបញ្ចប់ការប្រកួតដ៏ជោគជ័យរបស់អត្តពលិកជម្រើសជាតិថ្នាល និង​ជម្រើស​ជាតិ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​កីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី២០២៦នៅម៉ុងហ្គោលី ឯកឧត្តម ផាន់ វណ្ណរ័ត្ន អនុ​ប្រធាន​សហព័ន្ធកីឡាតេក្វាន់ដូ-ITF កម្ពុជា បានចេញអត្ថ​បទ​ពិសេស​មួយ​ដែល​មាន​ចំណង​ជើង​ថា ​ពីដៃកាន់សៀវភៅ និងដេញ Piano មកកាន់សង្វៀនអន្តរជាតិ៖ ភាពក្លាហាន និង​ទឹក​ភ្នែក​របស់​កូន​ស្រី ម៉ានេតា។

ក្នុងសំណេរនេះឯកឧត្តមអនុប្រធានសហព័ន្ធបានរំលេចថា សម្រាប់ឪពុកគ្រប់រូប កូនគឺជាបេះដូង និង​ជា​ពិភពលោកទាំងមូល។ កូនស្រី ម៉ានេតា ក្នុងវ័យទើបតែ ១១ ឆ្នាំ តែង​តែ​ជា​ក្មេង​ស្រី​ដ៏​ទន់​ភ្លន់ ​ជាសិស្សពូកែម្នាក់ដែលចំណាយពេលភាគច្រើនជាមួយការអានសៀវភៅ និងស្រឡាញ់​សំឡេង​តន្ត្រី ​Piano យ៉ាងខ្លាំង។ នៅក្នុងភ្នែករបស់លោក កូនគឺជាព្រះនាង​តូច​ដ៏​សុភាព​រាប​សារ​ជានិច្ច​។

ប៉ុន្តែនៅ​ក្នុង​ព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់ដូជើងឯកអន្តរជាតិ នៅលើទឹកដីប្រទេស​ម៉ុង​ហ្គោលី​នា​ពេល​នេះ ​កូនស្រីតូចបានសម្រេចចិត្តសុំច្បាប់សាលា ខកខានការរៀនសូត្រអស់មួយសប្តាហ៍ពេញ ដើម្បី​ឈានជើងមកធ្វើជាតំណាងឱ្យប្រទេសជាតិ និងប្រឈម​មុខ​នឹង​ការ​សាកល្បង​ដ៏​ធំបំផុត​មួយ​ក្នុង​ជីវិត​។

វិនាទី​ដែល​កូនស្រីតូចដើរឡើងលើសង្វៀនប្រកួត ឈរទល់មុខនឹងគូប្រកួតដែលឌឺដង និង​មាន​មាឌ​ធំ​ជាង ​បេះដូងជាឪពុកម្នាក់នេះស្ទើរតែលោតចេញមកក្រៅ។ ជើងរបស់លោក ឈរ​ឡើង​រឹង​កំព្រឹស ​ដៃទាំងពីរកាន់ថតវីដេអូកូនប្រកួតឡើងញ័រដៃ និងរន្ធត់ជាខ្លាំង។ អារម្មណ៍ជាឪពុក នៅ​ពេល​ដែល​ឃើញកូនស្រីតូចដែលយើងធ្លាប់តែថ្នម និងបីបាច់ថែរក្សា ត្រូវរងការទាត់ វាយ និង​តស៊ូ​យ៉ាង​ខ្លាំង​នៅលើសង្វៀន វាគឺជាការឈឺចាប់ និងក្តុកក្តួល​ដែល​ស្ទើរ​តែ​រក​ពាក្យ​បក​ស្រាយ​មិន​បាន​។ ទឹកភ្នែកជាឪពុកស្ទើរតែស្រក់ចុះ ដោយអាណិតកូន និងភ័យខ្លាចកូនមានគ្រោះថ្នាក់។

ប៉ុន្តែ​នៅ​ក្នុងជម្រៅចិត្ត លោកដឹងយ៉ាងច្បាស់ថា ជីវិតមនុស្សយើង​មិន​អាច​រស់​នៅក្នុ​ងជ​ម្រក​សុខ​សាន្ត​បាន​រហូតនោះទេ។ ការគាំទ្រឱ្យកូនចូលរួមក្នុងកីឡានេះ មិនមែនដើម្បីតែការយកឈ្នះចាញ់ ឬ​ដណ្តើមយកមេដាយមួយមុខនោះទេ ប៉ុន្តែគឺដើម្បីទទួលបានសុខភាព និងកាយ​សម្បទា​រឹងមាំ​ចេញ​ពីការហាត់ប្រាណ ព្រមទាំងទទួលបានជំនាញការពារខ្លួនដ៏ពិតប្រាកដមួយ សម្រាប់​ឈរ​ជើង​ដោយ​សុវត្ថិភាព និងជឿជាក់ក្នុងសង្គមនាថ្ងៃអនាគត។

លទ្ធផល មេដាយសំរឹទ្ធ ដែលកូនស្រីដណ្តើមបានមកជូនជាតិ និងគ្រួសារនាពេលនេះ មិន​ត្រឹម​តែ​ជា​សមិទ្ធ​ផលលោហធាតុប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាតំណក់ញើស ទឹកភ្នែក និងជាសាក្សីនៃ «ភាព​ក្លា​ហាន​ដ៏​អស្ចារ្យ» របស់ក្មេងស្រីវ័យ ១១ ឆ្នាំម្នាក់ ដែលហ៊ានជម្នះភាពភ័យខ្លាច និងភាព​ឈឺ​ចាប់​នៅ​លើ​ឆាក​អន្តរជាតិ។

តាមរយៈសំណេរនេះឯកឧត្តមក៏សូមលើកទឹកចិត្តដល់ក្មួយៗ និងយុវជនខ្មែរគ្រប់រូប ដោយ​សង្ឃឹម​ថា ​រឿងរ៉ាវរបស់កូនស្រី ម៉ានេតា នឹងក្លាយជាកម្លាំងចិត្តដល់ក្មេងៗ និងក្មួយៗខ្មែរទាំងអស់ ដោយ​ជ្រើស​រើស​កីឡាណាមួយដែលខ្លួនស្រឡាញ់ មិនថាតេក្វាន់ដូ បាល់ទាត់ ឬកីឡាអ្វីក៏ដោយ ចាប់​ផ្តើម​ហាត់​ដើម្បីទទួលបានសុខភាពមាំមួន និងស្មារតីក្លាហានក្នុងការប្រឈមមុខនឹងជីវិត និង​សូម​កុំ​បោះ​បង់ការសិក្សា ព្រោះការសិក្សាជាគ្រឹះដ៏សំខាន់បំផុតក្នុងការកសាងអនាគតខ្លួនឯង ជួយ​សម្រាល​បន្ទុ​កគ្រួសារ និងរួមចំណែកកសាងប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើន។

កីឡា​បង្កើត «សុខភាព និងភាពក្លាហាន» ចំណែកចំណេះដឹងបង្កើត «អនាគតដ៏ភ្លឺស្វាង»៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia