ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទអ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានចែករំលែក អត្ថបទរបស់ អ្នកស្រាវជ្រាវថៃដែលមានជំនាញខាងនយោបាយអន្តរជាតិ ជាពិសេសនៅក្នុងអាស៊ាន បានសរសេរក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»។
សម្ដេចតេជោបានថ្លែងថា ថ្ងៃនេះខ្ញុំមានចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់ លោក Suphalak Ganjanakhundee អ្នកសារព័ត៌មាន និងអ្នកស្រាវជ្រាវ ដែលមានជំនាញខាងនយោបាយអន្តរជាតិ ជាពិសេសនៅក្នុងអាស៊ាន បានសរសេរក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»។

សម្ដេចតេជោបន្តថា ខ្ញុំសូមចូលរួមចែករំលែកនូវអត្ថបទនេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងថៃ បានជ្រាបនិងយល់ដឹងបន្ថែម ដោយខ្ញុំសូមមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅលើអត្ថបទរបស់លោកនោះទេ សូមទុកឱ្យប្រជាជនទាំងពីរពិចារណាលើសំណេរដែលមានខ្លឹមសារ អត្ថបទរៀបរាប់ទាំងស្រុង៖ «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ផ្សាយលើគណនី Facebook : ประชาไท Prachatai.com:
ថ្ងៃទី១០ ខែសីហា ២០២៦
ភាពច្របូកច្របល់រវាងគោលការណ៍ «មនុស្សធម៌» និង «អធិបតេយ្យភាព» បានធ្វើឱ្យក្រសួងការបរទេសថៃរុញជម្លោះជាមួយកម្ពុជាចូលទៅកាន់វេទិកាអន្តរជាតិម្តងទៀត ដោយបានចេញថ្លែងការណ៍ឆ្លើយតបទៅកាន់លោក Tom Andrews អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
ការឆ្លើយតបនេះបានប្រើប្រាស់ខ្លឹមសារ និងព័ត៌មានដែលមិនស៊ីសង្វាក់គ្នា និងមិនសមហេតុផល រហូតបង្កជាការបារម្ភថា «អាចក្លាយជាចំណុចខ្សោយចោទជា បញ្ហាដល់ជំហរការទូត និងកិច្ចការអន្តរជាតិរបស់ថៃខ្លួនឯង» ដូចខាងក្រោម៖
ការអះអាងរបស់ថៃ៖ ចំពោះករណីដែលអ្នករាយការណ៍ពិសេសអះអាងថា មានជនភៀសខ្លួនកម្ពុជា (Internally Displaced Persons: IDPs) ចំនួន 650,000 នាក់នោះ ភាគីថៃសូមធ្វើការបកស្រាយថា ចំនួនដែលបានលើកឡើងនោះ តាមការពិតមួយផ្នែកគឺជាប្រជាជនកម្ពុជាដែលរស់នៅក្នុងតំបន់ដែលថៃ ធ្លាប់បានបើកជាមជ្ឈមណ្ឌលជ្រកកោនបណ្តោះអាសន្នកាលពីចុងទសវត្សរ៍ឆ្នាំ១៩៧០ ដែលជាការផ្តល់ជំនួយមនុស្សធម៌ពីភាគីថៃ។
ទោះជាយ៉ាងណា បន្ទាប់ពីស្ថានភាពបានធូរស្រាល ក្រុមបុគ្គលទាំងនោះមិនបានចាកចេញពីតំបន់នោះឡើយ ទោះបីជាភាគីថៃបានធ្វើការតវ៉ាទៅកាន់ភាគីកម្ពុជា ជាច្រើនលើកច្រើនសារក៏ដោយ។ ដូច្នេះពួកគេត្រូវបានចាត់ទុកថា ជាបុគ្គលដែលបានឈ្លានពានទឹកដីថៃ និងមិនរាប់បញ្ចូលក្នុងនិយមន័យនៃជនភៀសខ្លួនក្នុងស្រុក (IDPs) ឡើយ។
ចំណុចខ្សោយទី១៖ ជនភៀសខ្លួនក្នុងស្រុក (IDPs) តាមនិយមន័យរបស់អង្គការសហប្រជាជាតិ សំដៅលើ «បុគ្គលឬក្រុមមនុស្សដែលត្រូវបានបង្ខំ ឬចាំបាច់ត្រូវរត់ភៀសខ្លួនចោលផ្ទះសម្បែង ឬទីលំនៅធម្មតារបស់ខ្លួន ដើម្បីចៀសវាងពីផលប៉ះពាល់នៃជម្លោះប្រដាប់អាវុធ អំពើហិង្សារាលដាល ការរំលោភសិទ្ធិមនុស្ស ឬគ្រោះមហន្តរាយធម្មជាតិ និងគ្រោះមហន្តរាយដែលកើតចេញពីមនុស្ស ដោយបុគ្គលទាំងនោះមិនបានឆ្លងកាត់ព្រំដែននៃរដ្ឋដែលទទួលស្គាល់ជាអន្តរជាតិនោះឡើយ»។
ការដែលហេតុការណ៍ប៉ះទង្គិចគ្នាតាមបណ្ដោយព្រំដែនរវាងទាហានថៃ និងកម្ពុជា បានបណ្តាលឱ្យប្រជាជនកម្ពុជាជាច្រើន (មិនថាក្នុងចំនួនប៉ុន្មានក៏ដោយ) ត្រូវភៀសខ្លួនចូលកាន់តែជ្រៅទៅក្នុងដែនដីកម្ពុជានោះគឺត្រឹមត្រូវតាមនិយមន័យទាំងស្រុង ដោយមិនចាំបាច់ឱ្យភាគីថៃលើកយកមកធ្វើជាប្រធានបទតស៊ូមតិ ឬប្រកែកជំទាស់នោះឡើយ។
ចំណុចខ្សោយទី២៖ អាជ្ញាធរថៃមិនបានធ្វើបញ្ជីជំរឿនប្រជាជនកម្ពុជានៅក្នុងតំបន់ទាំងនោះទាល់តែសោះ ដោយមិនអាចបញ្ជាក់បានច្បាស់លាស់ថា តើនរណា ភេទអ្វី អាយុប៉ុន្មាន និងមានចំនួនប៉ុន្មានប្រាកដ ដែលបានរស់នៅក្នុងតំបន់ដែលថៃអះអាងថា ធ្លាប់ជាមជ្ឈមណ្ឌលជ្រកកោនតាំងពីសម័យសង្គ្រាមស៊ីវិល រហូតមកដល់បច្ចុប្បន្ននោះឡើយ។
ការប្រើប្រាស់ពាក្យថា «មួយផ្នែក» គ្រាន់តែជាការសន្និដ្ឋានទាញចេញពីហេតុការណ៍ប្រវត្តិសាស្ត្រ ដែលតាមការពិតគ្មានទំនាក់ទំនងចាំបាច់អ្វីជាមួយហេតុការណ៍ប៉ះទង្គិច តាមបណ្ដោយព្រំដែនដែលទើបតែកើតឡើងនាពេលថ្មីៗនេះនោះទេ។
ចំណុចខ្សោយទី៣៖ ការអះអាងថា តំបន់ទាំងនោះ (តំបន់ជោគជ័យ-ណងចាន និងព្រៃចាន់-ណងយ៉ាកែវ) ជាដែនដីរបស់ថៃ គឺជាការអះអាងតែខាងភាគីថៃតែម្នាក់ឯងប៉ុណ្ណោះ។
អង្គហេតុជាក់ស្តែងគឺទាំងភាគីថៃ និងកម្ពុជា នៅតែមានទស្សនៈមិនត្រូវគ្នាស្តីពីទីតាំងបង្គោលព្រំដែនលេខ 42, 43, 46 និង 47 ដោយកំពុងរង់ចាំការបញ្ជាក់ខាង បច្ចេកទេសពីគណៈកម្មាធិការព្រំដែនរួម (JBC) នៅឡើយ។ ដូច្នេះវាមិនអាចរាប់បញ្ចូលថាជា «ដែនដីនៃរដ្ឋដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ» បាននោះឡើយ។
ចំណុចខ្សោយទី៤៖ សហគមន៍ជោគជ័យ និងព្រៃចាន់ ឬភូមិណងចាន និងណងយ៉ាកែវ តាមការយល់ឃើញរបស់ភាគីថៃ ត្រូវបានកាត់ផ្តាច់ដោយខ្សែព្រំដែនដែលភាគី ទាំង២អះអាងថា ត្រួតស៊ីគ្នានៅឡើយ។
នៅពេលពិនិត្យមើលស្ថានភាពរស់នៅជាក់ស្តែងរបស់ប្រជាជននៅតំបន់នោះឃើញថា ប្រជាជនភាគច្រើនរស់នៅក្នុងដែនដីដែលហួសពីខ្សែព្រំដែន ដែលថៃទាមទារទៅទៀត។ ដូច្នេះការសន្និដ្ឋានជារួមថា ពួកគេរស់នៅក្នុងមជ្ឈមណ្ឌលជ្រកកោនដោយមិនព្រមចាកចេញ គឺជាការអះអាងដែលលើសពីការពិត។
ការអះអាងរបស់ថៃ៖ ថៃយល់ឃើញថា ប្រធានបទស្តីពីសិទ្ធិក្នុងការវិលត្រឡប់ទៅកាន់មាតុភូមិវិញ (right of return) មិនគួររបង្កើតឡើងដើម្បីប្រើប្រាស់ជាឧបករណ៍ ស្វែងរកផលប្រយោជន៍នយោបាយ ឬដើម្បីការផ្សព្វផ្សាយបែបឃោសនា ជារឿងសំខាន់ជាងការគិតគូរដល់គោលការណ៍មនុស្សធម៌ពិតប្រាកដនោះឡើយ។
ចំណុចខ្សោយ៖ ការតស៊ូមតិនេះស្តាប់ទៅហាក់ដូចជា មានហេតុផលខ្លាំងណាស់ ប៉ុន្តែខ្វះទម្ងន់ ព្រោះថៃខ្លួនឯងក៏បានធ្វើទង្វើបែបនោះដែរ ដោយការយករឿងអធិបតេយ្យភាព និងបូរណភាពទឹកដីមកធ្វើជាប្រធានបទ រហូតក្លាយជាការជិះជាន់លើរឿងមនុស្សធម៌ដែលថៃអះអាងថា ប្រកាន់ខ្ជាប់នោះទៅវិញ។
គោលការណ៍សំខាន់របស់អង្គការសហប្រជាជាតិគឺ «សិទ្ធិមនុស្ស/មនុស្សធម៌គ្មានព្រំដែន» នោះទេ។ សិទ្ធិក្នុងការវិលត្រឡប់ទៅកាន់មាតុភូមិ សំដៅលើទីកន្លែងដែលធ្លាប់រស់នៅ កើត ឬធំធាត់ឡើង ប៉ុន្តែមិនចាំបាច់ទាមទារឱ្យមានកម្មសិទ្ធិ ឬជាពលរដ្ឋនៃរដ្ឋនោះជានិច្ចនោះទេ។
មនុស្សជាច្រើននៅលើពិភពលោកនេះ កើតមកដោយមិនដឹងខ្លួនឯងថា ជាពលរដ្ឋនៃរដ្ឋណាមួយឡើយ (ជនអនាថាក្រៅស្រុក/stateless) ប៉ុន្តែពួកគេនៅតែមានសិទ្ធិរស់នៅលើពិភពលោកនេះ ឬវិលត្រឡប់ទៅកាន់ទីកន្លែងដែលពួកគេធ្លាប់ស្គាល់។ រដ្ឋដែលអះអាងថាគោរពគោលការណ៍មនុស្សធម៌ត្រូវតែគោរព និងអនុញ្ញាតឱ្យពួកគេរស់នៅទីនោះ។
លើសពីនេះ តាមការពិត រដ្ឋថៃក៏ធ្លាប់អាស្រ័យលើគោលការណ៍មនុស្សធម៌ អនុញ្ញាតឱ្យពួកគេរស់នៅបានអស់ជាច្រើនទសវត្សរ៍មកហើយ។ ដូច្នេះ គ្មានហេតុផលអ្វីដែលត្រូវបណ្ដេញពួកគេចេញនៅពេលនេះឡើយ។
រឿងដែលសំខាន់បំផុតគឺជារឿងដែលត្រូវបែងចែកឱ្យបានច្បាស់លាស់ថា «អធិបតេយ្យភាពគឺជាប្រធានបទរវាងរដ្ឋនិងរដ្ឋ»។ការដែលប្រទេសថៃអនុញ្ញាតឱ្យបុគ្គលណាម្នាក់ រស់នៅលើដែនដីដែលបានឈ្មោះថានៅក្រោមអធិបតេយ្យភាពថៃ ក៏មិនបានបង្កឱ្យបាត់បង់អធិបតេយ្យភាព ឬបូរណភាពដែនដីទៅឱ្យរដ្ឋផ្សេងទៀតឡើយ។
ករណីនេះក៏ដូចគ្នាប្រទេសថៃឱ្យប្រជាជនកម្ពុជាមួយចំនួនរស់នៅលើដែនដីដែលជឿថា ស្ថិតនៅក្រោមអធិបតេយ្យភាពថៃអស់រយៈពេលជាយូរ ក៏មិនបានធ្វើឱ្យកម្ពុជាក្នុងនាមជារដ្ឋមួយ អាចមកទាមទារអធិបតេយ្យភាពលើដែនដីនោះបានដែរ ហើយក៏មិនអាចប្រើប្រាស់គោលការណ៍នៃការកាន់កាប់ផ្ទុយក្រោម ច្បាប់ស៊ីវិលថៃ ដើម្បីទាមទារសិទ្ធិរបស់ខ្លួនបានដែរ។
ការអះអាងរបស់ថៃ៖ ចំពោះករណីពលករកម្ពុជាដែលធ្វើដំណើរចេញពីប្រទេសថៃ ដែលអ្នករាយការណ៍ពិសេសអះអាងថាមានចំនួន 900,000 នាក់នោះ ភាគីថៃសូមធ្វើការបកស្រាយថា ពលករកម្ពុជាដែលធ្វើដំណើរត្រឡប់ទៅប្រទេសវិញបន្ទាប់ពីកើតមានជម្លោះនៅតំបន់ព្រំដែនថៃ-កម្ពុជា រួមមានទាំងអ្នកដែលមានច្បាប់ អនុញ្ញាតធ្វើការត្រឹមត្រូវ និងអ្នកដែលលួចចូលមកធ្វើការដោយខុសច្បាប់។ ហើយពលករទាំងនោះបានធ្វើដំណើរត្រឡប់ទៅកម្ពុជាដោយស្ម័គ្រចិត្ត បន្ទាប់ពីមានការអំពាវនាវពីរដ្ឋាភិបាលកម្ពុជា។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលថៃបានផ្តល់ការប្តេជ្ញាចិត្តជាបន្តបន្ទាប់ថា តែងតែយកចិត្តទុកដាក់លើសុវត្ថិភាពរបស់ពលករកម្ពុជាទាំងអស់នៅក្នុងប្រទេសថៃ ហើយមិនដែលប្រកាន់យកគោលនយោបាយបណ្តេញពលករកម្ពុជាចេញពីប្រទេសនោះឡើយ។
ចំណុចខ្សោយ៖ ប្រទេសថៃបានបិទច្រកព្រំដែនតាំងពីខែមិថុនា ឆ្នាំ២០២៥ ហើយទើបតែបានប្រកាសពីការពន្យារពេលក្នុងការបន្តលិខិត អនុញ្ញាតការងារសម្រាប់ពលករ កម្ពុជាជិត 100,000 នាក់កាលពីខែធ្នូ ឆ្នាំ២០២៥ ដែលជាហេតុធ្វើឱ្យពលករទាំងនោះមិនអាចត្រឡប់មកធ្វើការនៅក្នុង ប្រទេសថៃវិញបាន។ ទោះបីជាមិនមានគោល នយោបាយដេញពួកគេត្រឡប់ទៅវិញដូចការអះអាងក៏ដោយ ប៉ុន្តែទង្វើនេះមិនបានបង្កើតបរិយាកាសអំណោយផលដល់ការដែលពួកគេអាចធ្វើការនៅក្នុងប្រទេសថៃ បានទៀតនោះទេ។
សេចក្តីសន្និដ្ឋាន៖ ទោះបីជាការចេញថ្លែងការណ៍ឆ្លើយតបទៅកាន់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ដែលបានបំពេញភារកិច្ចតាមវិសាលភាព មុខងាររបស់ខ្លួនគឺជាសិទ្ធិរបស់រដ្ឋាភិបាលថៃដែលអាចធ្វើបានក៏ដោយ ប៉ុន្តែវាក៏មិនបានផ្តល់ប្រយោជន៍អ្វីនោះដែរ។ លើសពីនេះការជ្រើសរើសផ្តល់ព័ត៌មានមិន គ្រប់ជ្រុងជ្រោយ ឬការកាត់យករឿងរ៉ាវយកមកនិយាយត្រឹមតែមួយផ្នែក ដូចដែលក្រសួងការបរទេសថៃបានប្រព្រឹត្តនោះ មើលទៅហាក់បីដូចជាការកាត់បន្ថយភាព គួរឱ្យទុកចិត្តខាងការទូត និងកិច្ចការអន្តរជាតិរបស់ប្រទេសថៃខ្លួនឯងទៅវិញទេ។
អត្ថបទ៖ ដោយលោក Suphalak Ganjanakhundee
អ្នកសារព័ត៌មាន និងអ្នកស្រាវជ្រាវ ដែលមានជំនាញខាងនយោបាយអន្តរជាតិ ជាពិសេសនៅក្នុងអាស៊ាន
https://www.facebook.com/Prachatai/posts/1506923698148599

-
PR NEWS6 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន1 week agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
កីឡា6 days agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន5 days agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន2 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី