Connect with us

ព័ត៌មាន

រដ្ឋមន្រ្តីក្រសួងបរិស្ថានអំពាវនាវឱ្យមានការចូលរួមសហការ កៀរគរធនធាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានដូចជាផ្ទះ និងប្រទេសជាតិ ដើម្បីការពារធនធានធម្មជាតិ និងធានាការអភិវឌ្ឍប្រកបដោយចីរភាព

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងជំរុញ និងអំពាវនាវឱ្យមានការចូលរួមសាមគ្គីគ្នាធ្វើការរួម កៀរគរធនធាន ដើម្បីជួយលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ ដែលកិច្ចសហប្រតិបត្តិការជាមួយគ្នា ត្រូវធ្វើឡើងទាំងកម្រិតជាតិ និងអន្តរជាតិ ដោយចាត់ទុកសហគមន៍មូលដ្ឋានដូចជាផ្ទះ និងប្រទេសជាតិ ដែលរួមចំណែកដល់ការការពារនិងអភិរក្សធនធានធម្មជាតិ កាន់តែប្រសើរ និងធានាការអភិវឌ្ឍប្រកបដោយចីរភាព។ ការថ្លែងបែបនេះ របស់ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុ ងពិធីបើកវេទិកាពិភាក្សាស្តីពី «ហិរញ្ញប្បទានសម្រាប់ប្រព័ន្ធអេកូឡូស៊ី និងកសិកម្មអំណោយផលដល់ធម្មជាតិ» ដែលបានរៀបចំឡើង នៅថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍បន្ថែមថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពសំខាន់ៗ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលផ្តោតលើយុទ្ធសាស្ត្រស្នូលធំៗគឺ «ភាពស្អាត ភាពបៃតង និងចីរភាព» ដោយបាននិងកំពុងអនុវត្តយ៉ាងមានប្រសិទ្ធភាព ដោយក្នុងនោះ ភាពស្អាតសំដៅលើគុណភាពទឹក ដី ខ្យល់ ដែលផ្តោតដំបូងលើការងារសម្អាត និងគ្រប់គ្រងសំរាម សំណល់រឹង សំណល់រាវ និងត្រួតពិនិត្យគុណភាពជាប្រចាំ។ ភាពបៃតង សំដៅទៅលើការគ្រប់គ្រងថែរក្សាធនធានធម្មជាតិ និងការជំរុញអភិវឌ្ឍបៃតង និងចីរភាព សំដៅលើយុទ្ធសាស្ត្រ ធ្វើយ៉ាងណាឱ្យវិស័យពាក់ព័ន្ធ និងថ្នាក់ក្រោមជាតិទាំងអស់បានយល់ដឹង និងចូលរួមផុលផុសសំដៅឱ្យមានចីរភាពនៃការអភិវឌ្ឍ។

ឯកឧត្តម បានថ្លែងចាត់ទុកថាវេទិកានាពេលនេះ មានសារៈសំខាន់ ដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ មានការចូលរួមជំរុញ ប្រភពហិរញ្ញប្បទាន និងការលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម អំណោយផលដល់ធម្មជាតិ ក៏ដូចជាធ្វើការពង្រឹងជីវភាពរស់នៅ របស់សហគមន៍មូលដ្ឋាន និងការអភិរក្សប្រព័ន្ធអេកូឡូស៊ីតំបន់កាន់តែប្រសើរ។

សូមបញ្ចាក់ថា ក្រសួងបរិស្ថាន បានសហការជាមួយ អង្គការ WWF-កម្ពុជា រៀបចំសិក្ខាសាលារយៈពេលពីរថ្ងៃ ចាប់បីថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ស្តីពី «ហិរញ្ញប្បទានសម្រាប់ប្រព័ន្ធអេកូឡូស៊ី និងកសិកម្មអំណោយផលដល់ធម្មជាតិ» ដើម្បីគាំទ្រដល់អ្នកអនុវត្ត អ្នករៀបចំគោលនយោបាយ និងស្ថាប័នហិរញ្ញវត្ថុ ក្នុងការកៀរគរ និងសម្របសម្រួលប្រភពហិរញ្ញប្បទាន សម្រាប់គាំទ្រដល់កសិកម្មអំណោយផលដល់ធម្មជាតិ និងប្រព័ន្ធស្បៀងអាហារនៅកម្រិតតំបន់ទេសភាព។ តាមរយៈវគ្គអនុវត្តជាក់ស្តែង អ្នកចូលរួមនឹងស្វែងយល់ពីការប្រើប្រាស់វេទិកានេះ ពង្រឹងកិច្ចសហការរវាងភាគីពាក់ព័ន្ធ និងកំណត់ឱកាសជាក់ស្តែងក្នុងការកៀរគរហិរញ្ញប្បទាន ដើម្បីគាំទ្រការអភិរក្ស ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន នៅក្នុងតំបន់ទេសភាពព្រៃភាគខាងកើត។

លោក Janes Imanuel Ginting នាយកអង្គការ WWF-កម្ពុជា មានប្រសាសន៍ថា វេទិកានាពេលនេះ គឺជាជំហានដ៏សំខាន់ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសពីក្រសួងបរិស្ថាន ឆ្ពោះទៅរកភាពស្របគ្នានៃហិរញ្ញប្បទាន គោលនយោបាយ និងភាពជាដៃគូ ដើម្បីសម្រេចបានលទ្ធផលរយៈពេលវែង សម្រាប់ការអភិរក្ស និងការអភិវឌ្ឍ។ តាមរយៈហិរញ្ញប្បទានសម្រាប់តំបន់ទេសភាព យើងអាចសហការជាមួយ រាជរដ្ឋាភិបាល គ្រឹះស្ថានហិរញ្ញវត្ថុ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍ មករួមគ្នាវិនិយោគ លើតំបន់ទេសភាព ដែលផ្តល់អត្ថប្រយោជន៍យូរអង្វែងដល់ប្រជាជន ធម្មជាតិ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia