ព័ត៌មាន
ក្រសួងការងារ និងថ្នាក់ដឹកនាំថ្មីនៃទីភ្នាក់ងារ SDC ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញ និងមូលធនមនុស្សឱ្យសម្របតាមតម្រូវការទីផ្សារការងារ
(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី សូនយ៉ា អែលម័រ ឌែតថែលបាកឃើ (Sonya Elmer DETTELBACHER) អនុប្រធានថ្មីនៃទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) នៅកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីឈ្វេងយល់ពីអាទិភាពការងារ និងទិសដៅយុទ្ធសាស្ត្ររបស់ក្រសួង ព្រមទាំងផ្លាស់ប្តូរយោបល់អំពីការវិវត្តថ្មីៗក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍ និងសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះលោកស្រី សូនយ៉ា អែលម័រ ឌែតថែលបាកឃើ ដែលទទួលបានការតែងតាំងតួនាទីថ្មី ព្រមទាំងបានកោតសរសើរចំពោះរដ្ឋាភិបាលស្វ៊ីស និង SDC សម្រាប់ភាពជាដៃគូដ៏យូរអង្វែងនិងដ៏សំខាន់ជាមួយកម្ពុជា។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃគម្រោងជាច្រើនជាមួយ SDC ដែលជួយធានានូវកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបដ៏នឹងអាទិភាពកម្ពុជា ជាពិសេសការអភិវឌ្ឍមូលធនមនុស្ស និងសង្ឃឹមថាការដឹកនាំរបស់លោកស្រីនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ ដោយធានារាល់គម្រោងកំពុងអនុវត្តរួមគ្នានឹងសម្រេចបានលទ្ធផលកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។
ជាមួយនឹងការជម្រាបជូនពីទស្សនវិស័យសំខាន់ៗរបស់កម្ពុជា ក៏ដូចជាក្រសួងការងារ ឯកឧត្តមបានគូសបញ្ជាក់ពីទំនាក់ទំនងដែលមិនអាចកាត់ផ្តាច់ពីគ្នាបានរវាងការអភិវឌ្ឍសេដ្ឋកិច្ច និងអភិវឌ្ឍធនធានមនុស្ស ព្រោះកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព គឺត្រូវការកម្លាំងពលកម្មដែលមានជំនាញ ផលិតភាព ភាពប្រកួតប្រជែង និងបរិយាបន្ន។ ឯកឧត្តមបានលើកឡើងពីតួនាទីដ៏សំខាន់នៃ TVET ក្នុងការឆ្លើយតបទៅនឹងតម្រូវការនេះ ជាពិសេសតាមរយៈការបណ្តុះបណ្តាលជំនាញឡើងវិញ និងការលើកកម្ពស់ជំនាញ សម្រាប់កម្លាំងពលកម្មដែលមានជំនាញកម្រិតទាប និងមធ្យម ខណៈដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់លើយុវជនមកពីគ្រួសារក្រីក្រ និងក្រុមងាយរងគ្រោះ សិស្សបោះបង់ការសិក្សា ឬអតីតពលករ។
កម្ពុជាក៏កំពុងលើកកម្ពស់គុណភាព TVET និងពង្រឹងភាពជាដៃគូជាមួយវិស័យឯកជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដូចជា ការសិក្សាផ្អែកលើការងារ និងការហាត់ការងារជាដើម។ កម្ពុជាប្តេជ្ញាលើកកម្ពស់ការធ្វើទេសន្តរប្រវេសន៍ដែលមានជំនាញប្រកបដោយសុវត្ថិភាព និងស្របច្បាប់ ពង្រឹងការការពារសិទ្ធិ និងផលប្រយោជន៍ពួកគាត់ ព្រមទាំងការធ្វើសមាហរណកម្មប្រកបដោយផលិតភាពសម្រាប់អតីតពលករទេសន្តរប្រវេសន៍។ ឯកឧត្តមក៏បានជម្រាបជូនពីអនុវត្ត គន្លងអប់រំថ្មី ដែលផ្តល់ឱកាសអប់រំប្រកបដោយភាពបត់បែនសមស្របតាមលទ្ធភាព តម្រូវការ និងគោលដៅអាជីពរបស់សិស្ស និងបានគូសបញ្ជាក់ថា កម្ពុជានៅតែបើកចំហចំពោះវិធីសាស្ត្រប្រកបដោយនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការថ្មីៗ ដើម្បីជួយឱ្យកម្លាំងពលកម្មអាចសម្របខ្លួនបានទៅនឹងកាលានុវត្តភាព និងបញ្ហាប្រឈមដែលកើតចេញពីការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច។
ជាការឆ្លើយតប លោកស្រី សូនយ៉ា អែលម័រ ឌែតថែលបាកឃើ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តីក្នុងកិច្ចពិភាក្សាប្រកបផលិតភាព និងបានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង និងល្អប្រសើរជាមួយក្រសួង ក៏ដូចជាចក្ខុវិស័យដ៏វែងឆ្ងាយនិងច្បាស់លាស់របស់កម្ពុជា។ លោកស្រីបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជំរុញការអភិវឌ្ឍ ជាពិសេសក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា ភាពជាដៃគូកម្ពុជា-ស្វ៊ីស នឹងបន្តពង្រឹង និងពង្រីកកាន់តែស៊ីជម្រៅដោយឈរលើស្មារតីនៃការជឿទុកចិត្ត ការគោរពគ្នា និងការប្តេជ្ញាចិត្តរួមគ្នាចំពោះការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នដែលនឹងផ្តល់ផលប្រយោជន៍យូរអង្វែងដល់ប្រជាពលរដ្ឋ បងប្អូនកម្មករនិយោជិត និងសម្រេចបាននូវអាទិភាពអភិវឌ្ឍន៍ជាតិ៕








-
PR NEWS3 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន6 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន6 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន3 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
កីឡា1 week agoកម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក Koji ចាត់ទុកជាប្រកួតដ៏សំខាន់
-
ព័ត៌មាន1 week agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា